រថយន្ត
អន្តរជាតិ
អ្នក​បើក​បរវ័យចំណាស់ក្នុងស្ថានភាព​ស្រវឹងក្លាយក្តីបារម្ភនៅអង់គ្លេស ក្នុងនោះមានបុរសម្នាក់អាយុ១០០ឆ្នាំ
11, Jul 2022 , 8:19 pm        
រូបភាព
ដោយ: ធីតា
មន្ត្រីនៅចក្រភពអង់គ្លេស កាលពីពេល​ថ្មីៗកន្លងមកនេះ បាន​លើកពី​ករណីឃាត់ខ្លួន​បុរស​វ័យ​១០០ឆ្នាំម្នាក់ពីបទ​បើក​បរទាំង​ស្រវឹង​។ គាត់ស្ថិតក្នុងចំណោម​អ្នក​បើកប​រ​៥ដែលមានអាយុលើស​៩០​ឆ្នាំ ត្រូវ​បានសមត្ថកិច្ច​ចាប់ខ្លួន​ពី​បទបើក​បរហួសល្បឿន​កំណត់។ នេះបើតាម​ការផ្សាយ​របស់សារព័ត៌មាន Wales Online។

 
ទិន្នន័យ​ថ្មីរបស់​​ភ្នាក់ងារអាជ្ញាបណ្ណ​អ្នក​បើក​បរ និងយានយន្ត (DVLA) ក្រោម​កិច្ចសហការជាមួយ​ក្រុមជួល​រថយន្ត​ដ៏ធំនៅចក្រភពអង់គ្លេស Select Car Leasing បាន​បង្ហាញពីតួលេខ​ដ៏គួរឲ្យព្រួយបារម្ភទាក់ទងនឹង​ការបើក​បរទាំងក្នុងស្ថានភាព​ស្រវឹង ជាពិសេស​ក្នុងចំណោម​មនុស្សវ័យ​ចំណាស់។
 
លោក Graham Conway នាយកគ្រប់គ្រងក្រុមហ៊ុន Select Car Leasing បានលើកឡើងថា គ្មានអ្វី​ដែលអាថ៌កំបាំងនោះឡើយ ដែលមនុស្សវ័យចំណាស់ មាន​ការមើល​ឃើញមិន​សូវ​ច្បាស់ និង​មាន​ប្រតិកម្មយឺតជាងក្មេង ប៉ុន្តែរាល់អ្នក​បើកបរត្រូវតែមានទំនួលខុស​ត្រូវ​លើ​ការបញ្ជាយានយន្ត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់។
 
ទិន្នន័យ​បង្ហាញថា គ្រោះថ្នាក់ដែល​កើត​ឡើង​ដោយសារការបើកបរក្នុង​ស្ថានភាព​ស្រវឹងនៅទូទាំងចក្រភពអង់គ្លេស​មាន​ការកើនឡើង​ខ្ពស់ ដោយក្នុងនោះបុរស​ជាង​១៥ម៉ឺននាក់ និង​ស្ត្រី​ជាង​៣៨០០០នាក់ ដោយអ្នក​ខ្លះព្យាយាម និង​បង្កើន​ល្បឿនហួសដែន​កំណត់។
 
ក្នុងចំណោមនោះ អ្នកបើកករ​ក្នុងស្ថានភាពស្រវឹងជិត​៥០០នាក់ មានអាយុ​ចន្លោះពី​៨០ ទៅ៨៩​ឆ្នាំ ជិត​៣៥០០នាក់ចន្លោះពី​៧០ទៅ៧៩​ឆ្នាំ ជាង១១០០០នាក់ អាយុ​ចន្លោះពី​៦០ទៅ​៦៩​ឆ្នាំ។ អ្នក​បើកបរ​៥នាក់មាន​អាយុ​លើស​៩០​ឆ្នាំ ហើយ​បុរសម្នាក់ឈាន​ដល់អាយុ​១០០ឆ្នាំ ដែលជាប់កំណត់ត្រា អ្នក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ដែលមានវ័យ​ចំណាស់ជាងគេ​នៅចក្រភពអង់គ្លេស។ ចំណែក​ស្ត្រី មាន​ម្នាក់អាយុ​ដល់ទៅ៩៥​ឆ្នាំផងដែរ។
 
កម្រិតជាតិ​អាល់កុលកំណត់​សម្រាប់​ការ​បើកបរនៅអង់គ្លេស វេលស៍ និងអៀរឡង់ខាងជើង គឺ​៨០មីល្លីក្រាមនៃជាតិអាល់កុល​ក្នុង១០០មីល្លីលីត្រឈាម ខណៈស្កុតឡែនកំណត់ត្រឹម​៥០មីល្លីក្រាម​ក្នុង​១០០មីល្លីលីត្រឈាម។
 
របាយការណ៍​របស់នាយកដ្ឋាន​ដឹកជញ្ជូន​ចក្រភពអង់គ្លេស (DfT) បង្ហាញថា មនុស្ស​ជាង​៦០០០នាក់នៅឆ្នាំ២០២០ បាន​ស្លាប់ ឬរង​របួសដោយ​សារតែអ្នក​បើក​បរស្ថិតក្នុងស្ថានភាព​ស្រវឹង ដោយ​មាន​កំណើន​ខ្ពស់​បំផុត​សម្រាប់គ្រោះថ្នាក់នៅ​លើ​ផ្លូវ​ថ្នល់។
 
បើតាមលោក Conway ករណី​ផឹក​គ្រឿងស្រវឹងភាគច្រើន​កើនឡើង​នា​អំឡុងនៃការរាលដាលកូវីដ-១៩ ដោយ​មនុស្ស​ពិបាកជួបជុំ​គ្រួសារមិត្តភក្តិ ហើយ​បាន​ជាតិអាល់កុលដោះស្រាយភាពតប់ប្រមល់។ ទោះបីជាយ៉ាងណាក៏ដោយ លោក​ប្រឆាំងដាច់ខាត​ចំពោះទង្វើ​បែបនេះ វានឹងបង្ក​គ្រោះថ្នាក់​កាន់តែធ្ងន់ធ្ងរនាពេលខាងមុខ។
 
Wales Online បាន​បញ្ជាក់ថា គ្មាន​ការ​កំណត់អាយុ​សម្រាប់ការ​កាន់​បណ្ណ​បើកបរនោះឡើយនៅ​ចក្រភពអង់គ្លេស ប៉ុន្តែ​សម្រាប់អ្នកមាន​អាយុ​ចាប់ពី​៧០​ឆ្នាំឡើងទៅ ត្រូវ​តែធ្វើ​សុពល​ភាព​បណ្ណ​រៀងរាល់​៣ឆ្នាំម្តង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com