ជាតិ
សង្គមជាតិ
ស្ថានទូត និងកុងស៊ុលជប៉ុននៅកម្ពុជា បើកឱ្យសាធារណជនចូលសរសេរសាររំលែកទុក្ខលោកអាបេ
10, Jul 2022 , 3:06 pm        
រូបភាព
ភ្នំពេញ៖ ស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ និងកុងស៊ុលជប៉ុននៅខេត្តសៀមរាប បើកទទួលពលរដ្ឋខ្មែរ និងបរទេស ពិសេសជនជាតិជប៉ុននៅកម្ពុជា ចូលរួមសរសេរសាររំលែកមរណទុក្ខ លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី៨ ខែកក្កដា។

 
ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅរាជធានីភ្នំពេញ និងកុងស៊ុលជប៉ុននៅខេត្តសៀមរាប នឹងរៀបចំធ្វើសៀវភៅកំណត់ត្រាសាររំលែកទុក្ខ ចំពោះមរណកាលរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលត្រូវបានធ្វើឃាតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
 
ស្ថាប័នទាំង២នេះ នឹងបើកទទួលពលរដ្ឋខ្មែរ និងបរទេស ពិសេសជនជាតិជប៉ុននៅកម្ពុជា ចូលរួមសរសេរសាររំលែកមរណទុក្ខលោក អាបេ ដាក់ក្នុងសៀវភៅកំណត់ត្រានោះ ចាប់ពីថ្ងៃទី១១ ខែកក្កដានេះ។ ចំពោះទីតាំងស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ នឹងបើកទទួលសាររំលែកទុក្ខនេះ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែកក្កដា ចាប់ពីម៉ោង១០ព្រឹកដល់ថ្ងៃត្រង់ និងពីម៉ោង២ ដល់ម៉ោង៤ល្ងាច។
 
ចំណែកឯទីតាំងកុងស៊ុលខេត្តសៀមរាប នឹងបើកទទួលសាររំលែកទុក្ខ ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកក្កដា ចាប់ពីម៉ោង១០ព្រឹកដល់ថ្ងៃត្រង់ និងពីម៉ោង២ ដល់ម៉ោង៤ល្ងាចផងដែរ។ ចំពោះអ្នកចង់សរសេរសាររំលែកមរណទុក្ខ លោក អាបេ នេះ ភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងត្រូវពាក់ម៉ាសនៅក្នុងស្ថាប័នទាំង២នេះ។ មួយវិញទៀត នៅពេលមកដល់ទីតាំង សូមបញ្ជាក់ជាមួយសន្តិសុខថា មកក្នុងគោលបំណងសរសេរសាររំលែកទុក្ខ។
 
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១០ ខែកក្កដានេះ ដើម្បីចូលរួមកាន់ទុក្ខលោក អាបេ ស៊ិនហ្សូ។ ក្រៅពីការបង្ហូតទង់ជាតិនៅត្រឹមពាក់កណ្តាលដង នៅតាមបណ្តាស្ថាប័នរដ្ឋ និងឯកជន នៅថ្ងៃនេះ គ្រឿងស្រវឹង ក៏ត្រូវបានតម្រូវឱ្យផ្អាកលក់ដូរផងដែរ ដើម្បីចូលរួមកាន់ទុក្ខការស្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ។ គួរកត់សម្គាល់ដែរថា តាំងពីការប្រកាសដំណឹងមរណភាពរបស់លោក អាបេ ត្រូវបានប្រកាសជាផ្លូវការ មានពលរដ្ឋខ្មែជាច្រើន  រាប់ទាំងអ្ននយោបាយ មន្ដ្រីរាជការ សិល្បករ បុគ្គលល្បីៗក្នុងសង្គម និងពលរដ្ឋទូទៅផង បានបង្ហោះសាររំលែកទុក្ខ ព្រោងព្រាតនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីសំដែងការសោកស្តាយ ចំពោះការបាត់បង់លោក អាបេ ស៊ិនហ្សូ ជាមួយរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ៕
 
 

Tag:
 អាបេ ស៊ិនហ្សូ
© រក្សាសិទ្ធិដោយ thmeythmey.com