ជាតិ
សេដ្ឋកិច្ច
អគារជាង១ ០០០កន្លែងនៅព្រះសីហនុ កំពុងជាប់គាំងការសាងសង់
11, Jul 2022 , 7:59 am        
រូបភាព
នេះជាសំណង់អគារមួយក្នុងចំណោម១០០០កន្លែងក្រុងព្រះសីហនុ ដែលកំពុងជាប់គាំងការសាងសង់មកទល់បច្ចុប្បន្ន។​
នេះជាសំណង់អគារមួយក្នុងចំណោម១០០០កន្លែងក្រុងព្រះសីហនុ ដែលកំពុងជាប់គាំងការសាងសង់មកទល់បច្ចុប្បន្ន។​
ការចាកចេញរបស់វិនិយោគិនចិន ព្រោះតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ នារយៈពេល៣ឆ្នាំមកនេះ បានបន្សល់នូវការជាប់គាំងការដ្ឋានសំណង់តូច-ធំជាច្រើនកន្លែងដែលរាយប៉ាយជុំវិញខេត្តព្រះសីហនុ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ការដ្ឋានសំណង់ដែលកំពុងជាប់គាំងទាំងនោះ មានជាង១០០០កន្លែង ខណៈអាជ្ញាធរកំពុងរកវិធីដោះស្រាយបញ្ហានេះ។

 
ការដ្ឋានសំណង់ប្រមាណ១១០០កន្លែងនៅខេត្តព្រះសីហនុ កំពុងជាប់គាំងការសាងសង់ ដោយ ភាគច្រើនមានម្ចាស់ទីតាំងជាជនជាតិខ្មែរ។ រីឯគម្រោងសំណង់អគារនានា គឺជាការវិនិយោគផ្ទាល់របស់ជនជាតិចិន។ នេះបើតាមការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ដោយបញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរកំពុងរកវិធីដោះស្រាយបញ្ហានេះ ដែលបណ្តាលមកពីការបិទហ្គេមអនឡាញតាមចំណាត់ការរបស់រដ្ឋាភិបាល និងវិបត្តិសកលកូវីដ-១៩។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ(ThmeyThmey)នាល្ងាចថ្ងៃទី៨កក្កដា លោក ឡុង ឌីម៉ង់ ថ្លែងថា៖ «បើយើងបណ្តោយឱ្យម្ចាស់ទាំងអស់នោះ ទុកអគារ[សំណង់ដែលនៅជាប់គាំង]ចោល នោះវាបង្កផលប៉ះពាល់ជាច្រើនដល់ខេត្តព្រះសីហនុ»។ លោកបន្តរៀបរាប់ថា បញ្ហាសំណង់ដែលនៅជាប់គាំងទាំងនេះ វាធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពខេត្តព្រះសីហនុ ពិសេសប៉ះពាល់ដល់សុវត្ថិភាពសំណង់ដែលបង្កគ្រោះថ្នាក់នាពេលអនាគត រួមទាំងប៉ះពាល់ខ្លាំងដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។ រូបថត៖ ហ្វេសប៊ុក លោក ឡុង ឌីម៉ង់​
 
ការជាប់គាំងនៃការដ្ឋានសំណង់ទាំងនេះ បានជំរុញឱ្យគ្រប់ភាគីពាក់ទាំងអស់ទាំងអាជ្ញាធរខេត្តផ្ទាល់, ទាំងវិស័យឯកជនដែលមានបទពិសោធន៍ដោះស្រាយបញ្ហាជាប់គាំងអចលទ្រព្យកាលវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨, ទាំងម្ចាស់និងម្ចាស់សំណង់ ទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាដើម បានចាប់ផ្តើមពិភាក្សារួមគ្នាដើម្បីរកដំណោះស្រាយចំពោះបញ្ហានេះ។ លោក ឡុង ឌីម៉ង់ បន្តនិយាយដូច្នេះ៖ «ក្នុងនាមជាអាជ្ញាធរខេត្ត ក្នុងនាមតំណាងរដ្ឋាភិបាលយើងស្តាប់មតិ កង្វល់ យោបល់ សំណូមពររបស់វិស័យឯកជន និងយកទៅពិចារណា ហើយពិនិត្យមើល ថាតើយើងមានទិដ្ឋភាពអ្វីដែលអាចសម្របសម្រួលដោះស្រាយបញ្ហានេះបាន»។ 
 
ប៉ុន្តែ បើតាមលោកអភិបាលរងនិងអ្នកនាំពាក្យខេត្តព្រះសីហនុរូបនេះ ការដោះស្រាយបញ្ហាសំណង់ជាប់គាំងនេះ គឺវាទាមទារពេលវេលាក្នុងការការជជែកគ្នា ការយល់គ្នា រួមនឹងការសម្បទានគ្នាទៅវិញទៅមក រវាងវិស័យឯកជននិងវិស័យឯកជន។  
 
ក្នុងចំណោមការដ្ឋានសំណង់ជាង១០០០កន្លែងខាងលើដែលកំពុងជាប់គាំងនេះ គឺមានអគារកម្ពស់១១ជាន់មួយកន្លែង ដែលជនជាតិចិនបានជួលដីពី អ្នកស្រី ចាន់ អាណា សម្រាប់ធ្វើសណ្ឋាគារ និងកាស៊ីណូ។ អ្នកស្រីអាណា បានជួលដីឱ្យចិនសម្រាប់សង់អគារនេះចាប់តាំងពីឆ្នាំ២០១៨មក។ បច្ចុប្បន្ន អ្នកស្រីកំពុងមានក្តីបារម្ភចំពោះសំណង់អគារដែលគ្មានដំណើរការនៅលើដីរបស់ខ្លួន។ 

លោកស្រី ចាន់ អាណា ម្ចាស់ដីដែលជួលឱ្យចិនសង់អគារធ្វើជាសណ្ឋាគារ ក្នុងក្រុងព្រះសីហនុកំពុងផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ នាថ្ងៃទី៨កក្កដា
 
«ខ្ញុំមានអគារ២កន្លែង។ មួយមាន២០បន្ទប់ គឺខ្ញុំសង់ហើយ ខ្ញុំជួលឱ្យចិនបើកសណ្ឋាគារ។ តែអគារកម្ពស់១១ជាន់ដែលមាន១០០បន្ទប់ហ្នឹង គឺចិនបានជួលដីខ្ញុំធ្វើអគារដោយខ្លួនឯង ប៉ុន្តែអគារហ្នឹង មិនទាន់ធ្វើហើយទេដោយនៅគាំងត្រឹមការបំពាក់ម៉ាស៊ីនត្រជាក់»។ អ្នកស្រី រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗបែបនេះ ដោយបន្ថែមថា៖ «ដំបូង[អំឡុងឆ្នាំ២០១៨] ខ្ញុំជួលឱ្យចិនសង់អគារហ្នឹងបានពី១៨ ០០០ទៅ២០ ០០០ដុល្លារក្នុងមួយខែ។ តែឥឡូវ តម្លៃនេះបានធ្លាក់ចុះរហូតដល់៧០ភាគរយ»។  
 
ការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុនាបច្ចុប្បន្ន គឺជាការវិលមកវិញនូវតម្លៃសេដ្ឋកិច្ចក្នុងវិស័យនេះ ដែលខុសគ្រាមុនរដ្ឋាភិបាលបិទហ្គេមអនឡាញនិងវិបត្តិកូវីដ-១៩ តម្លៃអចលនទ្រព្យក្នុងខេត្តនេះ ជាពិសេសផ្នែកជួលអគារ ផ្ទះ បានកើនខ្លាំងពេលកហួសលើសពីតម្លៃសេដ្ឋកិច្ច។ បើតាមលោក ច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បច្ចុប្បន្ន ការជួលផ្ទះវិញមួយល្វែងក្នុងខេត្តនេះមានតម្លៃត្រឹម២០០០-៣០០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ សម្រាប់ដីវិញ ដែលមានទីតាំងល្អមួយម៉ែត្រការ៉េអាចជួលបានតម្លៃ៣ទៅ៥ដុល្លារក្នុងមួយខែ និងអគារមានតម្លៃ១០ទៅ១៥ដុល្លារក្នុងមួយខែ ខណៈមានសំណង់អគារជាច្រើនកំពុងជាប់គាំង។

 លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ រូបថត៖CVEA 
 
សម្រាប់លោក សុខនីម ភាពជាប់គាំងនៃការសាងសង់អគារក្នុងខេត្តព្រះសីហនុមកទល់សព្វថ្ងៃនេះ វាមិនត្រឹមតែបណ្តាលមកពីការវិលទៅវិញនៃសំណាក់ជនជាតិចិននោះទេ តែវាក៏បណ្តាលមកពីការមិនមានលំហូរទុនវិនិយោគពីបណ្តាលប្រទេសផ្សេងៗ ពិសេសបស្ចឹមប្រទេស ផងដែរ។ អ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះបន្តប្រាប់សារព័ត៌មានថ្មីៗនាថ្ងៃទី១០កក្កដាថា៖«បញ្ហាខ្លះបណ្តាលមកពីប្រទេសមួយចំនួន មិនទាន់បើកច្រកឬបើកទំលាយឱ្យប្រជាជនខ្លួនចេញទៅប្រទេស ពិសេសគឺទុនវិនិយោគ។ អ៊ីចឹង! ប្រសិនទុនវិនិយោគគេមិនទាន់អនុញ្ញាតឱ្យចេញក្រៅប្រទេស ឬវិនិយោគិនមានភាពរឹតត្បិតចេញពីបណ្តាប្រទេសរបស់ខ្លួន នោះទុនចូលស្រុកខ្មែរគឺមិនមានច្រើនទេ។ ទាំងអស់នេះ គឺជាបញ្ហាប្រឈម ឬ ភាពជាប់គាំង នៃវិស័យសំណង់យើង»។
 
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC) កាលឆ្នាំ២០២១ កម្ពុជាទទួលបានទុនវិនិយោគដោយផ្ទាល់ពីបរទេស(FDI)មានត្រឹមប្រមាណ៣,៥ពាន់លានដុល្លារអាម៉េរិក ស្មើនឹង១២ភាគរយនៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស)។ ទំហំទុនវិនិយោគនេះ ធ្លាក់ចុះ១,៥ភាគរយ បើធៀបនឹងឆ្នាំ២០២០។ NBC បន្តបង្ហាញថា ក្នុងនោះត្បិតទុនវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសំណង់នៅកម្ពុជា កើនក្នុងទំហំ២៦ភាគរយក៏ពិតមែន ប៉ុន្តែវិស័យអចលនទ្រព្យ គឺបានធ្លាក់ចុះក្នុងអត្រា១១ភាគរយ។ 
 
លំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាក្នុងឆ្នាំ២០២២ ត្រូវបានអ្នកជំនាញវាយតម្លៃថាអាចនឹងធ្លាក់ចុះបន្តទៀត ព្រោះតែប្រទេសក្នុងពិភពលោកកំពុងជួបវិបត្តិថាមពល និងប្រេងឥន្ធនៈដែលបណ្តាលមកសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន៕ 
 
 

Tag:
 សំណង់
  ព្រះសីហនុ
  លោក ឡុង ឌីម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com