ជាតិ
​​​ន​យោ​បាយ​ជាតិ​
បណ្តាទូតមួយចំនួន បបួលគ្នាទៅសួរសុខទុក្ខលោក កឹម សុខា ក្រោយលោក រងការព្រមានពីតុលាការ
07, Jul 2022 , 10:33 am        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក ហូហ្គោ វ៉ារិន តំណាងលោក ហ្សាក ប៉េឡេ ឯកអគ្គរដ្ឋទូតបារាំង, អ្នកស្រី កាមែន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប, លោក ចូស កាដេល ភារធារីនៃស្ថានទូតអាល្លឺម៉ង់, លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ, លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា ថតរួមគ្នានៅមុខផ្ទះរបស់លោក កឹម សុខា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
ពីឆ្វេងដៃទៅ៖ លោក ហូហ្គោ វ៉ារិន តំណាងលោក ហ្សាក ប៉េឡេ ឯកអគ្គរដ្ឋទូតបារាំង, អ្នកស្រី កាមែន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប, លោក ចូស កាដេល ភារធារីនៃស្ថានទូតអាល្លឺម៉ង់, លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ, លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា ថតរួមគ្នានៅមុខផ្ទះរបស់លោក កឹម សុខា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងទូតមួយចំនួនប្រចាំកម្ពុជា បានរួមដំណើរជាមួយគ្នាទៅជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ភ្ញៀវបរទេសទាំងនោះ មានវត្តមានក្នុងផ្ទះរបស់លោក បន្ទាប់ពីលោក ទើបនឹងត្រូវតុលាការភ្នំពេញ ព្រមានកុំឲ្យធ្វើអ្វីផ្តេសផ្តាសរហូតហួសដែនកំណត់។



លោក កឹម សុខា បានផ្តល់ព័ត៌មានជាសាធារណៈតាមរយៈទំព័រហ្វេសប៊ុក អំពីជំនួបរវាងលោក ជាមួយបណ្តាភ្ញៀវបរទេសពីស្ថានទូតទាំងនោះ។ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ាសាហ៊ីរ៉ូ មិកាមិ (Masahiro Mikami) ឯកអគ្គរាជទូតជប៉ុន បានទៅជួបលោក។ លោក សរសេរថា ក្នុងជំនួបនេះ លោក បានអរគុណរដ្ឋាភិបាលជប៉ុន ដែលតែងជួយកម្ពុជា។ 
 
បន្ទាប់មក១ថ្ងៃ គឺនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវពីស្ថានទូត៣ បានទៅផ្ទះរបស់លោកជាមួយគ្នាតែម្តង រួមមាន អ្នកស្រី កាមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ហូហ្គោ វ៉ារិន (Hugo Wavrin) តំណាងលោក ហ្សាក ប៉េឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំង និង លោក ចូស កាដេល (Jost Kadel) ភារធារីនៃស្ថានទូតអាល្លឺម៉ង់។
 
លោក សរសេរថា លោក មានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសណាស់ ដែលតំណាងប្រទេសមហាអំណាចអឺរ៉ុប អញ្ជើញរួមគ្នាទៅសួរសុខទុក្ខលោកដល់ផ្ទះ។ ក្នុងសំណេររបស់លោក លោក បានអរគុណចំពោះប្រទេសជាមិត្តរបស់កម្ពុជា ដែលនៅតែបន្តចង់ជួយដល់ប្រជាពលរដ្ឋខ្មែរ។ 
 
ស្ថាទូតសហភាពអឺរ៉ុប បង្ហោះសារខ្លីលើទំព័រហ្វេសប៊ុកថា អ្នកស្រី កាមែន ម៉ូរ៉េណូ លោក ហូហ្គោ វ៉ារិន និងលោក ចូស កាដេល បានទៅជួបលោក កឹម សុខា ដើម្បីសាកសួរអំពីស្ថានភាពផ្លូវច្បាប់ និងដំណើរការសវនាការរបស់លោក។ 

លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា បានចែករំលែកសាររបស់ស្ថានទូតសហភាពអឺរ៉ុប ដោយភ្ជាប់ជាមួយនឹងសំណេរបស់លោកពីលើថា៖«សហភាពអឺរ៉ុប បន្តបង្ហាញការចាប់អារម្មណ៍ខ្ពស់អំពីរឿងក្តីរបស់ឯកឧត្តម កឹម សុខា»។ 
 
ក្នុងសវនាការលើកទី៤៦ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ តំណាងអយ្យការ បានដាក់សំណើដ៏ភ្ញាក់ផ្អើលទៅកាន់ក្រុមប្រឹក្សាជំនុំជម្រះ គឺស្នើឲ្យចាប់លោក កឹម សុខា ដាក់ពន្ធនាគារវិញ។ តំណាងអយ្យការ សំអាងហេតុផលថា លោក បានបំពាននឹងបម្រាមរបស់លោក។ បំពានបម្រាមរបស់តុលាការ នៅត្រង់ថា លោក ជួបអ្នកគាំទ្រតាមបណ្តាខេត្តមួយចំនួន ហើយថែមទាំងបានថ្លែងសារក្នុងជំនួបនោះទៀតផង ដែលត្រូវតំណាងអយ្យការ បកស្រាយថា ជាសកម្មភាពនយោបាយ។ សិទ្ធិនយោបាយរបស់លោក ត្រូវបានបិទ ដោយមិនទាន់ផុតកាលកំណត់នៅឡើយ ដូច្នេះ លោក មិនទាន់អាចធ្វើសកម្មភាពនយោបាយនោះទេ។ 
 
លោក កឹម សុខា រួមទាំងក្រុមមេធាវីរបស់លោក ប្រកែកថា ការជួបជុំអ្នកគាំទ្រកន្លងមក មិនមែនជាសកម្មភាពនយោបាយនោះទេ តែគ្រាន់តែជាការជួបជុំគ្នា ដែលកើតឡើងពីការនឹករឭក ហើយសកម្មភាពខ្លះទៀត ជាការធ្វើបុណ្យ និងជាកិច្ចការសង្គមប៉ុណ្ណោះ។ ទីបំផុត ក្រុមប្រឹក្សាជំនុំជម្រះ សម្រេចមិនឃុំលោក តាមសំណើរបស់តំណាងអយ្យការឡើយ តែបានព្រមានលោក កុំឲ្យធ្វើសកម្មភាពណា ដែលឈានចូលសកម្មភាពនយោបាយតទៅទៀត។ 
 
សវនាការរបស់មេដឹកនាំប្រឆាំងរូបនេះ កន្លងផុតទៅអស់៤៧លើកហើយ ហើយលើកទី៤៨ នឹងត្រូវបន្តនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ លោក ត្រូវបានចោទប្រកាន់ កាលពីខែកញ្ញា ឆ្នាំ២០១៧ ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬបទគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕  
 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com