អន្តរជាតិ
លោកវ៉ាង យី៖ អាស៊ីគួរសម្រេចអនាគតដោយខ្លួនឯង និងមិនត្រូវឱ្យមហាអំណាចប្រើជាកូនអុកឡើយ
11, Jul 2022 , 10:29 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន (កណ្តាល)។ រូបភាព៖ Xinhua
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន (កណ្តាល)។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី១១ ខែកក្កដា បានព្រមានជាថ្មី ចំពោះបណ្តាប្រទេសអាស៊ីកុំឱ្យក្លាយជាកូនអុករបស់មហាអំណាច។ បើតាមលោក វ៉ាង អនាគតតំបន់អាស៊ី គួរតែស្ថិតក្នុងដៃរបស់ប្រទេសក្នុងតំបន់ មិនមែនមហាអំណាចមកពីខាងក្រៅឡើយ។

 
ពីលេខាធិការដ្ឋានអាស៊ាននៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី ក្នុងថ្ងៃទី១១ ខែកក្កដា លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានយល់ឃើញថា ប្រទេសជាច្រើននៅក្នុងតំបន់ ត្រូវបានដាក់សម្ពាធឱ្យជ្រើសយករវាងភាគីផ្សេងៗ។ ទោះមិនសំដៅដល់ប្រទេសណា ប៉ុន្តែលោកវ៉ាង ទំនងសំដៅដាក់អាម៉េរិក ដែលជារឿយៗ ចិនចោទថា ចង់យកតំបន់មួយនេះ ធ្វើជាក្តារអុក។ បើតាមលោក វ៉ាង ប្រទេសក្នុងតំបន់អាស៊ី គួរតែនៅឆ្ងាយពីការគំរាមសម្លុត និងការប្រកួតប្រជែងរបស់មហាអំណាច។ 
 
«យើងគួរដាក់តំបន់មួយនេះ (អាស៊ី) នៅឱ្យដាច់ពីការប្រជែងភូមិសាស្រ្តនយោបាយ, ពីការត្រូវបានប្រើជាកូនអុករបស់មហាអំណាច និងពីការគំរាមសម្លុត»។ ប្រមុខការទូតចិន បានថ្លែងប្រាប់អ្នកចូលរួមបែបនេះ ដោយបន្ថែមថា ប្រទេសជាច្រើន ក្នុងតំបន់ គួរតែសម្រេចអនាគត ដោយខ្លួនឯង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។​
 
លោក វ៉ាង ក៏បានលើកឡើងពីជំនួបទ្វេភាគីជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី៩​ ខែកក្កដាផង។ ប្រមុខការទូតចិន បានបញ្ជាក់ថា ភាគីទាំងពីរគួរតែពិភាក្សាពីការបង្កើតវិធានសម្រាប់ការប្រតិកម្មប្រកបដោយភាពវិជ្ជមាន។ ត្រង់ចំណុចនេះ លោកវ៉ាង បានជំរុញឱ្យគាំទ្រតួនាទីស្នូលអាស៊ាន ប្រកាន់ខ្ជាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិក្នុងតំបន់ គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាជាងការកៀបសង្កត់គ្នាទៅវិញទៅមក។ 
 
ក្នុងជំនួបនាកោះបាលីនាថ្ងៃទី៩ ខែកក្កដា លោកប្លីងខិន បានអះអាងជាថ្មីថា អាម៉េរិកគ្មានចេតនាបង្កើតសង្រ្គាមត្រជាក់ ឬកៀបសង្កត់ចិន, ផ្លាស់ប្តូរប្រព័ន្ធដឹកនាំចិន និងគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ឡើយ។ 
 
ជុំវិញបញ្ហាតៃវ៉ាន់ លោកវ៉ាង បានថ្លែងប្រាប់អ្នកចូលរួមថា ភាគីក្រុងប៉េកាំង និងក្រុងតៃប៉ិ នឹងរីករាយចំពោះការអភិវឌ្ឍ ប៉ុន្តែនៅពេលគោលការណ៍ «ចិនតែមួយ» ស្ថិតក្រោមការគំរាមកំហែង វានឹងបង្កឱ្យមានផលវិបាកជាច្រើន៕  
 

Tag:
 ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com