ជាតិ
៥-៦កក្កដា ២០២២ ជាខួប២៥ឆ្នាំនៃការប៉ះទង្គិចប្រដាប់អាវុធនៅភ្នំពេញ
06, Jul 2022 , 7:59 pm        
រូបភាព
ទិដ្ឋភាពក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៧ គឺក្រោយ១ថ្ងៃ នៃព្រឹត្តិការណ៍៥-៦កក្កដា ឆ្នាំ១៩៩៧ (រូបពី VOA)
ទិដ្ឋភាពក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៧ គឺក្រោយ១ថ្ងៃ នៃព្រឹត្តិការណ៍៥-៦កក្កដា ឆ្នាំ១៩៩៧ (រូបពី VOA)
រយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧ មានការបំផ្ទុះអាវុធដ៏គួរឲ្យរន្ធត់នៅរាជធានីផ្នំពេញ។ ការប៉ះទង្គិចប្រដាប់អាវុធនេះ ត្រូវគេមើលឃើញថា កើតឡើងរវាងកងកម្លាំងខាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្រ្តីទី១ និងកងកម្លាំងខាងសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២ នាពេលនោះ។



របាយការណ៍​១របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ដែលផ្សព្វផ្សាយកន្លងមក បានឲ្យដឹងថា មាន​យុទ្ធជន​ប្រមាណ​២០០​នាក់ បាន​ស្លាប់ រួមទាំង​មន្ត្រី​យ៉ាងតិច​៦០​នាក់​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏ត្រូវ​បានសម្លាប់​ដែរ​ ​ក្នុង​ព្រឹត្តិការណ៍៥-៦កក្កដានេះ។
 
លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅឯក្រៅប្រទេស បានបង្ហោះសារលើគណនីហ្វេសប៊ុក ដោយហៅព្រឹត្តិការណ៍៥-៦កក្កដា ថាជាការធ្វើរដ្ឋប្រហារទម្លាក់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បកស្រាយផ្ទុយស្រឡះពីលោក អ៊ុំ សំអាន។

អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ សរសេរក្នុងបណ្តាញតេឡេក្រាម ដែលប្រមូលផ្តុំដោយក្រុមអ្នកកាសែតដូច្នេះថា៖«ព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា ១៩៩៧ គឺជាការបង្ក្រាបកម្លាំងអនាធិបតេយ្យ ដែលនាំកម្លាំងខ្មែរក្រហមក្រៅច្បាប់ចូលរាជធានីភ្នំពេញ»។
 
គួរដឹងថា ទោះ​របប​ខ្មែរក្រហម ត្រូវបានផ្តួលរំលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ក្តី តែ​​កម្ពុជា មិនទាន់មាន​សន្តិភាព​ពេញលេញនោះទេ។ ពេល​ខ្មែរក្រហម​ដួលរលំ​ភ្លាមៗ រដ្ឋាភិបាល​កម្ពុជា នៅមាន​ការប្រយុទ្ធ​គ្នា​ជាមួយ​ទ័ព​ខ្មែរក្រហម​នៅឡើយ ដោយ​កាលនោះ ពួក​គេ បន្ត​លាក់ខ្លួន នៅ​តាមតំបន់​ផ្សេងៗ ដូចជា នៅ​អន្លង់វែង​ជាដើម​។ 
 
តម​កទៀត ថ្វីបើមេដឹកនាំ​ខ្មែរក្រហម មាន នួន ជា និង ខៀវ សំផន ជាដើម បាន​ផ្តាច់ខ្លួន​ចេញ​ពី​ទ័ព​ខ្មែរក្រហម ​មក​ចុះចូល​ជា​មួយរដ្ឋាភិបាល​ ហើយរដ្ឋាភិបាល បានយកជ័យជម្នះទាំងស្រុងលើទ័ពខ្មែរក្រហម ដែលបន្តលាក់ខ្លួនទាំងនោះក្តី ក៏កម្ពុជា មិនទាន់អស់ការបំផ្ទុះអាវុធដែរ។ ក្នុងរបបខ្មែរក្រហម នួន ជា ប្រធានសភា ហើយខៀវ សំផន ជាប្រមុខរដ្ឋ ដោយមាន ប៉ុល ពត ជានាយករដ្ឋមន្រ្តី។

សូម្បីតែមាន​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស នៅថ្ងៃ២៣តុលា ឆ្នាំ១៩៩១ ហើយក៏​ដោយ ក៏​កម្ពុជា នៅតែមានការបំផ្ទុះអាវុធ។ តែការបំផ្ទុះទាំងនោះ មិនមែនជាមួយទ័ពខ្មែរក្រហមដូចលើកមុនទេ គឺជាការបំផ្ទុះអាវុធ ដាក់ក្រុមបាតុករ និងការបំផ្ទុះអាវុធក្នុងជួរកងកម្លាំងរដ្ឋាភិបាលខ្លួនឯង​។  
 
តួយ៉ាង នៅ​ថ្ងៃ៣០មីនា ឆ្នាំ​១៩៩៧ មានការ​បំផ្ទុះ​គ្រាប់បែក នៅមុខ​រដ្ឋសភា​ចាស់ (​បច្ចុប្បន្ន​ជា​តុលាការ​កំពូល​) ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៦​នាក់ និង​របួស​ជាង​១០០​នាក់ ខណៈ​ជនរងគ្រោះ​ទាំងនោះ ប្រមូលផ្តុំ​គ្នា​ទាមទារ​ឲ្យ​ធ្វើកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី​។ ​បន្ទាប់ពីព្រឹត្តិការណ៍៣០មីនា ឆ្នាំ១៩៩៧ ក៏មានព្រឹត្តិការណ៍​៥-​ថ្ងៃ​៦កក្កដា ឆ្នាំ​១៩៩៧នេះឯង។ 
 
សម្រាប់​ព្រឹត្តិការណ៍​ថ្ងៃ​៣០មីនា ឆ្នាំ​១៩៩៧ និង ព្រឹត្តិការណ៍​ថ្ងៃ​៥-​ថ្ងៃ​៦កក្កដា ឆ្នាំ​១៩៩៧ មជ្ឈដ្ឋានខ្លះ ជាពិសេសភាគីប្រឆាំង តែងតែ​ទាម​ទាម​ឲ្យ​រដ្ឋាភិបាល រក​យុត្តិធម៌​ជូន​អ្នកស្លាប់ ​និង​អ្នករបួស រួមទាំង​ស្វែងរក​ជនល្មើស​មក​ផ្តន្ទាទោស​។ មកដល់ពេលនេះ គេ មិនទាន់​ឃើញ​ជនណាម្នាក់ ត្រូវបាន​នាំទៅ​កាត់ទោស ដោយសារ​បំផ្ទុះ​អាវុធ​ក្នុង​ព្រឹត្តិការណ៍​ទាំង២នេះ​ទេ​។ 
 
​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន កំណត់ថា កម្ពុជា មាន​សន្តិភាព​ពេញ​លេញ និង​មានឯកភាព​ជាតិ​ទាំងស្រុង ចាប់ពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨​មក ក្រោម​នយោបាយ​ឈ្ន​ឈ្នះ​របស់​សម្តេច ហ៊ុន សែន​ ដែលកំពុងកាន់តំណែងជានាយករដ្ឋមន្រ្តី និងតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា៕ 
 
 

Tag:
 ព្រឹត្តិការណ៍៥-៦កក្កដា
© រក្សាសិទ្ធិដោយ thmeythmey.com