ប្រមុខការទូតថៃ លោកអាន់តូនី ប្លីងខិន និងសមភាគីថៃ លោក Don Pramudwinai នៅថ្ងៃទី១០ ខែកក្កដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២សំខាន់ៗដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ស្របពេលទំនាក់ទំនងប្រទេសទាំងពីរជិតដល់ខួប១៩០ឆ្នាំ។ លោក ប្លីងខិន បានអះអាងថា ក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងយ៉ាងសំខាន់ជាមួយក្រុងបាងកក។
បន្ទាប់ពីចាកចេញពីកោះបាលី ឥណ្ឌូណេស៊ី លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានបន្តទស្សនកិច្ចនៅថៃទៀត មុននឹងឆ្ពោះទៅជប៉ុន ដើម្បីចូលរួមរំលែកទុកមរណភាពរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ប្លីងខិន និងសមភាគីថៃ លោក Don Pramudwinai បានចុះកិច្ចព្រមព្រៀងសំខាន់ៗចំនួនពីរ ក្នុងនោះមានដូចជា សេចក្តីប្រកាសភាពជាដៃគូ និងសម្ព័ន្ធភាពយុទ្ធសាស្រ្តរវាងថៃ-អាម៉េរិក និងអនុស្សរណៈយោគយល់លើការផ្គត់ផ្គង់ច្រវាក់ផលិតកម្មឡើងវិញ។
លោក ប្លីងខិន ក៏ជួបលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា។ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១០ ខែកក្កដា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកThanakorn Wangboonkongchana អះអាងថា លោក ប្លីងខិន បានសង្កត់ធ្ងន់ពីសេចក្តីថ្លែងការណ៍រួមដែល បញ្ជាក់ពីសម្ព័ន្ធភាពរវាងក្រុងបាងកក-វ៉ាស៊ីនតោន ហើយប្រមុខការទូតអាម៉េរិកជឿថា វានឹងជាមូលដ្ឋានសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ ដែលនឹងឈានចូលរយៈពេល ១៩០ឆ្នាំ នៅឆ្នាំក្រោយ។ ប្រមុខការទូតអាម៉េរិកបានបន្ថែមថា ក្រុងវ៉ាស៊ីនតោនមានទំនាក់ទំនងយ៉ាងសំខាន់ជាមួយក្រុងបាងកក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ចំណែក លោកប្ រាយុទ្ធ វិញ បានស្វាគមន៍សេចក្តីប្រកាសរួម ដោយចាត់ទុកកិច្ចព្រមព្រៀងមួយនេះ នឹងជួយប្រទេសទាំងពីរធ្វើការកាន់តែជិតស្និទ្ធ ដើម្បីសម្រេចគោលដៅរួម។ ទន្ទឹមនេះ លោក ប្រាយុទ្ធ ក៏បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលថៃក្នុងការដោះស្រាយបញ្ហាការជួញដូរមនុស្ស ស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានចំណាត់ថ្នាក់កាន់តែអន់។
សេចក្តីប្រកាសភាពជាដៃគូ និងសម្ព័ន្ធភាពយុទ្ធសាស្រ្តរវាងថៃ-អាម៉េរិក នឹងជួយពង្រឹងមិត្តភាពប្រទេសទាំងពីរតាមរយៈការបញ្ជាក់ពីភាពចាំបាច់នៃអាទិភាពរួមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានលក្ខណៈសេរី បើកចំហ និងបរិយាប័ន្ន។ សេចក្ដីប្រកាសនេះ ក៏ចែងពីការអនុវត្តច្បាប់ សេដ្ឋកិច្ច អាកាសធាតុ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត បច្ចេកវិទ្យា សន្តិសុខ និងកិច្ចសហប្រតិបត្តិលើប្រព័ន្ធសុខាភិបាលជាដើម។
ដោយឡែក អនុស្សរណៈយោគយល់លើការផ្គត់ផ្គង់ច្រវាក់ផលិតកម្ម ជាកិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរប្តេជ្ញាពង្រីកទំហំវិនិយោគ និងអភិវឌ្ឍសេដ្ឋកិច្ចបៃតង ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ-១៩។
បន្ថែមពីលើទំនាក់ទំនងទ្វេភាគី ប្រមុខការទូតអាម៉េរិក និងប្រមុខរដ្ឋាភិបាលថៃ ក៏បានពិភាក្សាពីបញ្ហាមីយ៉ាន់ម៉ា, ការធ្វើជាំប្រធានផ្លាស់វេននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (APEC) ដោយអាម៉េរិកដល់វេននៅឆ្នាំក្រោយ, តួនាទីរបស់អាស៊ានក្នុងតំបន់ និងបញ្ហាផ្សេងទៀត។
សូមបញ្ជាក់ថា ថៃជាប្រទេសមួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាម៉េរិក។ នៅក្នុងឆ្នាំ ២០០៣ ក្រុងវ៉ាស៊ីនតោន បានកំណត់ដាក់ក្រុងបាងកកជាសម្ព័ន្ធមិត្ត ក្រៅពីអង្គការណាតូ (NATO)៕