ជាតិ
ជាអ្នករាំរបាំអប្សរា កញ្ញា ចំរើន សុគន្ធា ចង់បើកក្លិបបង្ហាត់របាំទៅអនាគត
11, Jul 2022 , 10:29 am        
រូបភាព
ភ្នំពេញ៖ កញ្ញា ចំរើន សុគន្ធា ជាអ្នករាំរបាំអប្សរា និងស្លៀកសម្លៀកបំពាក់របាំបុរាណ ដើម្បីឱ្យទេសចរថតរូបជាមួយ ក្នុងក្រុមហ៊ុន Green Angkor Culture មុខអង្គរវត្ត។ ទឹកចិត្តស្រឡាញ់ និងនិស្ស័យជាមួយសិល្បៈបុរាណខ្មែរ បានជំរុញឱ្យ សុគន្ធា ចាប់យកការងារជាអ្នករាំរបាំអប្សរា ក្រោយបញ្ចប់ការសិក្សាផ្នែកគណនេយ្យ នៅក្រុងបាត់ដំបង នាឆ្នាំ២០១៨។ ទន្ទឹមនោះ សុគន្ធា ក៏មានមហិច្ឆតា ចង់បង្កើតក្លិបបណ្តុះបណ្តាលរបាំបុរាណ និងរបាំប្រពៃណីនៅថ្ងៃមុខផងដែរ។

 
ក្រោយមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ទីធ្លាមុខអង្គរវត្តក្លាយជាសួនបៃតង រំលេចដោយដើមឈើ និងរុក្ខជាតិតួចធំជាច្រើនប្រភេទផ្សេងគ្នា យ៉ាងស្រស់ត្រកាល។ ក្នុងនោះក៏មាន សួនបដិសណ្ឋារកិច្ច ដែលមានភោជនីយអាហារ ហាងកាហ្វេ ហាងលក់វត្ថុអនុស្សារីយ៍ រួមទាំងមានកន្លែងសម្រាប់ទេសចរ ថតរូបជាមួយអ្នកតែងខ្លួនបុរាណ និងអ្នកសម្តែងរបាំអប្សរា រួមទាំងគុនល្បុក្កតោ។ 

 
 
យុវជនប្រហែល ១០នាក់ តុបតែងខ្លួនតាមរបៀបខុសៗគ្នា ដោយខ្លះតែងតួជាអ្នកគុនល្បុក្កតោ ហើយខ្លះជាអ្នករាំរបាំអប្សរា។ ការតុបតែងខ្លួននេះ គឺសម្រាប់ទេសចរជិតឆ្ងាយ ដែលមកកម្សាន្តនៅក្នុងខេត្តសៀមរាប ថតរូបជាមួយ។ តួអង្គទាំងអស់ ត្រូវឈរដើម្បីឱ្យទេសចរថតរូបជាមួយចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ហើយបន្តចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៦ល្ងាច ។

កញ្ញា ចំរើន សុគន្ធា អ្នករាំរបាំអប្សរា ។ រូបភាពដោយ៖ ផាត ដាណេ
 
កញ្ញា ចំរើន សុគន្ធា ជាអ្នកស្លៀកសម្លៀកអប្សរាម្នាក់ ក្នុងចំណោមនារី ៣នាក់។ កូនអ្នកក្រុងបាត់ដំបងរូបនេះ បានប្តូរមករស់នៅខេត្តសៀមរាប ៤ឆ្នាំមកហើយ ក្រោយខ្លួនបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ នៅខេត្តបាត់ដំបង។ អំឡុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ សុគន្ធា បានសម្រេចចិត្តចូលរៀនរបាំអប្សរា នៅអង្គការហ្វារពន្លឺសិល្បៈបាត់ដំបង។ ការចូលរៀននាពេលនោះ សុគន្ធា ហាក់មានភាពយឺតយ៉ាវជាងអ្នកឯទៀត ដ្បិតភាគច្រើនជាកុមារអាយុ ៨ឆ្នាំ ដល់១៥ឆ្នាំ ដែលហាត់រៀន។ 
 
ទឹកចិត្តស្រឡាញ់ និងការចង់ចេះរបស់ សុគន្ធា បានជំរុញឱ្យនិស្សិតរូបនេះ ប្តូរការសិក្សាថ្នាក់បរិញ្ញាបត្រទៅចុងសប្តាហ៍ ដើម្បីអាចមានពេលគ្រប់គ្រាន់ហាត់រៀនរបាំ។ កញ្ញាបានលើកឡើងក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«ស្រឡាញ់តាំងពីតូច តែអត់មានឱកាស ហើយនៅពេលមានឱកាស គឺនៅពេលខ្ញុំរៀនឆ្នាំទី៣ នៅឆ្នាំ២០១៧។ សៅរ៍-អាទិត្យ យើងរៀនបរិញ្ញាបត្រ ហើយចន្ទ ដល់សុក្រ ខ្ញុំខាងរបាំ»។


ក្រុមអ្នកស្លៀកសម្លៀកបំពាក់បុរាណ ដើម្បីថតរូបជាមួយទេសចរ។  រូបភាព៖ ផាត ដាណេ
 
ជាការពិតណាស់ ការហាត់រៀនរបាំស័ក្តិសមសម្រាប់កុមារតូចៗ ជាងមនុស្សពេញវ័យ។ ដ្បិតចិត្តស្រឡាញ់ធំធេង សុគន្ធា នៅតែជម្នះចិត្តរៀនសូត្រដោយមិនខ្លាចលំបាកឡើយ។ «រៀនដំបូង វាលំបាកខ្លាំងដោយសាររបាំត្រូវការតាំងពីតូចៗ ពីអាយុ ៨-៩ឆ្នាំមក បានយើងអាចទន់ភ្លន់ ចាំបានច្រើន។ នេះដោយសារការស្រឡាញ់ខំប្រឹង តាមក្មេងៗ។ មានវ័យប៉ុនយើងដែរ តែពួកគាត់ហាត់ពីតូចមក អ៊ីចឹងគាត់ឆ្អិនជាងយើង។ យើងអត់សូវចេះ យើងតាមៗពីក្រោយគេ»។ នេះជាការលើកឡើងរបស់កញ្ញា ចំរើន សុគន្ធា អ្នករាំរបាំអប្សរា និងស្លៀកពាក់បុរាណដើម្បីថតរូបជាមួយទេសចរ។
 
ក្រោយហាត់រៀនរបាំបានរយៈពេល២ឆ្នាំ ស្របពេលជាមួយការបញ្ចប់ថ្នាក់បរិញ្ញាបត្រ សុគន្ធា ក៏បានសម្រេចចិត្តចាប់យកអាជីពជាអ្នករបាំបុរាណ តាមក្តីស្រមៃចាប់ពីឆ្នាំ២០១៨នោះមក។ កញ្ញាសង្កេតឃើញថា ខេត្តសៀមរាប មានសក្តានុពលផ្នែករបាំជាងខេត្តឯទៀត ជាពិសេសជាទីស័ក្តិសមសម្រាប់កញ្ញាបន្តសុបិនរបស់ខ្លួន។ កញ្ញាបានលើកឡើងទាំងញញឹមថា៖ «នៅនេះ(សៀមរាប) មានវិស័យទេសចរច្រើន អ៊ីចឹងក៏មកដាក់ពាក្យនៅនេះ។ ខ្ញុំមានមិត្តភ័ក្តិ គាត់ធ្វើការនៅអាណាចក្រអង្គរ អ៊ីចឹងខ្ញុំក៏មកដាក់ពាក្យនៅនេះ»។ 


ទេសចរចូលថតរូបក្រុមស្លៀកសម្លៀកបំពាក់បុរាណ។ រូបភាព៖ ផាត ដាណេ
 
ក្តីស្រមៃ រួមផ្សំនឹងការលើកទឹកចិត្តពីគ្រួសារផងនោះ កូនកាត់កម្ពុជាក្រោមរូបនេះ បានដើរតាមបេះដូងដែលស្រឡាញ់របាំអប្សា ដោយបានធ្វើជាអ្នករាំរបាំអប្សរា និងធ្លាប់ជាគ្រូបង្រៀនរបាំនៅអាណាចក្រអាណាចក្រអង្គរ។ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យ សុគន្ធា ផ្អាកការងារមួយរយៈ និងបានប្តូរមកការធ្វើជាអ្នករាំរបាំ និងជាអ្នកថតរូបជាមួយទេសចរ នៅឆ្នាំ២០២១។ 
 
នារីវ័យ២៨ឆ្នាំរូបនេះ សម្តែងរបាំអប្សរារៀងរាល់ម៉ោង ៩ព្រឹក និងម៉ោង ២រសៀល ហើយក្រោយសម្រាកពីការរាំរបាំ កញ្ញាបន្តឈរនៅទីតាំងដដែល ដើម្បីថតរូបជាមួយទេសចរ។ គួរឱ្យសោកស្តាយ ទេសចរភាគតិចណាស់ ដែលចាប់អារម្មណ៍ចូលថតរូប និងមើលការសម្តែងរបាំ ក៏ដូចជាគុនល្បុក្កតោ ព្រោះភាគច្រើនសំដៅទៅទស្សនាប្រាសាទអង្គរវត្ត។ 
 
ជាក់ស្តែង ការស្លៀកសម្លៀកបំពាក់បុរាណ និងការគ្រងគ្រឿងអលង្ការ ដែលមានទម្ងន់ធ្ងន់ គឺមិនងាយស្រួលឡើយ។ សុគន្ធា បានលើកឡើងពីការលំបាកមួយចំនួនដូច្នេះថា៖ «ទី១ ខោអាវរឹបរួត របៀបថាយើងអត់សេរីភាព។ ទី២ មកុដធ្ងន់»។ 


ទេសចរចូលថតរូបជាមួយក្រុមស្លៀកសម្លៀកបំពាក់បុរាណ
 
យ៉ាងណាមិញ ទឹកចិត្តស្រឡាញ់ចំពោះរបាំអប្សរា បានធ្វើឱ្យកញ្ញា សុគន្ធា មានភាពរីករាយ និងមានមោទកភាព ដែលបានបំពេញក្តីស្រមៃរបស់ខ្លួនតាំងពីតូច។ កញ្ញាបានលើកឡើងពីអារម្មណ៍សប្បាយចិត្តទាំងញញឹមដូច្នេះថា៖ «មានអារម្មណ៍ថា រំភើប និងចង់បន្តឱ្យអស់ពី   សមត្ថភាព ដែលអាចធ្វើទៅបាន គឺបន្តខាងផ្នែករបាំរហូត។ ណាមួយ យើងអាចផ្សព្វផ្សាយទៅភ្ញៀវជាតិ និងអន្តរជាតិឱ្យដឹងថា ខ្មែរមានអ្វីខ្លះ។ ខ្មែរមានចំណុចមួយជាអរិយធម៌របស់យើង គឺរបាំ»។ 
 
ទោះទេសចរមួយចំនួនមើលរំលងគុណតម្លៃនៃការងារនេះ ប៉ុន្តែ សុគន្ធា នៅតែមានសេចក្តីត្រេកអរ ដែលខ្លួនជាចំណែកមួយ ក្នុងការផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ទៅកាន់ទេសចរគ្រប់ជាតិសាសន៍ ដែលមកកម្សាន្តខេត្តសៀមរាប។ កញ្ញាបានលើកឡើងថា៖« ខ្ញុំអត់ខ្មាសគេទេ មានអារម្មណ៍ថាកាន់តែរំភើបទៀត ពីព្រោះយើងកាន់តែឱ្យមនុស្សទូទៅ ទាំងជាតិ និងអន្តរជាតិ បានស្គាល់យើងថា ជាកូនខ្មែរ ដែលអាចផ្សព្វផ្សាយអរិយធម៌ទៅបរទេសបាន»។ 
 
ទៅថ្ងៃអនាគត កញ្ញា ចំរើន សុគន្ធា ចង់ក្លាយជាគ្រូបង្រៀនរបាំម្នាក់ផងដែរ។ សុគន្ធា រំពឹងថាទៅថ្ងៃមុខ នឹងមានលទ្ធភាពអាចបង្កើតទីតាំងសមរម្យ ដើម្បីបង្ហាត់បង្រៀនក្មេងជំនាន់ក្រោយឱ្យស្គាល់អំពីរបាំបុរាណខ្មែរ។ «អនាគត ប្រសិនបើមានលទ្ធភាព ខ្ញុំនឹងរកទីតាំងល្អមួយ ហើយបង្កើតជាក្លិបបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ មានទាំងរបាំបុរាណ និងរបាំប្រពៃណី ដើម្បីឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងបានបន្តវេនទៅមុខទៀត»។ នេះជាការលើកឡើងរបស់កញ្ញា ចំរើន សុគន្ធា អ្នករាំរបាំអប្សរា និងអ្នកស្លៀកពាក់បុរាណ ដើម្បីថតរូបជាមួយទេសចរ៕


ទេសចរចូលថតរូបជាមួយក្រុមស្លៀកសម្លៀកបំពាក់បុរាណ។ រូបភាព៖ ហុង ស្រីណា
 

ទេសចរចូលថតរូបជាមួយក្រុមស្លៀកសម្លៀកបំពាក់បុរាណ។ រូបភាព៖ ហុង ស្រីណា 


ទេសចរចូលថតរូបជាមួយក្រុមស្លៀកសម្លៀកបំពាក់បុរាណ។ រូបភាព៖ ហុង ស្រីណា

 

Tag:
 របាំបុរាណ
  សម្លៀកបំពាក់បុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com