ជាតិ
​​​ន​យោ​បាយ​ជាតិ​
របបយោធាមីយ៉ាន់ម៉ា មិនឲ្យលោក ប្រាក់ សុខុន ជួបអ្នកស្រី អ៊ុងសាន ស៊ូជី ក្រោមហេតុផលថា អ្នកស្រីស្ថិតក្នុងនីតិវិធីតុលាការ
05, Jul 2022 , 11:09 am        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាបេសកកជនពិសេសរបស់ប្រធានអាស៊ាន ជាមួយលោក វុនណា មួងល្វីន រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ រូបពីក្រសួងការបរទេសកម្ពុជា
ជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាបេសកកជនពិសេសរបស់ប្រធានអាស៊ាន ជាមួយលោក វុនណា មួងល្វីន រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ រូបពីក្រសួងការបរទេសកម្ពុជា
ក្នុងដំណើរបេសកកម្មលើកទី២ទៅកាន់មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន នៅតែត្រូវបានបដិសេធមិនឲ្យជួបអ្នកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ក្នុងពន្ធនាគារ។ ក្នុងជំនួបផ្ទាល់មុខ លោក វុនណា មួងល្វីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេសរបបយោធាមីយ៉ាន់ម៉ា លើកហេតុផលថា អ្នកស្រី អ៊ុងសាន ស៊ូជី មិនអាចជួបលោក ប្រាក់ សុខុន ដោយសារករណីអ្នកស្រី កំពុងស្ថិតក្រោមនីតិវិធីតុលាការនៅឡើយ។


ការបដិសេធមិនឲ្យលោក ប្រាក់ សុខុន ក្នុងឋានៈជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ជួបអ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានសរសេរក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចជាលើកទី២របស់លោកនៅមីយ៉ានម៉ា។ សេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា បេសកជនពិសេសរបស់ប្រធានអាស៊ាន ក៏ត្រូវបានបដិសេធមិនឲ្យជួបអ្នកស្រី ស៊ូស៊ូ ល្វីន ភរិយារបស់លោក ធិន ច (Htin Kyaw) អតីតប្រធាធិបតីមីយ៉ាន់ម៉ាផងដែរ ក្រោមហេតុផលថា ដោយសារស្ថានភាពសុខភាពរបស់អ្នកស្រី។ អ្នកស្រី ស៊ូស៊ូ ល្វីន និងស្វាមី ជាមនុស្សជិតស្និទ្ធរបស់អ្នកស្រី អ៊ុងសាន ស៊ូជី។
 
កាលពីខែមីនា ឆ្នាំ២០២២ ក្នុងនាមជាបេសកជនពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកទី១ ដោយពេលនោះ លោក ក៏បានស្នើសុំជួបអ្នកស្រី អ៊ុងសាន ស៊ូជី ដែរ តែត្រូវបានបដិសេធ។ ក្នុងដំណើរទស្សនកិច្ចលើកទី២របស់លោកនាពេលនេះ ថ្វីបើលោក ពុំបានជួបអ្នកស្រី អ៊ុងសាន ស៊ូជី តែលោក ត្រូវបានអនុញ្ញាតឲ្យជួបភាគីពាក់ព័ន្ធនានា។ ដំណើរទស្សនកិច្ចលើកទី២នេះ ប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២។ 
 
សូមរម្លឹកបន្តិចថា អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឋានៈផ្លូវការជាទីប្រឹក្សារដ្ឋ តែជាក់ស្តែង ជាអ្នកដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ត្រូវបានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី ចេញពីអំណាច កាលពីដើមឆ្នាំ២០២១។ ឈានចូលឆ្នាំ២០២២ ក៏ដល់វេនកម្ពុជា ដែលត្រូវធ្វើជាប្រធានអាស៊ាន ហើយការជួយរកដំណោះស្រាយលើវិបត្តិមីយ៉ាន់ម៉ា ជាបន្ទុកដ៏ធំមួយរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន៕ 
 

Tag:
 ប្រាក់ សុខុន
  អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com