ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្រ្តីការបរទេសជាន់ខ្ពស់អាម៉េរិក ធ្វើទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ
12, Jul 2022 , 10:30 am        
រូបភាព
លោក ដាញែល គ្រីថេនប៊្រីង ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក និយាយក្នុងព្រឹទ្ធសភាអាម៉េរិក កាលពីចុងឆ្នាំ២០២១។ រូបពី AFP
លោក ដាញែល គ្រីថេនប៊្រីង ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក និយាយក្នុងព្រឹទ្ធសភាអាម៉េរិក កាលពីចុងឆ្នាំ២០២១។ រូបពី AFP
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស លោក ដាញែល គ្រីថេនប៊្រីង (Daniel J. Kritenbrink) ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវមកដល់កម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ហើយលោក នឹងត្រូវបន្តបំពេញទស្សនកិច្ចនៅកម្ពុជា ដល់ថ្ងៃ១៣កក្កដា។ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ក៏បានផ្សាយព័ត៌មានខ្លីលើទំព័រហ្វេសប៊ុករបស់ខ្លួន អំពីដំណើរទស្សនកិច្ចរបស់លោក ដាញែល គ្រីថេនប៊្រីង នៅកម្ពុជាដែរ។ 

 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាម៉េរិក អះអាងថា លោក ដាញែល គ្រីថេនប៊្រីង នឹងជួបលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតក្នុងជួរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី អំពីការគាំទ្ររបស់អាម៉េរិកលើកម្ពុជាដែលកំពុងបំពេញតួនាទីជាប្រធានអាស៊ាន រួមទាំងដំណោះស្រាយក្នុងតំបន់និងលើពិភពលោក។ សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា លោកឧបការី ក៏នឹងជួបថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងយុវជនកម្ពុជាផងដែរ។ 
 
ចេញពីកម្ពុជា លោក ដាញែល គ្រីថេនប៊្រីង នឹងបន្តដំណើរទៅបំពេញទស្សនកិច្ចនៅជប៉ុន រហូតដល់ថ្ងៃទី១៥កក្កដា។ សូមរម្លឹកថា លោកឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក ធ្លាប់ដាក់គម្រោងមកកម្ពុជាម្តងរួចមកហើយ កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ ប៉ុន្តែត្រូវលុបចោលវិញ ដោយសារកាលនោះ លោក ឆ្លងជំងឺកូវីដ-១៩៕ 
 

Tag:
 កម្ពុជា-អាម៉េរិក
  Daniel Kritenbrink
© រក្សាសិទ្ធិដោយ thmeythmey.com