ជាតិ
សម្តេច ហ៊ុន សែន៖ លោក អាបេ ស៊ីនហ្សូ ជារដ្ឋបុរស​ជប៉ុន​ដ៏លេចធ្លោ
08, Jul 2022 , 5:49 pm        
រូបភាព
ដោយ: រួបរួម
 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃនេះ បានផ្ញើ​លិខិត​រំលែក​ទុក្ខ​ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រី ជប៉ុន លោក អាបេ ស៊ិនហ្សូ ដោយសារការធ្វើ​ឃាតទាំងកណ្តាល​ថ្ងៃ។ សម្តេច​បាន​បង្ហាញពីអារម្មណ៍រន្ធត់ និង​សោកសៅ ក្រោយ​ទទួលបាន​ព័ត៌មានអំពីមរណភាពនេះ។



សម្តេច ហ៊ុន សែន បាន​សរសេរទៅកាន់សមភាគីជប៉ុន លោក គីស៊ីដា ហ្វីមីអូ ថា៖ «ឯកឧត្តម អាបេ ស៊ិនហ្សូ ជារដ្ឋបុរសជប៉ុន​លេចធ្លោ​មួយ​រូប ដែលត្រូវបាន​គេទទួល​ស្គាល់ និង​លើកសរសើរយ៉ាងទូលំទូលាយក្នុងការជំរុញវិឌ្ឍនភាព​របស់ជប៉ុន និងការចូលរួម​ចំណែក​យ៉ាង​សកម្ម​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុងតំបន់ និងពិភពលោកទាំងមូល»។

ប្រមុខ​រដ្ឋាភិបាល​ខ្មែរបាន​លើកឡើងថា លោក​ អាបេ ជាមិត្តល្អយូរលង់​របស់សម្តេច និង​កម្ពុជា ដោយ​បាន​ធ្វើការយ៉ាង​ជិតស្និទ្ធ ក្នុងការលើកកម្ពស់​ទំនាក់ទំនងទ្វេភាគី​រវាងកម្ពុជា និង​ជប៉ុន នាពេល​លោកកាន់តំណែងជានាយករដ្ឋមន្ត្រី ជាពិសេស​ការលើកកម្រិត​កិច្ច​សហប្រតិបត្តិការ​ទ្វេរភាគី​ឲ្យទៅជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ​២០១៣។

«ឯកឧត្តម អាបេ ស៊ិនហ្សូ នឹងនៅតែ​ទទួលបាន​ការនឹក​រលឹក​យ៉ាងខ្លាំង ហើយ​ស្នាដៃ​របស់គាត់ ក៏នឹង​ត្រូវបាន​ចងចាំជា​រៀងដរាប»។ នេះជាសំណេរ​របស់​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនចំពោះលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វីមីអូ។








© រក្សាសិទ្ធិដោយ thmeythmey.com