អន្តរជាតិ
NHK៖ ជនសង្ស័យបោះបង់ផែនការសម្លាប់លោកអាបេនៅក្រុងOkayama មួយថ្ងៃមុនកើតហេតុ
10, Jul 2022 , 3:59 pm        
រូបភាព
លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ រូបភាព៖ AFP
លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ រូបភាព៖ AFP
ជនសង្ស័យ បានប្រាប់ក្រុមស៊ើបអង្កេតថា លោកបានទៅក្រុង Okayama ដែលលោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់ មុនថ្ងៃកើតហេតុមួយថ្ងៃ។ យ៉ាងណាមិញ ផែនការនៅក្នុងក្រុង Okayama ត្រូវបរាជ័យ ដោយសារនីតិវិធីអនុញ្ញាតឱ្យចូលរួម។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK នៅថ្ងៃទី១០ ខែកក្កដា។

 
ជនសង្ស័យ Yamagami Tetsuya វ័យ ៤១ឆ្នាំ បានសារភាពប្រាប់ក្រុមស៊ើបអង្កេតថា មុនថ្ងៃកើតហេតុមួយថ្ងៃ លោកបានតាមលោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ទៅក្រុង Okayama ដែលស្ថិតនៅភាគខាងលិចជប៉ុនដែរ។ 
 
បើតាមចម្លើយសារភាព ជនសង្ស័យរូបនេះ គ្រោងសម្លាប់លោកអាបេ នៅក្នុងក្រុង Okayama ប៉ុន្តែវាពិបាកក្នុងការសម្រេចផែនការរបស់ខ្លួនណាស់ ដោយសារមានការត្រួតពិនិត្យ ដើម្បីនឹងចូលរួមជួបលោកអាបេ នៅក្នុងសាលមួយកន្លែង។ មិនតែប៉ុណ្ណោះ មុននឹងចូលសាលនោះ អ្នកចូលរួមត្រូវសរសេរឈ្មោះ និងអាសយដ្ឋានផង។ 
 
តាមប្រភពក្រុមអ្នកស៊ើបអង្កេត ជនសង្ស័យទំនងមិនបានចូលក្នុងសាលនោះឡើយ ដោយសាររកមិនឃើញឈ្មោះនៅទីនោះ។ 
 
សូមបញ្ជាក់ថា  លោកអាបេ ក្នុងថ្ងៃទី៨ ខែកក្កដា ត្រូវបានសម្លាប់ដោយជនសង្ស័យវ័យ ៤១ឆ្នាំ ដែលធ្លាប់ជាកម្លាំងស្វ័យការពារជើងទឹករយៈពេល ៣ឆ្នាំ។ បន្ទាប់បាញ់ប្រហារ ប៉ូលិសជប៉ុន បានដកហូតកាំភ្លើងច្នៃដោយដៃមួយ ដែលធ្វើឡើងពីបំពង់ទុយោដែក និងរុំដោយស្គត់។  ជនសង្ស័យ បានបាញ់សម្លាប់លោកអាបេ ក្រោមហេតុផលលោកជឿថា អតីតនាយករដ្ឋមន្រ្តីរូបនេះ មានពាក់ព័ន្ធនឹងអង្គការសាសនាមួយ។ បុរសវ័យ ៤១ឆ្នាំ មានគំនុំជាមួយអង្គការនោះ ដោយសារម្តាយរបស់ខ្លួនបានបរិច្ចាគថវិកាជាច្រើន ដែលធ្វើឱ្យមានបញ្ហាធ្ងន់ធ្ងរនៅក្នុងគ្រួសារ៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com