ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា មានគម្រោងបញ្ជូនបុគ្គលិកសុខាភិបាល ទៅជួយចាក់វ៉ាក់សាំងកូវីដ-១៩ នៅមីយ៉ាន់ម៉ា
07, Jul 2022 , 5:59 pm        
រូបភាព
រូបរង្វង់មូល គឺលោក ប្រាក់ សុខុណ ថ្លែងក្នុងសន្និសីទកាសែត នៅទីស្តីការក្រសួងការបរទរទេសកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ជុំវិញដំណើរទស្សនកិច្ចលើកទី២របស់លោក ទៅកាន់មីយ៉ានម៉ា (រូបពីក្រសួងការបរទេសកម្ពុជា)។ រូបទាំងមូល គឺជាទិដ្ឋភាពបុគ្គលិកសុខាភិបាល បំពេញការងារនាពេលកន្លងមក។
រូបរង្វង់មូល គឺលោក ប្រាក់ សុខុណ ថ្លែងក្នុងសន្និសីទកាសែត នៅទីស្តីការក្រសួងការបរទរទេសកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ជុំវិញដំណើរទស្សនកិច្ចលើកទី២របស់លោក ទៅកាន់មីយ៉ានម៉ា (រូបពីក្រសួងការបរទេសកម្ពុជា)។ រូបទាំងមូល គឺជាទិដ្ឋភាពបុគ្គលិកសុខាភិបាល បំពេញការងារនាពេលកន្លងមក។
រដ្ឋាភិបាលកម្ពុជា មានគម្រោងបញ្ជូនបុគ្គលិកសុខាភិបាល ទៅជួយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនមីយ៉ាន់ម៉ា។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានប្រកាសព័ត៌មាននេះ ទៅកាន់បណ្តាមន្រ្តីទូតបរទេសប្រចាំកម្ពុជា និងអ្នកកាសែត នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចលើកទី២របស់លោកទៅកាន់មីយ៉ាន់ម៉ា។



លោក ប្រាក់ សុខុន លើកឡើងថា គម្រោងនៃការផ្តល់បុគ្គលិកសុខាភិបាលជូនមីយ៉ាន់ម៉ា គឺជាកាយវិការសប្បុរសរបស់សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន។ លោក បន្តថា ក្នុងដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាជាលើកទី២របស់លោកក្នុងឋានៈជាបេសកជនពិសេសរបស់ប្រធានអាស៊ាន លោក បានពិភាក្សាជាមួយភាគីមីយ៉ាន់ម៉ា អំពីបំណងរបស់កម្ពុជា ដែលចង់ផ្តល់បុគ្គលិកសុខាភិបាល។ 
 
លោក បន្ថែមថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានបង្ហាញស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះកម្ពុជា ដែលមានបំណងចង់ផ្តល់បុគ្គលិកសុខាភិបាលជូនមីយ៉ាន់ម៉ា។ ប្រមុខការទូតកម្ពុជា មានប្រសាសន៍ដូច្នេះថា៖«គាត់អរណាស់ និយាយឲ្យត្រង់ទៅគាត់អរ។ គាត់ថា បើបានទៅកាន់តែឆាប់ កាន់តែល្អ»។ 
 
ថ្វីដ្បិតមិនទាន់អាចជម្រាបឲ្យជាក់លាក់ថា កម្ពុជា នឹងបញ្ជូនបុគ្គលិកសុខាភិបាលទៅមីយ៉ាន់ម៉ានៅពេលណា តែលោក ប្រាក់ សុខុន រំពឹងថា នឹងអាចធ្វើកិច្ចការនេះបានក្នុងពេលឆាប់ៗនេះ។ លោក ថ្លែងទៀតថា កម្ពុជា និងមីយ៉ាន់ម៉ា ត្រូវការពិភាក្សាគ្នាលម្អិតអំពីរឿងនេះ ដូចជា ការធ្វើដំណើរបស់បុគ្គលិកសុខាភិបាលកម្ពុជា ទៅកាន់មីយ៉ាន់ម៉ា កន្លែងស្នាក់នៅរបស់ពួកគេ និងកន្លែងដែលពួកគេ ត្រូវទៅចាក់វ៉ាសាំងជូនប្រជាជនមីយ៉ាន់ម៉ា ជាដើម។ 
    
សម្រាប់កម្ពុជា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏ប្រៀបដូចជាជំនួយមនុស្សធម៌ដែរ ដែលជាតម្រូវការចាំបាច់របស់ប្រជាជនមីយ៉ាន់ម៉ា។ នេះជាប្រសាសន៍របស់លោក ប្រាក់ សុខុន ដដែល។ 

គួរផ្តោតអារម្មណ៍ថា គោលបំណងចម្បងរបស់កម្ពុជាក្នុងការជួយមីយ៉ាន់ម៉ា គឺការបញ្ចប់ហិង្សា ការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន និងការទាញមីយ៉ាន់ម៉ាឲ្យវិលមករកប្រក្រតីភាពឡើងវិញ។ ការជួយរកដំណោះស្រាយឲ្យមីយ៉ាន់ម៉ា គឺជាបន្ទុកដ៏ធំ១សម្រាប់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២។ 
 
ក្នុងឋានៈជាបេសកជនពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ចលើកទី២នៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចលើកទី២នេះ លោក មិនមែនជួបតែជាមួយថ្នាក់ដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ាឡើយ ដោយលោក ក៏បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៧ផងដែរ។ លោក បានធ្វើទស្សនកិច្ចលើកទី១នៅមីយ៉ាន់ម៉ា ក្នុងអំឡុងខែមីនា ឆ្នាំ២០២២៕ 
 
 

Tag:
 ប្រាក់ សុខុន
  កម្ពុជា
  មីយ៉ាន់ម៉ា
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com