អន្តរជាតិ
លោកប្លីងខិន៖ គោលនយោបាយអាម៉េរិក គឺមិនសង្កត់ចិន និងមិនគាំទ្រឯករាជ្យតៃវ៉ាន់ឡើយ
10, Jul 2022 , 2:42 pm        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ខាងឆ្វេង) ជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព៖ Xinhua
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ខាងឆ្វេង) ជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព៖ Xinhua
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅថ្ងៃទី៩ ខែកក្កដា បានប្រាប់សមភាគីចិន លោកវ៉ាង យី ជាថ្មីថា អាម៉េរិក មិនស្វែងរកសង្រ្គាមត្រជាក់ថ្មីជាមួយចិន, មិនមានបំណងផ្លាស់ប្តូរប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលក្រុងប៉េកាំង, មិនប្រជែងនឹងបក្សកុម្មុយនីស្តចិន រួមទាំងមិនសង្កត់ចិន ហើយក៏មិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ដែរ។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរ បានចាត់ទុកជំនួបមួយនេះ ប្រកបដោយការស្ថាបនាលើទំនាក់ទំនងចិន-អាម៉េរិក និងបញ្ហាក្នុងតំបន់ រួមទាំងអន្តរជាតិ។

 
បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានជួបជាមួយសមភាគីចិន លោកវ៉ាង យី ដើម្បីពិភាក្សាលើបញ្ហាជាច្រើនដូចជា ទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម វិបត្តិអ៊ុយក្រែន និងបញ្ហាផ្សេងទៀត។ មុនជំនួបនេះ លោកវ៉ាង ក៏បានជួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីផង។ 
 
ថ្លែងប្រាប់សមភាគីចិន លោកប្លីងខិន បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គ្មានចេតនាកៀបសង្កត់ និងផ្លាស់ប្តូរប្រព័ន្ធដឹកនាំនៃរដ្ឋាភិបាលក្រុងប៉េកាំងឡើយ។ 
 
«លោកប្លីងខិន បានបង្ហាញពីគោលនយោបាយអាម៉េរិកចំពោះចិន ដោយអះអាងថា ក្រុងវ៉ាស៊ីនតោន មិនស្វែងរកសង្រ្គាមត្រជាក់ជាមួយចិន, មិនមានបំណងផ្លាស់ប្តូរប្រព័ន្ធដឹកនាំចិន, មិនប្រជែងការដឹកនាំរបស់បក្សកុម្មុយនីស្ត, មិនសង្កត់ចិន និងគាំទ្រឯករាជ្យរបស់តៃវ៉ាន់ឡើយ»។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិន ជុំវិញជំនួបទ្វេភាគី ចេញនៅថ្ងៃទី៩ ខែកក្កដា។ 
 
ចំណែកលោកវ៉ាងវិញ បានអះអាងថា ទំនាក់ទំនងចិន-អាម៉េរិក គឺស្ថិតក្នុងស្ថានភាពមិនល្អ ដែលបង្កដោយរដ្ឋបាលអាណត្តិមុន និងកំពុងប្រឆាំងនឹងបញ្ហាប្រឈមជាច្រើន។ បើតាមលោកវ៉ាង ហេតុផលចម្បង គឺការយល់ឃើញរបស់ក្រុងវ៉ាស៊ីនតោន មកលើក្រុងប៉េកាំង។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានចាត់ទុកជំនួបនៅកោះបាលីនេះ ប្រកបដោយការស្ថាបនា ផ្លែផ្កា និងស្មោះត្រង់។ 
 
បន្ថែមពីទំនាក់ទំនងទ្វេភាគី សង្រ្គាមនៅអ៊ុយក្រែន ក៏ជាប្រធានបទដ៏សំខាន់នៃជំនួបមន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរផង។ ក្នុងជំនួបនោះ លោកវ៉ាង បានបញ្ជាក់យ៉ាងច្បាស់ថា ចិននឹងរក្សាអព្យាក្រឹតភាព។ យ៉ាងណាមិញ ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជំនួបទ្វេភាគី លោក ប្លីងខិន បានប្រាប់អ្នកសារព័ត៌មានថា លោកមានការបារម្ភចំពោះការពាក់ព័ន្ធរបស់ចិន ជាមួយរុស្ស៊ី និងមិនជឿចិនរក្សាអព្យាក្រឹតភាព ក្នុងសង្រ្គាមនោះឡើយ។ 
 
ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានពន្យល់ថា កន្លងមក ក្រុងប៉េកាំង បានការពារក្រុងមូស្គូនៅអង្គការសហប្រជាជាតិ ហើយចិននៅតែបន្តធ្វើរឿងបែបនេះ។ មិនតែប៉ុណ្ណោះ នៅក្នុងខែមីនា លោកស៊ី ជិនភីង ប្រធានាធិបតីចិន និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសពីភាពជាដៃគូគ្មានដែនកំណត់ថែមទៀត បន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង៕ 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com