អន្តរជាតិ
កូរ៉េខាងត្បូង ជប៉ុន និងអាម៉េរិក ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាកូរ៉េខាងជើង
09, Jul 2022 , 10:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (ខាងស្តាំ) ជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីនខិន (ខាងឆ្វេង) និងសមភាគីជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី។ រូបភាពយកពី Twitter របស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (ខាងស្តាំ) ជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីនខិន (ខាងឆ្វេង) និងសមភាគីជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី។ រូបភាពយកពី Twitter របស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក
ប្រមុខការទូតកូរ៉េខាងត្បូង ជប៉ុន និងអាម៉េរិក នៅថ្ងៃទី៨ ខែកក្កដា បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងសកម្មភាពបង្កអរិភាពរបស់កូរ៉េខាងជើង តាមរយៈការបាញ់មីស៊ីល និងលទ្ធភាពការសាកល្បងនុយក្លេអ៊ែរជាថ្មី។ កន្លងមក កូរ៉េខាងជើង ធ្លាប់ចោទអាម៉េរិកថា ចង់បង្កើតសម្ព័ន្ធយោធាស្រដៀងណាតូ ក្នុងតំបន់អាស៊ី។

 
នៅក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) នាកោះបាលី ឥណ្ឌូណេស៊ី រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន បានចូលរួមជំនួបត្រីភាគីជាលើកដំបូង ជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីនខិន និងសមភាគីជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី ដើម្បីជជែកពីសកម្មភាពបង្ករឿងពីសំណាក់កូរ៉េខាងជើង តាមរយៈការបាញ់មីស៊ីល និងលទ្ធភាពសាកល្បងនុយក្លេអ៊ែរលើកទី ៧។ 
 
«ពួកគេ បានឯកភាពលើកិច្ចខិតខំចំពោះការបង្រួបបង្រួម, ការឆ្លើយតបពីសហគមន៍អន្តរជាតិប្រឆាំងនឹងសកម្មភាពបែបអរិភាពរបស់កូរ៉េខាងជើង, សម្របសម្រួលយ៉ាងជិតស្និទ្ធ និងបើកច្រកចរចាដើម្បីឱ្យកូរ៉េខាងជើងត្រលប់មកពិភាក្សាឡើងវិញ»។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៨ ខែកក្កដា។ 
 
ចំណែកក្រសួងការបរទេសអាម៉េរិកវិញ បានបញ្ជាក់ថា រដ្ឋមន្រ្តីនៃប្រទេសទាំង៣ បានពិភាក្សាពីចំណាត់ការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី។ មិនតែប៉ុណ្ណោះ ប្រមុខការទូតទាំងបីរូប បានរិះគន់កូរ៉េខាងជើងជាថ្មី ជុំវិញការបាញ់មីស៊ីលជាច្រើនលើកនៅក្នុងឆ្នាំ ២០២២។ 
 
បន្ថែមពីនេះ មន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងបី បានបញ្ជាក់ពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីធានាវិបុលភាព សន្តិសុខ និងសន្តិភាព ក្នុងតំបន់ផង។ នេះជាជំនួបរដ្ឋមន្រ្តីការបរទេសជប៉ុន កូរ៉េខាងត្បូង អាម៉េរិកលើកដំបូង បន្ទាប់ពីមេដឹកនាំប្រទេសទាំងបី ជួបគ្នានៅអេស្ប៉ាញ ក្នុងកិច្ចប្រជុំរបស់អង្គការណាតូ។ 
 
គួររំឮកថា កន្លងមក កូរ៉េខាងជើង បានចោទអាម៉េរិក និងសម្ព័ន្ធមិត្តថា ព្យាយាមបង្កើតសម្ព័ន្ធយោធា ស្រដៀងណាតូ នៅក្នុងតំបន់អាស៊ី ដើម្បីទប់ឥទ្ធិពលចិន និងរុស្ស៊ី។ បើតាមក្រុងព្យុងយ៉ាង ការខិតខំរបស់អាម៉េរិកបែបនោះ ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព និងវិបុលភាព ក្នុងតំបន់៕ 
 

Tag:
 កូរ៉េខាងត្បូង ជប៉ុន អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com