ជាតិ
​​​ន​យោ​បាយ​ជាតិ​
មហាផ្ទៃ ដាស់តឿនភ្លើងទៀន «ត្រូវអនុវត្តឲ្យត្រឹមត្រូវតាមលក្ខន្តិកៈ»
07, Jul 2022 , 3:02 pm        
រូបភាព
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន (ឆ្វេដៃ) និងលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន (កាន់មេក្រូ) ស្ថិតក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទាន
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន (ឆ្វេដៃ) និងលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន (កាន់មេក្រូ) ស្ថិតក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទាន
ជាថ្មីម្តងទៀត សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកគណបក្សភ្លើងទៀន ឲ្យអនុវត្តឲ្យបានត្រឹមត្រូវទៅតាមលក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ ដូចលើកមុនដែរ ការក្រើនរម្លឹករបស់សម្តេចលើកនេះ ធ្វើឡើងតាមរយៈលិខិត១ច្បាប់ ដែលផ្ញើជូនទៅលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន។

 
ផ្អែកតាមលិខិតរបស់សម្តេច ស ខេង ដែលចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ គណបក្សភ្លើងទៀន អនុវត្តមិនទាន់បានត្រឹមត្រូវតាមប្រកាសចំនួន៤ ក្នុងលក្ខន្តិកៈខ្លួនឯង គឺប្រការ២០ ប្រការ៣១ ប្រការ៣៣ និងប្រការ៥៣។ សម្តេច សង្កត់ធ្ងន់ក្នុងលិខិតថា គណបក្សភ្លើងទៀន ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមប្រការទាំង៤នេះ ព្រមទាំងត្រូវបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌ ដែលកំណត់ដោយច្បាប់ស្តីពីគណបក្សនយោបាយ។ លើសពីនេះ រដ្ឋមន្រ្តីមហាផ្ទៃ ថែមទាំងប្រាប់គណបក្សភ្លើងទៀន ឲ្យជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីទីស្នាក់ការកណ្តាលរបស់ខ្លួន ទៅក្រសួងមហាផ្ទៃជាកំណត់។ 
 
ប្រការទាំង៤ក្នុងលក្ខន្តិកៈរបស់គណបក្សភ្លើងទៀន ចែងដូច្នេះថា៖

ប្រការ២០៖ សមាជ បោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការនាយកគណបក្ស ដោយមតិភាគច្រើនដាច់ខាត (៥០% +១) នៃសមាជិកដែលមានវត្តមាន។ 
 
ប្រការ៣១៖ គណៈកម្មាធិការអចិន្ត្រៃយ៍ រៀបចំគម្រោងធំៗ ដាក់ជូនគណៈកម្មាធិការនាយកពិនិត្យ មុននឹងដាក់ជូនសមាជអនុម័ត។ សមាសភាពនៃគណៈកម្មាធិការអចិន្រ្តៃយ៍ រួមមាន ប្រធានគណបក្ស អនុប្រធានគណបក្ស អគ្គលេខាធិការគណបក្ស អគ្គហេរញ្ញិកគណបក្ស និងសមាជិកមួយចំនួនទៀត ដែលត្រូវបានជ្រើសរើសដោយគណៈកម្មាធិការនាយក។ 
 
ប្រការ៣៣៖ ប្រធានគណបក្ស តែងតាំងអនុប្រធានយ៉ាងតិច១រូប ក្នុងចំណោមសមាជិកគណៈកម្មាធិការនាយក បន្ទាប់ពីមានការយល់ព្រមពីមតិភាគច្រើនដាច់ខាតនៃគណៈកម្មាធិការនាយក។
 
ប្រការ៥៣៖ ក្នុងអន្តរកាល គណៈកម្មាធិការនាយក សម្រេចដោយមតិភាគច្រើនដាច់ខាត ក្នុងការលើកពេលធ្វើសមាជគណបក្ស។ គណៈកម្មាធិការនាយក សម្រេចដោយសំឡេងភាគច្រើនដាច់ខាត ក្នុងការដកតួនាទី ឬការជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការនាយក។ 
 
កាលពីអំឡុងឧសភា ឆ្នាំ២០២២ សម្តេច ស ខេង បានផ្ញើលិខិតជូនលោក ទាវ វណ្ណុល ម្តងរួចមកហើយ ដោយណែនាំឲ្យគណបក្សភ្លើងទៀន អនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់ខ្លួន។ តែពេលនោះ រដ្ឋមន្រ្តីមហាផ្ទៃ ណែនាំឲ្យគណបក្សភ្លើងទៀន អនុវត្តឲ្យបានត្រឹមត្រូវតាមប្រការចំនួន២ប៉ុណ្ណោះនៃលក្ខិន្តិកៈ គឺប្រការ២០ និងប្រការ៣២។ 
 
ការអនុវត្តខុសនឹងប្រការទាំង២នេះ គឺពាក់ព័ន្ធនឹងតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន។ កាលនោះ ក្រសួងមហាផ្ទៃ តម្រូវឲ្យគណបក្សភ្លើងទៀន ពិនិត្យឡើងវិញ ចំពោះការតែងតាំងលោក សុន ឆ័យ ជាអនុប្រធាន។ 
 
លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះថា ករណីតែងតាំងលោក សុន ឆ័យ ជាអនុប្រធាន គណបក្សភ្លើងទៀន បានដោះស្រាយតាមនីតិវិធីក្នុងគណបក្ស តាមការចង់បានរបស់ក្រសួងមហាផ្ទៃរួចហើយ។  អ្នកនាំពាក្យគណបក្សភ្លើងទៀនរូបនេះ មានប្រសាសន៍បែបងឿងឆ្ងល់ដូច្នេះថា៖«របាយការណ៍ [អំពីការតែងតាំងលោក សុន ឆ័យ ជាអនុប្រធាន] ផ្ញើទៅក្រសួងមហាផ្ទៃហើយ មិនដឹងខុសអីទៀត?»។ 
 
យ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា ដែលជាអនុប្រធានគណប្សភ្លើងទៀនដែរនោះ មិនទាន់អាចបកស្រាយលម្អិតឡើយថា គណបក្សនេះ អនុវត្តខុសអ្វីខ្លះក្នុងលក្ខន្តិកៈ ជាពិសេស ត្រង់ប្រការ៣១ និង ប្រការ៥២ ដែលក្រសួងមហាផ្ទៃលើកឡើងនេះ។ លោក ប្រាប់ថា លោក ត្រូវយកបញ្ហានេះឲ្យអ្នកច្បាប់ក្នុងគណបក្សជួយពិនិត្យមើលសិន ទើបអាចធ្វើអត្ថាធិប្បាយពិស្តារតាមក្រោយបាន។
 
គួររម្លឹកថា គណបក្សភ្លើងទៀន ដែលប្តូរឈ្មោះមកពីគណបក្ស សម រង្ស៊ី បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះដែរ ដោយលទ្ធផល ទទួលបានអាសនៈជាង២ពាន់ ដែលជាចំនួនច្រើនលំដាប់ទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជាង៩,៣ពាន់អាសនៈ។ 
 
ក្រោយការបោះឆ្នោតឃុំ-សង្កាត់ចប់ គណបក្សភ្លើងទៀន បានទិតៀនខ្លាំងៗចំពោះដំណើរការបោះឆ្នោតនេះ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី លោក សុន ឆ័យ និយាយថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ត្រូវបានគ្រប់គ្រងទាំងស្រុងដោយគណបក្សតែមួយ ដែលលោកចង់សំដៅលើគណបក្សកាន់ណាច ហើយការរាប់សន្លឹកឆ្នោត មានការលួចបន្លំ។ 
 
ដោយសារសម្តីនេះ លោក ត្រូវគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្តឹងទៅតុលាការភ្នំពេញ។ គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប ទាមទារដូចគ្នាឲ្យតុលាការ ដាក់ទោសលោកតាមច្បាប់។ អ្វីដែលខុសគ្នា គឺគណបក្សប្រជាជនកម្ពុជា ទាមទារឲ្យលោក បង់ប្រាក់ជិត១លានដុល្លារ ជាការសងជំងឺចិត្ត ឯគ.ជ.ប គ្រាន់តែទាមទារឲ្យលោក សុំទោស។ តុលាការ កោះហៅលោក ចូលបំភ្លឺនៅថ្ងៃទី១២ ខែកក្កដា តាមបណ្តឹងរបស់គ.ជ.ប និងនៅថ្ងៃទី១៥ ខែកក្កដា តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា៕ 
 

Tag:
 គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com