ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន សម្រេចឱ្យម្ចាស់រថយន្តចង្កូតស្ដាំ ទៅបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូត
06, Jul 2022 , 9:13 am        
រូបភាព
ម្ចាស់រថយន្តចង្កូតស្ដាំនាំគ្នាតវ៉ា នៅរង្វង់កួរស្រូវ ខណ្ឌដង្កោ កាលពីថ្ងៃទី៥ កក្កដា ដោយស្នើសុំអន្តរាគមន៍ពីសម្ដេច ហ៊ុន សែន ឱ្យពួកគេអាចបង់ពន្ធ ប៉ុន្តែមិនចាំបាច់ប្ដូរចង្កូតរថយន្ត។
ម្ចាស់រថយន្តចង្កូតស្ដាំនាំគ្នាតវ៉ា នៅរង្វង់កួរស្រូវ ខណ្ឌដង្កោ កាលពីថ្ងៃទី៥ កក្កដា ដោយស្នើសុំអន្តរាគមន៍ពីសម្ដេច ហ៊ុន សែន ឱ្យពួកគេអាចបង់ពន្ធ ប៉ុន្តែមិនចាំបាច់ប្ដូរចង្កូតរថយន្ត។
ពីពិធីសំណេះសំណាលប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម សម្ដេច ហ៊ុន សែន សម្រេចឱ្យម្ចាស់រថយន្តចង្កូតស្ដាំ ទៅបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូតឡើយ។ សម្ដេច សម្រេចបែបនេះ ទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់រថយន្តចង្កូតស្ដាំ ។



«បងប្អូនសុំចូលមកបង់ពន្ធ តែមិនបាច់ដូរចង្កូតទេ» ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ការសម្រេចឱ្យអ្នកប្រើប្រាស់រថយន្តចង្កូតស្ដាំ ទៅបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូតនេះ ដើម្បីសម្រួលដល់ការលំបាកពួកគេ។ ប៉ុន្តែសម្ដេច បានបញ្ជាក់ថា បើពលរដ្ឋណា មានលទ្ធភាពចង់ប្ដូរចង្កូតស្ដាំទៅឆ្វេងវិញ ក៏វាជារឿងត្រឹមត្រូវដែរ។
 
ជុំវិញបញ្ហានេះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្ដេចអនុញ្ញាតឱ្យធ្វើបែបនេះ សម្រាប់តែរថយន្តចង្កូតស្ដាំដែលកំពុងបម្រើការនៅក្នុងស្រុក នាបច្ចុប្បន្ន គិតត្រឹមថ្ងៃទី៦ កក្កដា ២០២២នេះប៉ុណ្ណោះ ។ ត្រង់ន័យនេះ ប្រមុខរដ្ឋាភិបាល បានចេញបញ្ជាដាត់ណាត់ថា ហាមនាំចូលរថយន្តចង្កូតស្តាំមកកម្ពុជាទៀត ។ ចំណែករថយន្តចង្កូតស្ដាំដែលនាំចូលមកកម្ពុជា ក្រោយសម្ដេច ប្រកាសនេះ នឹងត្រូវចាប់តែម្ដង។ 
 
«អត់ឱ្យ(រថយន្តចង្កូតស្តាំ) ចូលមកទេ ប៉ុន្តែបើចូលមកហើយ ចាប់យកតែម្ដង ឱ្យបង់ពន្ធក៏មិនឱ្យបង់ពន្ធ កែចង្កូតក៏មិនឱ្យកែចង្កូត គឺចាប់យកតែម្ដង» ។ នេះបើតាមប្រមុខរដ្ឋាភិបាល។

រថយន្តចង្កូតស្តាំ កក់ពន្ធអាករ ជាង៦ពាន់គ្រឿង និង៤ពាន់គ្រឿង បានកែចង្កូតហើយ ខណៈជាង២ពាន់គ្រឿងទៀត មិនទាន់បានកែចង្កូតនោះទេ។ នេះបើតាមសម្ដេច ហ៊ុន សែន៕
 

Tag:
 ហ៊ុន សែន
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com