អន្តរជាតិ
ចិន ជំរុញឱ្យជប៉ុនទាញមេរៀនពីប្រវត្តិសាស្រ្ត ទាក់ទិនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
12, Jul 2022 , 11:59 am        
រូបភាព
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ រូបភាពយកពីក្រសួងការបរទេសចិន
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១១ ខែកក្កដា បានជំរុញឱ្យជប៉ុនទាញមេរៀនពីប្រវត្តិសាស្រ្ត និងស្វែងរកទំនុកចិត្តពីប្រទេសជិតខាងក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ ការទទូចពីសំណាក់មន្រ្តីក្រសួងការបរទេសចិននេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ប្តេជ្ញាធ្វើវិសោធនកម្មជប៉ុន។

 
តាមរយៈលទ្ធផលបឋមនៃការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននៅថ្ងៃទី១០ ខែកក្កដា ក្រុមគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញ បានទទួលកៅអីលើសពី ២ភាគ៣ នៅក្នុងសភាជាន់ខ្ពស់។ បន្ទាប់ពីទទួលបានសំឡេងគ្រាប់គ្រាន់នៅក្នុងសភា នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានប្តេជ្ញាដើរតាមគន្លងលោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ក្នុងការគាំទ្រឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជប៉ុន។ 
 
ទាក់ទិននឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជប៉ុន ចិន ដែលជាប្រទេសជិតខាង បានបង្ហាញក្តីមិនពេញចិត្ត និងទទូចឱ្យជប៉ុនទាញមេរៀនពីប្រវត្តិសាស្រ្ត។ ចិន ជាប្រទេសមួយក្នុងតំបន់អាស៊ី ដែលធ្លាប់ត្រូវបានជប៉ុនឈ្លានពានក្នុងសម័យសង្រ្គាម ហើយស្រ្តីជនជាតិចិនជាច្រើន ត្រូវបានបង្ខំឱ្យបម្រើផ្លូវភេទទៅក្នុងបន្ទាយយោធាជប៉ុន។
 
«យើងសង្ឃឹមថា ជប៉ុននឹងរៀនមេរៀនពីប្រវត្តិសាស្រ្ត បន្តរក្សាការអភិវឌ្ឍប្រកបដោយសន្តិភាព និងស្វែងរកទំនុកចិត្តពីប្រទេសជិតខាង និងសហគមន៍អន្តរជាតិ»។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ដោយសារបញ្ហាប្រវត្តិសាស្រ្ត ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ជប៉ុន ត្រូវបានសហគមន៍អន្តរជាតិ និងប្រទេសជិតខាង តាមដានយ៉ាងដិតដល់។ 
 
បើតាមមន្រ្តីក្រសួងការបរទេសចិនរូបនេះ រដ្ឋាភិបាលក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចជាមួយក្រុងតូក្យូ ក្នុងការបន្តទំនាក់ទំនងទ្វេភាគី ក្នុងនាមប្រទេសជិតខាងល្អ មិត្តភាព និងរក្សាកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើឯកសារ ដែលប្រទេសទាំងពីរធ្លាប់ព្រមព្រៀងពីមុនមក។ 
 
រដ្ឋធម្មនុញ្ញជប៉ុន ចាប់តាំងពីចូលជាធរមាននៅឆ្នាំ១៩៤៧ មក មិនធ្លាប់ធ្វើវិសោធនកម្មឡើយ។ កន្លងមក បក្សប្រជាធិបតេយ្យសេរី បានស្នើឱ្យកែប្រែរដ្ឋធម្មនុញ្ញដែរ ប៉ុន្តែមិនបានសម្រេចឡើយ ដោយសារបក្សប្រឆាំង ដែលមានសំឡេងនៅក្នុងសភាជំទាស់។ ជប៉ុន កន្លងមក ចង់កែប្រែមាត្រា៩ នៃរដ្ឋធម្មនុញ្ញ ដោយសារមាត្រាមួយនោះ បានហាមឃាត់ប្រទេសអាស៊ីខាងកើតមួយនេះ មិនឱ្យធ្វើសង្រ្គាមនៅក្រៅប្រទេស ឬមានកម្លាំងយោធាឡើយ។ បច្ចុប្បន្ន ជប៉ុនមានតែកម្លាំងស្វ័យការពារប៉ុណ្ណោះ នៅក្នុងប្រទេស។ 
 
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងធ្វើឱ្យជប៉ុន មានកម្លាំងយោធាដូចប្រទេសដទៃ និងអាចធ្វើសង្រ្គាមនៅក្រៅប្រទេស ដូចមុនឆ្នាំ១៩៤៥ ដែលជាពេលជប៉ុនចាញ់សង្រ្គាមលោកលើកទីពីរ ជាមួយអាល្លឺម៉ង់ និងអ៊ីតាលី។  មិនតែប៉ុណ្ណោះ បំណងកែប្រែរដ្ឋធម្មនុញ្ញលើកចុងក្រោយនេះ ធ្វើឡើងស្របពេលជម្លោះនៅអ៊ុយក្រែនកំពុងផ្ទុះឡើង និងចិន កំពុងបង្កើនឥទ្ធិពលក្នុងតំបន់ រួមទាំងធ្វើទំនើបកម្មយោធារបស់ខ្លួនផង។ 
 
ការកែប្រែរដ្ឋធម្មនុញ្ញ អាចធ្វើទៅបាន លុះត្រាតែមានការការគាំទ្រពីសមាជិកសភាចំនួន ២ភាគ៣ នៃសភាទាំងពីរថ្នាក់។ បន្ទាប់ពីមានការគាំទ្រពីសភា សំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះ ត្រូវយកទៅធ្វើប្រជាមតិ ដោយមានសំឡេងគាំទ្រភាគច្រើនពីប្រជាជនថែមទៀត ទើបអាចធ្វើវិសោធនកម្មបាន។ 
 
គួររំឮកថា ទីភ្នាក់ងារព័ត៌មាន Kyodo នៅក្នុងខែឧសភា បានស្រង់មតិប្រជាជនចំនួន ៣០០០នាក់ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ជុំវិញការកែប្រែរដ្ឋធម្មនុញ្ញ ដោយ៦១,៣ភាគរយ បានផ្តល់ចម្លើយត្រូវនឹងសំណួរ។ ក្នុងការស្រង់មតិនេះ ប្រជាជនចំនួន៥១ភាគរយ ចង់ឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈប្រជាជនចំនួន៤៥ភាគរយ បានអះអាងថា វាមិនមែនជារឿងចាំបាច់៕  
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com