ជាតិ
៦ខែ កម្ពុជា រកចំណូលពីពន្ធគយបាន ១ ២៩៣លានដុល្លារ
08, Jul 2022 , 8:59 am        
រូបភាព
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។ រូបថត ពីអគ្គនាយកដ្ឋានគយ។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។ រូបថត ពីអគ្គនាយកដ្ឋានគយ។
ដោយ ៖ ធន់ សេងហុង 
 
ភ្នំពេញ៖ ​រយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធ បានចំនួន ​៥ ២៤៩ ពាន់លានរៀល ឬស្មើនឹងប្រមាណ ១ ២៩៣លានដុល្លារ។ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ នៅថ្ងៃទី៧ ខែកក្កដានេះ។

 
 
បើតាមលោក គុណ ញឹម ចំណូលពន្ធគយក្នុងឆមាសទី១ នេះ ស្មើនឹង ៥០,១ភាគរយ លើស​ផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២២ បន្តិចប៉ុណ្ណោះ។ លោក គុណ ញឹម ​បាន​ដូច្នេះថា ៖«រយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អនុវត្តផែនការចំណូលបានគ្រប់ផែនការ មានន័យថាអនុវត្តបានលើស៥០ភាគបន្តិច ក្នុងរង្វង់៥០,១ភាគរយ នៃតួលេខដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកា ឆ្នាំ២០២២»។
​ក្នុងសន្និសីទសារព័ត៌មានដដែលនេះ លោក គុណ ញឹម បានឱ្យដឹងដែរថា ក្នុងរយៈពេលជិត១០ខែ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធអាករបានជាង ៧៦លានដុល្លារ ពីម្ចាស់រថយន្តគ្មានពន្ធនាំចូលទាំងរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ  ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ រហូតដល់ជាង៩ពាន់គ្រឿង។ ​​
 
សូមជម្រាបដែរថា កាលពីឆ្នាំ២០២១  អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ជិត ២ ៣០០ លានដុល្លារ។ ​ចំណូលនេះ គឺធា្លក់ចុះចំនួន ៥,១ភាគរយ បើធៀបនឹងឆ្នាំ២០២០៕
 
 

Tag:
 ពន្ធគយ គុណ ញឹម
© រក្សាសិទ្ធិដោយ thmeythmey.com