ជាតិ
រថយន្ត
លោក ភឿង កុម្ភៈ ស្រឡាញ់ឡាន BMW បុរាណ ដូចដែលលោកស្រឡាញ់ល្ខោនស្បែកដែរ
× លោក ភឿង កុម្ភៈ រីករាយនៅពេលបើកបររថយន្ដរបស់គាត់ ដែលមានអាយុកាល ៣៥ឆ្នាំហើយ។ បុរសវ័យ ៤០ឆ្នាំរូបនេះ ក៏ចូលចិត្តល្ខោនស្បែកដែរ។ តាមធម្មតា គាត់ប្រើឡានម៉ាក BMW ប្រភេទ Série 3 ពីឆ្នាំ១៩៨៧ របស់គាត់ ដើម្បីទៅតាមខេត្ត។ ដោយមានមោទកភាពផង និងសើចផង គាត់ពន្យល់ថា ៖ «ខ្ញុំធ្លាប់ជិះទៅគ្រប់ខេត្តទាំងអស់ ជាមួយឡាននេះ។» ។
លោក ភឿង កុម្ភៈ ជាប្រធានសមាគមសិល្បករគោកធ្លក។ ដោយឡែក ឆ្នាំ២០២០ នៅពេលដែលមេរោគកូរ៉ូណាចាប់ផ្ដើមរាលដាលក្នុងប្រទេសកម្ពុជា ការសម្តែងល្ខោនស្បែក នៅក្នុងបរិវេណបណ្ណាល័យជាតិ របស់សមាគមរបស់លោក ក៏ត្រូវផ្អាកមួយរយៈដែរ។ ពេលដែលសម្តែងនៅក្រៅវិញ សមាគមល្ខោនស្បែកនេះ ប្រើថយន្ដធុនធ្ងន់ជួល ក៏ប៉ុន្តែវាដឹកសម្ភារច្រើនជាងដឹកមនុស្ស។ ហេតុនេះហើយ ទើបលោកកុម្ភៈ ដែលជាប្រធានសមាគមន ស្ម័គ្រចិត្តជិះឡានបុរាណរបស់ខ្លួនទៅ។
រៀងរាល់ដង គាត់ទន្ទឹងរង់ចាំថ្ងៃដែលត្រូវបើកបររថយន្ដបុរាណនោះ ដែលធ្វើឱ្យគាត់នឹករឭកកុមារភាព។ ការផ្ដល់តម្លៃទៅលើយានមួយ ដែលច្រើនចាត់ទុកជាវត្ថុចាស់អត់ប្រយោជន៍ គឺជារបៀបដែលលោក កម្ភៈ តវ៉ាទំនើបនិយមជ្រុល។ ល្ខោនស្បែកពីដើម ដែលគាត់តែងតែលើកកម្ពស់ មាន៣ទម្រង់ គឺល្ខោនស្បែកធំ ស្បែកតូច និងស្បែកពណ៌។ លោក កុម្ភៈ ជួយបន្តសិល្បៈបុរាណខ្មែរ។ ទន្ទឹមនឹងនេះ គាត់បន្តថែរក្សារថយន្ដមួយ ដែលគាត់មិនមែនជាម្ចាស់ដើមទេ។
មុននឹងក្លាយជាកម្មសិទ្ធិរបស់គាត់ BMW Série 3 ម៉ូឌែល E30 នោះ ធ្លាប់មានពលរដ្ឋកូរ៉េម្នាក់ជាម្ចាស់។ ហើយមុននឹងនេះទៀត ត្រូវបាននាំវាចូលប្រើប្រាស់ហើយពីបរទេស។ ទោះបីជាគេបានជួសជុលវា និងបាញ់ថ្នាំទ្រង់ទ្រាយ ព្រមទាំងផ្នែកជ័រខាងក្រៅ ដែលមានបិតលើទ្វារ និងលើដែកកាងមុខក្រោយក៏ដោយ រថយន្ដនេះ ត្រូវការដូរគ្រឿងខ្លះ។ ត្រូវដូរកញ្ចក់ឆ្លុះខាងស្ដាំ និងកញ្ចក់រាងត្រីកោណខាងក្រោយ។ ប៉ុន្តែគ្រឿងបន្លាស់បែបនេះ ពិបាកឃើញណាស់ក្នុងប្រទេស។ វាដូចរោងល្ខោនដែរ។ បន្ទាប់ពីមិនបានទទួលភ្ញៀវរយៈពេលជិត២ឆ្នាំ វាត្រូវការជួសជុលដែរ។ អ្នកទទួលខុសត្រូវ បានគិតអំពីបញ្ហានេះហើយ ក៏ប៉ុន្តែ «មិនទាន់បានឃើញលុយទេ»។ តាមពិតទៅសព្វថ្ងៃនេះ មិនសូវមានភ្ញៀវច្រើនប៉ុន្មានទេ។ លោក កុម្ភៈ បានចំណាយថវិកាខ្លួនឯងច្រើនហើយសម្រាប់សមាគមសិល្បករគោកធ្លកនេះ ហើយគាត់សង្ឃឹមឃើញសប្បុរសជនធំណាម្នាក់។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោម៖
BMW Série 3 ជំនាន់ទី២ (ក៏ហៅម៉ូឌែល E30 ដែរ) ត្រូវបានផលិតចំនួន ២ ៣៣៩ ២៥១ គ្រឿង ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩៤ ក្នុងរោងចក្រចំនួន៧ ដោយរោងចកម្រមួយ នៅទ្វីបអាម៉េរិក មួយនៅទ្វីបអាហ្វ្រិក ពីរនៅប្រទេសអាល្លឺម៉ង់ និង៣តែម្ដង នៅទ្វីបអាស៊ី។ BMW Série 3 ត្រូវបានផលិតតាំងពីឆ្នាំ១៩៧៥។ នៅពេលបច្ចុប្បន្ន ដល់ជំនាន់ទី៧ហើយ។ ឆ្នាំ២០១៥ ក្រុមហ៊ុន BMW បានធ្វើកម្មវិធីអបអរសាទរ Série 3 ទី ១០លាន ដែលត្រូវបានផលិត។ BMW ជាម៉ាកអាល្លឺម៉ង់បង្កើតឡើងឆ្នាំ១៩១៦៕
Tag:
ភឿង កុម្ភៈ
រថយន្ត
យានយន្ត
ឡានបុរាណ
ល្ខោនស្បែក
© រក្សាសិទ្ធិដោយ thmeythmey.com