អន្តរជាតិ
លោកវ៉ាង យី៖ អូស្រ្តាលី គួរចាប់ឱកាសក្នុងពេលនេះ ដើម្បីស្តារទំនាក់ទំនងប្រទេសទាំងពីរ
10, Jul 2022 , 7:09 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេស លោក វ៉ាង យី (ខាងស្តាំ) ជាមួយសមភាគីអូស្រ្តាលី​ លោកស្រី Penny Wong។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការបរទេស លោក វ៉ាង យី (ខាងស្តាំ) ជាមួយសមភាគីអូស្រ្តាលី​ លោកស្រី Penny Wong។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការបរទេស លោក វ៉ាង យី នៅថ្ងៃទី៨ ខែកក្កដា បានប្រាប់សមភាគីអូស្រ្តាលី លោកស្រី Penny Wong ថា ក្រុងកង់បេរ៉ា គួរចាប់ឱកាសក្នុងពេលនេះ និងចាប់ផ្តើមសកម្មភាព ដើម្បីកែប្រែទំនាក់ទំនងទ្វេភាគី។ បើតាមលោកវ៉ាង ទំនាក់ទំនងចិន-អូស្រ្តាលី កំពុងមានទាំងបញ្ហាប្រឈម និងឱកាស។

 
ប៉ុន្មានឆ្នាំចុងក្រោយ ទំនាក់ទំនងចិន និងអូស្រ្តាលី មិនសូវល្អឡើយ ដោយប្រទេសទាំងពីរ មានបញ្ហាជាច្រើនជុំវិញការដំឡើងពន្ធទំនិញ ដើមកំណើតជំងឺកូវីដ-១៩ ចារកិច្ចយោធា និងការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់ជាដើម។ យ៉ាងណាមិញ ក្នុងជំនួបនៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) នាកោះបាលី ឥណ្ឌូណេស៊ី ក្នុងថ្ងៃទី៨ ខែកក្កដា ប្រមុខការទូតប្រទេសចិន និងអូស្រ្តាលី បានជួបទល់មុខគ្នាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលអូស្រ្តាលីថ្មីចូលកាន់តំណែង នៅក្នុងខែឧសភាកន្លងមក។ 
 
ក្នុងជំនួបនេះ ប្រមុខការទូតចិន បានទទូចឱ្យអូស្រ្តាលី ចេះក្តាប់ឱកាស ដែលកំពុងមាន ដើម្បីកែលម្អទំនាក់ទំនងប្រទេសទាំងពីរ។ 
 
«ភាគីអូស្រ្តាលី អាចចាប់យកឱកាសពេលបច្ចុប្បន្ន និងចាប់ផ្តើមកែលម្អទំនាក់ទំនងទ្វេភាគី»។ លោកវ៉ាង បានបង្ហាញក្តីសង្ឃឹមបែបនេះ ដោយបន្ថែមថា ដើមហេតុនៃជម្លោះរវាងរដ្ឋាភិបាលក្រុងកង់បេរ៉ា និងប៉េកាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺដោយសារដ្ឋាភិបាលអូស្រ្តាលីមុន បានចាត់ទុកចិន ជាគូប្រជែង ឬសូម្បីជាសត្រូវ និងធ្វើសកម្មភាពមិនទទួលខុសត្រូវចំពោះចិន។ 
 
ត្រង់ចំណុចនេះ ប្រមុខការទូតចិន បានអំពាវនាវឱ្យរដ្ឋាភិបាលអូស្រ្តាលីក្នុងពេលបច្ចុប្បន្ន បន្ថែមភាពវិជ្ជមានទៅក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី រួមទាំងចាត់ទុកចិន ជាដៃគូអភិវឌ្ឍ ជាជាងគូប្រជែង។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ 
 
ចំណែក  លោកស្រី Penny Wong ប្រមុខការទូតអូស្រ្តាលីវិញ បានប្រាប់លោកវ៉ាងវិញថា ក្រុងកង់បេរ៉ា គ្មានចេតនាបន្ថែមជម្លោះជាមួយចិនឡើយ ឬគ្មានបំណងកៀកសង្កត់ចិនដែរ។ បើតាមប្រមុខការទូតរូបនេះ អូស្រ្តាលី នឹងបន្តទំនាក់ទំនងប្រកបដោយការស្ថាបនា, ផ្លាស់ប្តូរទំនាក់ទំនងប្រទេសទាំងពីរ, បង្កើនទំនុកចិត្ត, ពង្រីកកិច្ចសហប្រតិបត្តិការ រួមទាំងលុបចោលឧបសគ្គផ្សេងៗ។ 
 
ទន្ទឹមនេះលោកស្រី Wong បានបន្ថែមថា រដ្ឋាភិបាលអូស្រ្តាលី នឹងស្វះស្វែងរកការដោះស្រាយបញ្ហា ដោយអំណត់ ដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងផលប្រយោជន៍ជាតិនៃប្រទេសទាំងពីរ៕ 
 

Tag:
 ចិន
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com