អន្តរជាតិ
លោកMarcos Jr៖ ជម្លោះសមុទ្រចិនខាងត្បូង មិនអាចកម្រិតកិច្ចសហប្រតិបត្តិការចិន-ហ្វីលីពីនឡើយ
07, Jul 2022 , 10:01 am        
រូបភាព
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន (ខាងស្តាំ) ជជែកជាមួយរដ្ឋមន្រ្តីការបរទេសចិ_ន លោក វ៉ាង យី នៅក្នុងក្រុងម៉ានីល នៅថ្ងៃទី៦ ខែកក្កដា។ រូបភាព៖ Xinhua
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន (ខាងស្តាំ) ជជែកជាមួយរដ្ឋមន្រ្តីការបរទេសចិ_ន លោក វ៉ាង យី នៅក្នុងក្រុងម៉ានីល នៅថ្ងៃទី៦ ខែកក្កដា។ រូបភាព៖ Xinhua
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr នៅថ្ងៃទី៦ ខែកក្កដា​ បានប្រាប់ប្រមុខការទូតចិនយ៉ាងច្បាស់ថា ជម្លោះនៅសមុទ្រចិនខាងត្បូង គួរតែមិនអាចកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងចិន និងហ្វីលីពីន បាននោះទេ។ បើតាមមេដឹកនាំរូបនេះ រដ្ឋាភិបាលក្រុងម៉ានីល បានត្រៀមខ្លួនជាស្រេចក្នុងការផ្តោះប្តូរដោយឥតលាក់លៀមជាមួយក្រុងប៉េកាំង ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព។


 
 
កន្លងមក ហ្វីលីពីន និងចិន បានប៉ះសម្តីគ្នាជុំវិញតំបន់ជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងទូកនេសាទចិនដែលចូលក្នុងដែនទឹកហ្វីលីពីនជាច្រើនលើក។ ក្រុងម៉ានីល តែងដាក់ការតវ៉ាជាច្រើនទៅក្រុងប៉េកាំង។ ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីហ្វីលីពីនថ្មី លោក Ferdinand Marcos Jr បានលើកឡើងថា ក្នុងករណីមួយចំនួន ការយល់ឃើញផ្សេងពីគ្នា មិនគួរធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏សំខាន់រវាងក្រុងប៉េកាំង និងក្រុងម៉ានីលឡើយ។ 
 
«បញ្ហាសមុទ្រចិនខាងត្បូង គួរតែមិនអាចកម្រិតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបាននោះទេ»។ លោក Marcos Jr បានប្រាប់ទៅរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បែបនេះនៅក្នុងជំនួប នាក្រុងម៉ានីល ក្នុងថ្ងៃទី៦ ខែកក្កដា ដោយបន្ថែមថា ហ្វីលីពីន បានត្រៀមខ្លួនជាស្រេច ក្នុងការផ្តោះប្តូរជាមួយចិនដោយឥតលាក់លៀម ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ 
 
ដោយចាត់ទុកចិនជាដៃគូដ៏សំខាន់បំផុត មេដឹកនាំហ្វីលីពីនបានបន្តថា ក្រុងម៉ានីល នឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រុងប៉េកាំងលើវិស័យដូចជា នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, អប់រំ, វប្បធម៌ និងភាពជាដៃគូយុទ្ធសាស្រ្តជាដើម។ បន្ថែមពីនេះ លោក Marcos Jr បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់ហ្វីលីពីន ប្រកបដោយឯករាជ្យភាព និងសន្តិភាព រួមទាំងការគោរពលើគោលការណ៍ «ចិនតែមួយ» ផង។ 
 
ក្នុងជំនួបដដែលនោះ ប្រមុខការទូតចិន លោក វ៉ាង យី បានប្រាប់ប្រមុខរដ្ឋហ្វីលីពីនវិញថា ភាគីទាំងពីរ មិនគួរធ្វើឱ្យជម្លោះណាមួយ ប៉ះពាល់ទំនាក់ទំនងទ្វេភាគីឡើយ ហើយភាពខុសគ្នារវាងប្រទេសណាមួយ ក៏មិនត្រូវមកបង្អាក់កិច្ចសហប្រតិបត្តិការទ្វេភាគីដែរ។ មិនតែប៉ុណ្ណោះ មន្រ្តីជាន់ខ្ពស់ចិន បានប្តេជ្ញាគាំទ្ររដ្ឋបាលថ្មីរបស់ហ្វីលីពីន និងមានឆន្ទៈសហការជាមួយប្រទេសអាស៊ីអាគេ្នយ៍មួយនេះ លើវិស័យចំនួន ៤ដូចជា កសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, ថាមពល និងមនុស្សធម៌។ 
 
ក្នុងថ្ងៃដដែលនោះ លោកវ៉ាង ក៏បានជួបជាមួយ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte Carpio ផងដែរ។ ក្នុងជំនួបនោះ លោកស្រី Duterte Carpio ដែលជារដ្ឋមន្រ្តីអប់រំផង បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com