ភ្នំពេញ៖ ពោតក្រហមក្នុងខេត្តបាត់ដំបង ដែលទើបតែប្រមូលផលបានប្រហែល ៣០ភាគរយ ត្រូវធ្លាក់ថ្លៃជាង១០០រៀលក្នុងមួយគីឡូក្រាម ដោយសារក្រុមជញ្ជីងចល័តកម្ពុជា អន្តរាគមន៍ចាប់ឡានដឹកលើសទម្ងន់ ធ្វើឱ្យឈ្មួញថៃមិនហ៊ានចូលទិញ។ កសិករ បានត្អួញត្អែរ ពីបញ្ហាពោតធ្លាក់ថ្លៃភ្លាមៗ ដែលអាចប្រឈមនឹងការខាតបង់ គួបផ្សំនឹង ជី សាំង ឡើងថ្លៃផងនោះ។
ថៃ ជាទីផ្សារនាំចេញកសិកម្មសំខាន់មួយរបស់កម្ពុជា។ ក្នុងនោះ កសិករខេត្តបាត់ដំបង ស្ទើរតែ ៨០ភាគរយ ត្រូវលក់ពោតក្រហមទៅកាន់ប្រទេសថៃ ដើម្បីកែច្នៃធ្វើជាចំណីសត្វ ឬចំណីអាហារផ្សេងៗ។ ជាទូទៅ ពោតក្រហម មានតម្លៃជាង ៧០០រៀលក្នុងមួយគីឡូក្រាម តែបច្ចុប្បន្ន ធ្លាក់មកប្រហែល ៦០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
អ្នកស្រី ឃី នឿន កសិករដាំពោតក្រហមចំនួន ៣ហិកតា នៅភូមិអូរតាសុខ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ពោតក្រហមបានធ្លាក់ថ្លៃយ៉ាងលឿនក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ បន្ទាប់ពីក្រុមជញ្ជីងចល័ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន រឹតបន្តឹង និងចាប់ឡានឈ្មួញថៃដែលដឹកលើសទម្ងន់ ធ្វើឱ្យក្រុមឈ្មួញទាំងនោះមិនហ៊ានចូលទិញពោតពីកសិករ។
បើតាម អ្នកស្រី ឃី នឿន បច្ចុប្បន្ន ពោតក្រហមមានតម្លៃប្រហែល ៦០០រៀលក្នុងមួយគីឡូក្រាម ពោលគឺធ្លាក់ថ្លៃជាង១០០រៀល។ កសិករ រូបនេះ បានត្អូញត្អែរថា ការធ្លាក់ថ្លៃនេះ នឹងអាចឱ្យគាត់ខាតបង់ ខណៈជី សាំង ក៏ឡើងថ្លៃ ។
ទោះបី ពោតទទួលបានតម្លៃទាប ប៉ុន្តែ កសិកររូបនេះ ត្រូវបង្ខំចិត្តលក់ភ្លាមៗ ព្រោះបើ ទុកខ្លាចខូច និងស្រកគីឡូ។ មួយវិញទៀត អ្នកស្រី ត្រូវការយកលុយទៅសងគេ និងដាំដំណាំផ្សេងទៀត។
ស្រ្តីរូបនេះ បានបាក់ទឹកចិត្ត និងចង់បោះបង់មុខរបរធ្វើចម្ការចោល ដោយលើកហេតុផលដូច្នេះ៖«ធ្លាក់ថ្លៃភ្លាមៗពេក ខ្ញុំពិបាកទទួលយកណាស់ ព្រោះយើងខំដាំទម្រាំតែបាន ហើយលក់បានថោកទៀត អ៊ីចឹង ទូទាត់ទៅអត់រួចខ្លួនទេ។ វាធ្វើឱ្យខ្ញុំបាក់ទឹកចិត្តលែងចង់ធ្វើចម្ការទៀត ព្រោះយើងទិញពូជ ជីថ្នាំកសិកម្មសុទ្ធតែថ្លៃ តែដល់ពេលលក់ដំណាំថោក»។
លោក ហៀង វេន កសិករដាំពោតក្រហមចំនួន ២០ហិកតាម្នាក់ទៀត នៅភូមិអូរចោត ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានលើកឡើងថា បច្ចុប្បន្ន ក្រុមឈ្មួញថៃបានមកប្រមូលទិញពោតពីកសិករធម្មតាវិញហើយ។ ប៉ុន្តែ តម្លៃដែលផ្ដល់ដោយឈ្មួញកណ្ដាលនៅមិនទាន់ឡើងនោះទេ។
ការធ្លាក់តម្លៃនេះ បានធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ លោក ហៀង វេន។ កសិកររូបនេះ បានជំពាក់ធានាគារប្រមាណ៣ម៉ឺនដុល្លារ ដែលត្រូវបង់ប្រចាំខែជាង៣០០ដុល្លារ។ ដូច្នេះ ទោះបី ពោតមានតម្លៃថោក ក៏លោកពុំអាចរក្សាទុក ឬពន្យារពេលលក់បានដែរ ព្រោះត្រូវញាប់យកលុយបង់ធានាគារ។ លោក ប្រាប់ដូច្នេះថា៖«ពិបាកចិត្តណាស់! បើគិតទូទាត់ទៅដាំពោតឆ្នាំនេះអត់មានចំណេញ ធ្វើបានតែហត់ទេ កសិករយើងឥឡូវ។ តម្លៃ៦០០រៀលនេះ ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ តែខុសគ្នាត្រង់ថា ឆ្នាំនេះអ្វីៗក៏ឡើងថ្លៃ ជីថ្នាំកសិកម្ម សាំង ឈ្នួល សុទ្ធតែឡើងថ្លៃ»។
នៅឆ្នាំនេះលោក ហៀង វេន បានពង្រីកផ្ទៃដីដាំដុះពី១០ ទៅ២០ហិកតា ដោយរំពឹងថា នឹងទទួលបានតម្លៃល្អជាងឆ្នាំមុន ។ ប៉ុន្តែផ្ទុយទៅវិញ លោកត្រូវខកចិត្ត ដោយសារដល់រដូវប្រមូលផល ពោតធ្លាក់ថ្លៃ ខណៈជីថ្នាំកសិកម្ម និងថ្លៃពលកម្មកាច់ពោត និងភ្ជួរ សុទ្ធសឹងតែឡើងថ្លៃទាំងអស់។
ជុំវិញបញ្ហានេះ លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានបញ្ជាក់ថា ពោតក្រហមតាមព្រំដែន ពុំមានបញ្ហាតម្លៃ និងទីផ្សារនោះទេ។ គ្រាន់តែ ប៉ុន្មានថ្ងៃមុន ពោតក្រហមធ្លាក់ថ្លៃបន្តិច ដោយសារតែកសិករកម្ពុជា និងថៃប្រមូលផលព្រមគ្នា។ មួយវិញទៀត ក្រុមជញ្ជីងចល័តកម្ពុជា បានចុះត្រួតពិនិត្យ និងចាប់ឡានដឹកលើសទម្ងន់ ធ្វើឱ្យឈ្មួញថៃផ្អាកការបញ្ជាទិញបណ្ដោះអាសន្ន។
បច្ចុប្បន្ន ពោតក្រហមចាប់ផ្ដើមតម្លៃល្អឡើងវិញ ខណៈឈ្មួញពីប្រទេសថៃក៏បន្តចូលទិញធម្មតា។ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងរូបនេះ ឱ្យដឹងថា ច្បាប់អនុញ្ញាតឱ្យឡានដឹកទំនិញត្រឹម ៥០តោនប៉ុណ្ណោះ ប៉ុន្តែ ឡានរបស់ក្រុមឈ្មួញថៃខ្លះដឹងដល់ ៩៥តោន ធ្វើឱ្យផ្លូវខូច។ ក្រោយការសម្របសម្រួលគ្នា ក្រុមជញ្ជីងចល័ត បានសម្រចដាក់ពិន័យ ភ្ជាប់ជាមួយកិច្ចសន្យា ហើយដោះលែងឡានទាំងនោះឱ្យដំណើរការទិញពោតពីកសិករធម្មតា។
លោក គឹម ហួត ប្រាប់សារព័ត៌មានថ្មី២៥ តាមតេឡេក្រាមដូច្នេះថា៖«ដំបូងឡើយ កសិករយើងផ្អើលថា ឈ្មួញថៃលែងចូលទិញ តាមពិតមិនមែនទេ! គ្រាន់តែយើងមិនអនុញ្ញាតឱ្យថៃហ្នឹងដឹកលើសទម្ងន់ពេក។ ឥឡូវ ឈ្មួញថៃចូលទិញធម្មតាឡើងវិញ»។
បើតាម លោក គឹម ហួត កសិករខេត្តបាត់ដំបង ប្រមូលពោតក្រហមបានប្រមាណ ៣០ភាគរយហើយ ក្នុងនោះលក់ចេញទៅទីផ្សារប្រទេសថៃ ២៥ភាគរយ និង៥ភាគរយ លក់ទៅឱ្យក្រុមហ៊ុនផលិតចំណីផលិតសត្វក្នុងស្រុក៕