ជាតិ
សេដ្ឋកិច្ច
កម្ពុជា រៀនសូត្រពីស៊ុយអែតនិងអូស្ត្រាលី ក្នុងការតាក់តែងច្បាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
10, Jul 2022 , 1:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាពកាលពីថ្ងៃទី៨ កក្កដា។ រូបភាព ពីហ្វេសប៊ុកសម្តេច ហ៊ុន សែន។
សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាពកាលពីថ្ងៃទី៨ កក្កដា។ រូបភាព ពីហ្វេសប៊ុកសម្តេច ហ៊ុន សែន។
ដោយ ៖ ធន់ សេងហុង 
 
ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានគណៈរដ្ឋមន្ត្រី លើកយកមកពិភាក្សា កាលពីថ្ងៃទី៨ កក្កដា។ សេចក្តីព្រាងច្បាប់នេះ មានគោលដៅពង្រឹងក្របខណ្ឌច្បាប់ និងលើកកម្ពស់សមត្ថភាពស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលរួមមាន ការកំណត់ប្រភេទចំណូល ដំណើរការនៃការប្រមូល និងការធ្វើទំនើបកម្មការគ្រប់គ្រងចំណូលពន្ធ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាដើម។ ជុំវិញការតាក់តែងច្បាប់នេះ កម្ពុជាក៏បានរៀនសូត្រពីបទពិសោធន៍ នៃការអនុវត្ត នៅក្នុងប្រទេសស៊ុយអែត និងអូស្រ្តាលីផងដែរ។

 
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនេះ មានគោលបំណងគ្រប់គ្រង និងប្រមូលចំណូលមិនមែនសារពើពន្ធ សម្រាប់ជាចំណូលជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដែលកំណត់ដោយយន្តការច្បាប់ សំដៅរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងយុទ្ធសាស្រ្តកៀរគរចំណូល ឆ្នាំ២០១៩-២០២៣។
 
ចំណូលមិនមែនសារពើពន្ធ គឺជាចំណូលបានមកពីការចាត់ចែង ការធ្វើអាជីវកម្ម និងការលក់ទ្រព្យសម្បត្តិរដ្ឋ ផលបានមកពីសម្បទាន កម្រៃបានមកពីសេវាសាធារណៈ ផលពីការពិន័យ និងការដាក់ទណ្ឌកម្ម ការឧបត្ថម្ភអំណោយ ផលហិរញ្ញវត្ថុ ផលផ្សេងៗ និងចំណូលមិនមែនសាពើពន្ធដទៃទៀត ។
 
 នៅឆ្នាំ២០១៩ កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធបានប្រមាណ ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដែលស្មើនឹង ១២៣,១ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ ខណៈឆ្នាំ២០២០ ចំណូលមិនមែនសារពើពន្ធសម្រេចបានប្រមាណ ២ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ទាបជាងច្បាប់ហិរញ្ញវត្ថុ ២៥,៥ភាគរយ។  លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់នៅគណនីហ្វេសប៊ុករបស់ខ្លួន ហើយបន្តសរសេរទៀតថា នៅឆ្នាំ២០២១ ចំណូលមិនមែនសារពើពន្ធសម្រេចបាន ប្រមាណ ១,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប ទាបជាងច្បាប់ហិរញ្ញវត្ថុ ១៩,៨៩ភាគរយ ដោយសារមុខចំណូលសំខាន់ៗតាមវិស័យ បានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ចំណូលទាំងនោះ មានដូចជា ចំណូលពីផលទុនទេសចរណ៍ ទិដ្ឋាការ អាកាសចរណ៍ស៊ីវិល កាស៊ីណូ និងចំណូលពីការផ្ដល់លិខិតឆ្លងដែន ដែលមុខចំណូលសំខាន់ៗទាំងនេះ ចូលរួមចំណែកប្រមាណ ៥០ភាគរយ នៃចំណូលមិនមែនសារពើពន្ធសរុប។ ទន្ទឹមនេះ សម្រាប់ផែនការឆ្នាំ២០២២ ត្រូវបានគ្រោងប្រមាណ ១,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប មានការថយចុះ ១០,៣២ភាគរយធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១។ 
 
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានសង្កត់ធ្ងន់ថា ៖«ចំណូលមិនមែនសារពើពន្ធ ជាប្រភេទចំណូលតាមវិស័យ ដែលមានភាពស្មុគស្មាញក្នុងការគ្រប់គ្រង និងការប្រមូលមិនទាន់អស់សក្ដានុពល ដោយសារពុំទាន់មានក្របខណ្ឌច្បាប់ជាគោល សម្រាប់ធានា ឱ្យការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធ ប្រកបដោយប្រសិទ្ធភាពខ្ពស់ »។
 
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបង្កើតឧបករណ៍មួយចំនួនបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើពន្ធ ឱ្យអស់សក្ដានុពល ពាក់ព័ន្ធនឹងក្របខណ្ឌនយោបាយ ច្បាប់ និងឌីជីថលរួមមាន ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ប្រព័ន្ធទូទាត់អេឡិចត្រូនិកបង់ចំណូលមិនមែនសារពើពន្ធ (e-payment) ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងសេចក្ដីព្រាងឯកសារគោល (Blueprint) ស្ដីពីការកែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ 
 
សូមគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនេះ ក៏មានការដកស្រង់បទពិសោធន៍ និងធាតុចូលនៃការអនុវត្តកន្លងមក របស់ប្រទេសអភិវឌ្ឍន៍មួយចំនួនដូចជា ប្រទេសស៊ុយអែត និងប្រទេសអូស្ត្រាលី។ នេះបើតាម លោក ស៊ីផាន ។
 
សូមជម្រាបថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនេះ ត្រូវរៀបចំឡើង តាមទម្រង់ជាធរមាន ដោយចែកចេញជា១២ជំពូក មាន១០១មាត្រា និងសទ្ទានុក្រមជាឧបសម្ព័ន្ធ ហើយត្រូវបានសម្រេចឯកភាព ដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕

Tag:
 សារពើពន្ធ
  ចំណូល
  សេចក្តីព្រាងច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com