ជាតិ
កម្ពុជា-ឡាវ នឹងចុះហត្ថលេខាលើសេចក្តីព្រាងផែនការសកម្មភាពដៃគូគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣
08, Jul 2022 , 11:09 am        
រូបភាព
(ស្ដាំ) លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ​​ ធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ។រូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
(ស្ដាំ) លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ​​ ធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ។រូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ភ្នំពេញ៖ កម្ពុជា-ឡាវ នឹងចុះហត្ថលេខាលើ«សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ឆ្នាំ ២០២៣-២០២៧»។ នេះបើតាមខ្លឹមសារលទ្ធផលនៃកិច្ចប្រជុំលើកទី ១៤  នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC)។



បើតាមខ្លឹមសារនៃកិច្ចប្រជុំរវាងភាគីទាំងពីរ លើកិច្ចសហប្រតិបត្តិការនយោបាយនោះ គឺបានបញ្ចប់សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងយូរអង្វែងហើយ។ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការ បានបញ្ជាក់ថា សេចក្តីព្រាងនេះ នឹងត្រូវចុះហត្ថលេខា នាឱកាសដែលសម្ដេច ហ៊ុន សែន ធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឡាវ នាដើមឆ្នាំ២០២៣ ខាងមុខនេះ។
 
លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនទាន់អាចបញ្ជាក់ពីខ្លឹមសារនៃសេចក្តីព្រាងនេះបានឡើយ។ «ក្រោយចុះហត្ថលេខា ទើបមានខ្លឹមសារជូន»។ នេះបើតាមចម្លើយយ៉ាងខ្លីរបស់លោក សុន្ទរី ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្ដាញតេឡេក្រាម។
 
កម្ពុជា និងឡាវ បានដំឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង កាលពីឆ្នាំ ២០១៩។ តាមរយៈ​ការប្រកាស​ធ្វើជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នេះ ភាគី​ទាំងពីរ បាន​ប្ដេជ្ញា​រួមគ្នា​អភិវឌ្ឍន៍​ទំនាក់ទំនង​មិត្តភាព ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ ជាពិសេស​គោលការណ៍​ដែល​មានចែង​នៅក្នុង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន​។
 
ឡាវ​គឺជា​ប្រទេស​ទី​២​ហើយ បន្ទាប់ពី​ចិន ដែល​ធ្វើជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​កម្ពុជា​។ គួររម្លឹកថា កាលពី​ខែធ្នូ ឆ្នាំ​២០១០ កម្ពុជា និង​ចិន បានសម្រេច​ដំឡើង​ទំនាក់ទំនង​ការទូត​ឲ្យ​ដល់​កម្រិត «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ដែលជា​កម្រិត​ខ្ពស់បំផុត​នៃ​ទំនាក់ទំនង​ការទូត​ទ្វេភាគី​។ ការសម្រេច​នេះ ធ្វើឡើង​អំឡុង​ជំនួប​វាង​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ចិន វេន ជា​ប៉ាវ (Wen Jiabao) ។
 
​ជាការ​ពិត​ដែល​មិនអាច​ប្រកែក​បាន​នោះ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សុទ្ធតែ​ផ្ដល់​ប្រយោជន៍​ដល់​ភាគី​ទាំងសងខាង​។  ជារួម​ភាគី​ទាំងពីរ នឹង​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​វិស័យ​ជាច្រើន ស្ទើរតែ​ទាំងអស់​ទាំង​សេដ្ឋកិច្ច​, នយោបាយ​, សន្តិសុខ​,​ការទូត​,​ហិរញ្ញវត្ថុ​, ពាណិជ្ជកម្ម​, វប្បធម៌​និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ផងដែរ​។ ​ទំនាក់ទំនង​បង្កើតឡើងនេះ សំដៅ​សម្រេច​ឲ្យ​បាន​គោលដៅ​ដែល​បានដាក់​ចេញ ក៏ដូចជា​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ និង​ការជួយ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​ផ្សេង​។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំលើកទី ១៤  នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ កាលពីថ្ងៃទី៧ កក្កដា ២០២២ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិ និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេសដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ដែលគួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន ដូចជា-ជំងឺរាតត្បាតកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត និងការរួមគ្នាលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព   និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុង និងក្រៅសហគមន៍អាស៊ាន៕
 

Tag:
 កម្ពុជា
  ឡាវ
  ដៃគូគ្រប់ជ្រុងជ្រោយ
© រក្សាសិទ្ធិដោយ thmeythmey.com