COVID-19
ជាតិ
Nikkei ៖ ១២១ប្រទេស កម្ពុជា ជាប់លេខ១ ដែលបានងើបចេញពីជំងឺកូវីដ-១៩
11, Jul 2022 , 12:59 pm        
រូបភាព
ប្រជាពលរដ្ឋកម្ពុជា ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩កន្លងមក។
ប្រជាពលរដ្ឋកម្ពុជា ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩កន្លងមក។
ក្នុងចំណោមប្រទេស១២១ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេស ដែលបានងើបចេញពីជំងឺកូវីដ-១៩ និងបានដំណើរការជាប្រក្រតីឡើងវិញយ៉ាងឆាប់រហ័ស។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់សារព័ត៌មានបរទេសឈ្មោះ និកកេ អាស៊ី (Nikkei Asia) ដែលចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

 
មានប្រទេស១២១ ដែលសារព័ត៌មាន និកកេ អាស៊ី ជ្រើសរើសយកទៅដាក់ពិន្ទុឲ្យ អំពីការប្រឹងប្រែងងើបចេញពីជំងឺកូវីដ-១៩។ ប្រទេសណា ដែលបានងើបចេញកាន់តែលឿនពីជំងឺកូវីដ-១៩ ប្រទេសនោះ ទទួលបានពិន្ទុល្អកាន់តែច្រើន។ សារព័ត៌មាន និកកេ អាស៊ី ចាត់ទុកប្រទេសណាមួយថា បានងើបចេញពីជំងឺកូវីដ-១៩ តាមរយៈការវាយតម្លៃលើចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់ ស្ថិតក្នុងប្រមាណទាប ហើយបន្ថែមពីនេះ ប្រជាជនភាគច្រើននៃប្រទេសនោះ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
 
ពិន្ទុ ដែលសារព័ត៌មាន និកកេ អាស៊ី ដាក់ឲ្យកម្ពុជា គឺ៧៨ពិន្ទុ ដែលខ្ពស់ជាងគេបង្អស់ ក្នុងចំណោមពិន្ទុរបស់ប្រទេសទាំង១២១។ ៧៨ពិន្ទុនេះ ធ្វើឲ្យកម្ពុជា ឈរនៅលំដាប់លេខ១ ក្នុងតារាងចំណាត់ថ្នាក់របស់សារព័ត៌មាន និកកេ អាស៊ី។ បន្ទាប់ពីកម្ពុជា គឺវៀតណាម ដែលទទួលបានពិន្ទុខ្ពស់ជាងគេ គឺ៧៦,៥ពិន្ទុ ដែលធ្វើឲ្យប្រទេសនេះ ជាប់ចំណាត់ថ្នាក់លេខ២។
 
ប្រទេស៣ ដែលនៅក្រោមវៀតណាម គឺ កូស្តារីកា ជាប់លេខ៣ កូរ៉េខាងត្បូងជាប់លេខ៤ និង កាតា ជាប់លេខ៥។ ចំណែកប្រទេស៥ ដែលសារព័ត៌មាន និកកេ អាស៊ី រកឃើញថា ងើបចេញពីជំងឺកូវីដ-១៩ ដោយយឺតយ៉ាវជាងគេនោះ គឺ បាបាដុស ជាប់លេខ១២១ ក្វាតេម៉ាឡា ជាប់លេខ១២០ ហ្សាម៉ាអ៊ីក ជាប់លេខ១១៩ ហៃទី ជាប់លេខ១១៨ និង បេលី ជាប់លេខ១១៧៕ 
 
 

Tag:
 កម្ពុជា
  កូវីដ-១៩
  ចំណាក់ថ្នាក់លេខ១
  Nikkei Asia
© រក្សាសិទ្ធិដោយ thmeythmey.com