រថយន្ត
អន្តរជាតិ
ក្រុមហ៊ុន​យានយន្តចិន នាំមុខ​គេ​លើទីផ្សាររថយន្តអគ្គិសនីនៅ​ថៃ
11, Jul 2022 , 8:39 pm        
រូបភាព
ដោយ: ធីតា
 ក្រុមហ៊ុន​ផលិត​យានយន្ត​របស់​ចិន កំពុង​ក្លាយ​ជា​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​បង្កើត​ការផលិត​រថយន្តអគ្គិសនី​ (EV) នៅ​ប្រទេស​ថៃ។ នេះ​បើតាម​ការផ្សាយ​របស់ Nikkei Asia ដោយ​លើកឡើង​ពី​វត្តមាន​ក្រុមហ៊ុន Great Wall Motor ដែល​កំពុងនាំមុខ​គេ។

 
ចាប់តាំងពី​ការ​ឈាន​ចូលទីផ្សារនៅឆ្នាំ​២០២១ Great Wall Motor លក់​រថយន្ត​របស់ខ្លួន​បាន​ជាង​២០០០គ្រឿង​ ហើយ​រំពឹងថា អ្នក​បើកបរ​ថៃ ជាង​៣០០០នាក់​ទៀត កំពុង​រង់ចាំ​ប្រើ​ប្រាស់​ផលិត​ផល​រថយន្ត EV ពីក្រុមហ៊ុន​យក្ស​របស់​ចិនមួយនេះ។ Ora Good Cat ដែលជាផលិត​កំណត់មួយរបស់ក្រុមហ៊ុន ​តាមរយៈ​ការផលិត​តែ​ប្រមាណ​៥០០គ្រឿង បាន​លក់​ដាច់អស់​ក្នុង​ប្រទេស​ថៃ ក្នុង​រយៈពេល​តែ​៥៨នាទីប៉ុណ្ណោះ។
 
ក្រៅពីនេះ ក្រុមហ៊ុន SAIC Motor ដែលមាន​មូល​ដ្ឋាន​នៅ​ក្រុង​សៀងហៃ ក៏ទទួលបាន​នូវការពេញនិយម​ខ្លាំងនៅ​ថៃ ផងដែរ ដោយ​ឆ្នាំកន្លងមក លក់​ដាច់​បាន​ដល់ទៅ​​ជាង​៤៥០០គ្រឿង ហើយ​ក្រុមអ្នក​វិភាគទីផ្សារ​វាយតម្លៃ​ថា ទីផ្សារ​នឹងកាន់តែ​លុកលុយជាងនេះ។
 
បើតាម​សហព័ន្ធឧស្សាហកម្ម​ថៃ (FTI) រថយន្ត​ជាង​១ម៉ឺនគ្រឿង នឹងលក់​ដាច់នៅ​ឆ្នាំ២០២២នេះ ដែល​ជាចំនួន​គុណ​នឹង​បួន បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០២១ ដោយ​សាររដ្ឋាភិបាល​ មាន​គោលការណ៍​លើកទឹក​ចិត្ត​ចំពោះអ្នក​ប្រើ​ប្រាស់ ជាពិសេស​ការ​ជំរុញ​ផលិតផលយានយន្ត​​បៃតង​ក្នុង​ស្រុក។
 
រដ្ឋាភិបាល​ថៃ ចង់​ឲ្យក្រុមហ៊ុន​​យានយន្ត​ថៃ បង្កើន​ការ​ផលិតយានយន្តអគ្គិសនី​ចាប់ពី​៣០ភាគរយ​ឡើង​នៅ​មុន​​ឆ្នាំ​២០៣០។ ប​ន្ថែមពីលើនេះ ក្រុមហ៊ុន​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​ប្រមាណ ៤២៤០​ដុល្លារ​សម្រាប់​រថយន្ត EV មួយគ្រឿង រួមទាំងគោល​ការណ៍​បញ្ចុះពន្ធផ្សេងៗ។
 
លោក Surapong Paisitpatanapong បាន​ថ្លែងប្រាប់ Nikkei Asia ថា៖ «ក្រុមហ៊ុនជប៉ុន និង​ម៉ាកយីហោរល្បីៗ​ផ្សេងទៀតពីអឺរ៉ុប ក៏ព្យាយាម​វាយ​លុកទីផ្សារថៃ​ផងដែរ ប៉ុន្តែ​មិន​សូវ​ជាមាន​ការប្រកួតប្រជែងឡើយ បើប្រៀបធៀប​ទាំងនឹង​យីហោរល្បីៗ​របស់ចិន»។
 
កាលពី​ឆ្នាំ​២០២១ ទីផ្សារថយន្ត EV របស់​ចិន កើនឡើង​៥៨ភាគរយ ហើយនៅ​ឆ្នាំ​នេះ នឹង​បន្ត​កើន​ឡើង​ប្រមាណ​៨០ភាគរយ ខណៈក្រុមហ៊ុនជប៉ុន មាន​ប្រមាណ​តែ​៥ភាគរយ ហើយ​ម៉ាកយីហោរពីបណ្តា​ប្រទេសផ្សេងទៀត មាន​តែរង្វង់​១ភាគរយប៉ុណ្ណោះ។
 
ថៃ​ដាក់ផែន​ការជំរុញ​ការ​ប្រើ​ប្រាស់រថយន្តអគ្គិសនី​ចាប់ពីពាក់កណ្តាល​ឆ្នាំ២០២១មក បន្ទាប់ពី​ PTT Group ដែល​ក្រុមហ៊ុន​ប្រេង និងឧស្ម័ន​ដ៏ធំ​ប្រទេស សហ​ការជាមួយ​ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ដើម្បីពង្រីកផលិតផល EV ចាប់ពីឆ្នាំ២០២៤៕
 

© រក្សាសិទ្ធិដោយ thmeythmey.com