ជាតិ
រថយន្ត
ហាមចរាចរយានយន្តលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រោះការសាងសង់មិនទាន់ចប់ទាំងស្រុងឡើយ
12, Jul 2022 , 10:52 am        
រូបភាព
រូបថតពីក្រសួងសាធារណការ កាលពីខែធ្នូ ឆ្នាំ២០២១
រូបថតពីក្រសួងសាធារណការ កាលពីខែធ្នូ ឆ្នាំ២០២១
ដោយ: រួបរួម
ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១២ ខែកក្កដា នេះ បានចេញសេចក្តីជូនដំណឹងស្តីពីបម្រាមចរាចរយានយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយសារការសាងសង់មិនទាន់បញ្ចប់ទាំងស្រុង ជាពិសេសមិនបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍។

 
«បច្ចុប្បន្ន ការធ្វើចរាចរយានយន្តរបស់សាធារណជន និងពលរដ្ឋមួយចំនួនបានចូលប្រើប្រាស់ផ្លូវនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ និងបានបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់»។ នេះបើតាមការលើកឡើងក្នុងសេចក្តីជូនដំណឹង ដោយក្រសួងអះអាងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) មិនទាន់បញ្ចប់ទាំងស្រុងឡើយ។
 
ដើម្បីជៀសវាងការរំខានដល់ដំណើរការសាងសង់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ក្រសួងសាធារណការ បានសម្រេចឲ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទប្រើប្រាស់ឡើយ ពោលគឺលើកលែងតែរថយន្តបម្រើការងារគម្រោង និងយានយន្តដែលតម្រូវឲ្យមានការចាំបាច់ក្រោមការអនុញ្ញាតពីក្រសួងប៉ុណ្ណោះ។
 
បើតាមក្រសួងសាធារណការ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
 
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ចំណាយរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង។ ផ្លូវល្បឿនលឿននេះបានឆ្លងកាត់ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។
 
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com