អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​​​​​​​​​
10, Jul 2022 , 5:29 pm        
រូបភាព
ក្នុងសប្តាហ៍ចុងក្រោយនេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗបានកើតឡើង ស្របពេលសង្រ្គាមនៅអ៊ុយក្រែន នៅតែបន្ត។ រដ្ឋមន្រ្តីនៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) បានមកជួបជុំគ្នានៅកោះបាលី ឥណ្ឌូណេស៊ី ដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានក្លាយជាប្រធានបទដ៏សំខាន់។ យ៉ាងណាមិញ កិច្ចប្រជុំនេះ បានបញ្ចប់ទៅដោយគ្មានសេចក្តីថ្លែងការណ៍រួម។ ស្របគ្នានេះ លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តី ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់នៅតំបន់ណារ៉ា។ ហេតុការណ៍ដ៏អាក្រក់មួយនេះ ត្រូវបានមេដឹកនាំប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកអាបេ។

 
ថ្ងៃទី៤ ខែកក្កដា
 
ប្រមុខការទូតវៀតណាម លោក បួយ ថាញ់សឺន បានប្រាប់សមភាគីចិន លោកវ៉ាង យី ថា ក្រុងហាណូយ តែងចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយក្រុងប៉េកាំង ជាអាទិភាពដ៏ខ្ពស់នៅក្នុងយុទ្ធសាស្រ្តការទូត។ លោក វ៉ាង វិញតបថា ប្រទេសជិតខាងទាំងពីរ គួរតែរក្សាទំនាក់ទំនងជាយុទ្ធសាស្រ្ត ពង្រឹងការសម្របសម្រួបជាយុទ្ធសាស្រ្ត និងខិតខំកសាងសហគមន៍មួយដែលមានអនាគតរួម។
 
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបញ្ជាកម្លាំងយោធារុស្ស៊ី ដែលប្រតិបត្តិការនៅអ៊ុយក្រែន បន្តបេសសកម្មក្នុងតំបន់ដុនបាសបន្ថែមទៀត ដើម្បីសម្រេចគោលដៅដែលបានដាក់ចេញនាពេលកន្លងមក។ ការប្រកាសរបស់លោកពូទីនបែបនេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ីទើបតែគ្រប់គ្រងតំបន់លូហានបានពេញទី។
 
ថ្ងៃទី៥ ខែកក្កដា 
 
សមាជិកសម្ព័ន្ធយោធាណាតូទាំង៣០ បានចូលរួមចុះហត្ថលេខាលើពិធីសារចូលជាសមាជិកសម្រាប់ហ្វាំងឡង់ និងស៊ុយអ៊ែតនៅទីស្នាក់ការកណ្ដាលក្នុងទីក្រុងព្រុចសែលទឹកដីបែលហ្ស៊ិក។ ប៉ុន្តែប្រទេសទាំងពីរនៅត្រូវការសភាប្រទេស សមាជិកនីមួយៗផ្ដល់សច្ចាប័នទៀតទើបអាចចូលជាសមាជិកបានពេញលេញ។
 
ប្រធានាធិបតីហ្វីលីពីនថ្មី Ferdinand Marcos Jr បានលើកឡើងថា លោកមិនចង់ឱ្យទំនាក់ទំនងរវាងក្រុងម៉ានីល និងក្រុងប៉េកាំងវិលវល់ត្រឹមតែជម្លោះសមុទ្រចិនខាងត្បូងនោះឡើយ។ លោកក៏ចង់ឱ្យមានយន្តការពហុភាគីដោះស្រាយវិបត្តិមួយនេះ។
 
ថ្ងៃទី៦ ខែកក្កដា
 
ប្រមុខការទូតចិន លោកវ៉ាង យី បានថ្លែងទៅកាន់សមភាគីហ្វីលីពីន លោក Enrique Manalo ថា រដ្ឋាភិបាលក្រុងប៉េកាំង បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋាភិបាលក្រុងម៉ានីល ក្រោមការដឹកនាំរបស់លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីនថ្មី។ បើតាមរដ្ឋមន្រ្តីការបរទេសចិន បើភាគីទាំងពីសហការជាមួយគ្នា ទំនាក់ទំនងចិន-ហ្វីលីពីន នឹងអាចឈានចូលយុគមាស។
 
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ បានប្រាប់សមភាគីវៀតណាម លោក បួយ ថាញ់សឺន យ៉ាងច្បាស់ថា វៀតណាម ជាដៃគូដ៏សំខាន់មួយរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ាន ដោយទំនាក់ទំនងប្រទេសទាំងពីរ ផ្អែកលើប្រវត្តិសាស្រ្ត និងការប្រយុទ្ធ ដើម្បីភាពត្រឹមត្រូវ។
 
ថ្ងៃទី៧ ខែកក្កដា
 
លោក បូរីន ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស បានប្រកាសចុះចេញពីតំណែងមេដឹកនាំបក្សអភិរក្សនិយមហើយ ដែលនេះនឹងត្រួសត្រាយផ្លូវដល់ការរើសនាយករដ្ឋមន្រ្តីអង់គ្លេសថ្មីជំនួសលោក។ បន្ទាប់ពីចុះចេញជាប្រធានបក្ស លោកចនសុន បានសន្យាមិនផ្លាស់ប្តូរគោលនយោបាយសំខាន់ៗឡើយ មុនពេលចុះចេញពីតំណែងជាប្រមុខរដ្ឋាភិបាលអង់គ្លេស។
 
ប្រមុខការទូតរុស្ស៊ី លោកស៊ែហ្គេយ៍ ឡាវរ៉ូវ ក្នុងជំនួបជាមួយសមភាគីចិន លោកវ៉ាង យី បានលើកឡើងថា ក្រុងប៉េកាំង និងក្រុងមូស្គូ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារធម្មនុញ្ញអង្គការសហប្រជាជាតិ, ច្បាប់អន្តរជាតិ, ការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ រុស្ស៊ីគាំទ្រគំនិតផ្តួចផ្តើមចិន ទាក់ទិននឹងការអភិវឌ្ឍ និងសន្តិសុខសកល។
 
ថ្ងៃទី៨ ខែកក្កដា
 
អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ិនហ្សូ បានបាត់បង់ជីវិតហើយ បន្ទាប់ពីរងរបួសធ្ងន់ធ្ងរដោយសារការបាញ់ប្រហារនៅថ្ងៃទី៨ ខែកក្កដា។ បន្ទាប់ពីហេតុការណ៍នោះ ប៉ូលិស បានចាប់ខ្លួនជនសង្ស័យមួយរូប។ ប្រភពអ្នកស៊ើបអង្កេតបានប្រាប់ទូរទស្សន៍ NHK ថា កាំភ្លើង ដែលត្រូវបានដកហូតនៅកន្លែងកើតហេតុ ទំនងជាត្រូវបានផលិតដោយដៃ។ ប៉ូលិសជប៉ុន បានអះអាងថា អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ បានបាត់បង់ជីវិត ដោយសារការបាត់បង់ឈាម ក្រោយសរសៃឈាម នៅផ្នែកខាងក្រោមឆ្អឹងដងកាំបិត ត្រូវបានបំផ្លាញ។ មេដឹកនាំបណ្តាប្រទេសជាច្រើន បានចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោកអាបេ។ 

ថ្ងៃទី៩ ខែកក្កដា
 
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានផ្ញើសាររំលែកទុក្ខទៅនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ចំពោះមរណភាពរបស់អតីតមេដឹកនាំ លោក អាបេ ស៊ិនហ្សូ។ ក្នុងសាររំលែកទុក្ខនោះ លោក ស៊ី បានលើកសរសើរពីការប្រឹងប្រែងកន្លងមក របស់លោក អាបេ ដែលតែងជួយជ្រោមជ្រែងឱ្យទំនាក់ទំនងរវាងចិន និងជប៉ុន ល្អប្រសើរឡើង ក្នុងអំឡុងពេលលោកកាន់តំណែងជានាយករដ្ឋមន្រ្តី។
 
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានប្រាប់សមភាគីចិន លោកវ៉ាង យី ជាថ្មីថា អាម៉េរិក មិនស្វែងរកសង្រ្គាមត្រជាក់ថ្មីជាមួយចិន, មិនមានបំណងផ្លាស់ប្តូរប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលក្រុងប៉េកាំង, មិនប្រជែងនឹងបក្សកុម្មុយនីស្តចិន រួមទាំងមិនសង្កត់ចិន ហើយក៏មិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ដែរ។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរ បានចាត់ទុកជំនួបមួយនេះ ប្រកបដោយការស្ថាបនាលើទំនាក់ទំនងចិន-អាម៉េរិក និងបញ្ហាក្នុងតំបន់ រួមទាំងអន្តរជាតិ៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com