ជាតិ
សេដ្ឋកិច្ច
៥ខែ កម្ពុជា-ជប៉ុន សម្រេចបានទំហំពាណិជ្ជកម្ម ៧៧៨លានដុល្លារ
11, Jul 2022 , 8:59 pm        
រូបភាព
រូបភាព ពីក្រសួងសាធារណការ និងដឹកជញ្ជូន ។
រូបភាព ពីក្រសួងសាធារណការ និងដឹកជញ្ជូន ។
ដោយ ៖ ធន់ សេងហុង 
 
 
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុន សម្រេចបានក្នុងរង្វង់ទឹកប្រាក់ជាង ៧៧៨លានដុល្លារ នៅក្នុងរយៈពេល៥ខែ នេះ​។ ទំហំនេះ បានកើនឡើងក្នុងអត្រា ១២,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណ ៦៩៣លានដុល្លារ ។


ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញ ជាមួយបណ្តាប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​បានឱ្យដឹងថា ការនាំចេញទំនិញពីកម្ពុជាទៅជប៉ុន ៥ខែនេះ មានទំហំទឹកប្រាក់ជាង ៤៦២លានដុល្លារ ដែលមានការកើនឡើងប្រមាណ ១០,៣ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានជាង ៤១៩លានដុល្លារ​។
 
ចំណែកឯការនាំចូលទំនិញពីជប៉ុនមកកម្ពុជា​វិញ មានទំហំប្រមាណ ៣១៦លានដុល្លារ មានការកើនឡើងក្នុងអត្រា ១៥,៤ភាគរយ បើធៀបរយៈពេលដូចគ្នា ដែលមានទំហំទឹកប្រាក់ជាង ២៧៣លានដុល្លារ ក្នុងឆ្នាំ២០២១​។
 
ប្រភេទមុខទំនិញដែលកម្ពុជានាំចូលពីជប៉ុន ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២២មានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ ប្លាស្ទិក...។ ចំណែកទំនិញដែលកម្ពុជានាំចេញទៅប្រទេសជប៉ុនវិញ មានផលិតផលស្បែក កាបូប ស្បែកជើង សម្លៀកបំពាក់​ ...។
 
បើតាមស្ថិតិរបស់ CDC ភាគហ៊ុននៃការវិនិយោគផ្ទាល់ពីបរទេសដែលហូរចូលប្រទេសកម្ពុជាពីឆ្នាំ ១៩៩៤- ២០២១ មានចំនួន ៥៤៥ពាន់លានដុល្លារ។ ក្នុងនោះជប៉ុនបានឈរនៅលំដាប់លេខ៥ ស្មើនឹង ៥,២ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស។
 
កន្លងទៅថ្មីៗនេះ កម្ពុជាបានដាក់សម្ពោធនូវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា(Cambodia Private Commercial Center) មួយកន្លែងនៅប្រទេសជប៉ុន ដើម្បីពង្រីកទីផ្សារ ​នាំចេញនូវផលិតកម្ពុជា ហើយដើម្បីទាក់ទាញវិនិយោគគិនជប៉ុន ៕
 
 

Tag:
 ជប៉ុន ទំហំពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com