អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ NOW-Us បណ្តុះបណ្តាលនិងការផ្តល់ថវិកាជំនួយដើម្បីពង្រឹងនិង​លើកកម្ពស់រដូវកាលទី២
12, Jul 2022 , 4:29 pm        
រូបភាព
NOW-Us!Cambodia គឺជាកម្មវិធីបណ្តុះបណ្តាល និងការផ្តល់ថវិកាជំនួយដើម្បីពង្រឹងនិង​លើកកម្ពស់ក្រុម ឬស្ថាប័ន ដែលធ្វើការជាមួយ ជនដែលមានពិការភាពក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ឬអ្នកប្តូរភេទ ក្រុមស្រ្តីងាយរងគ្រោះ ក្រុមយុវជននិងចាស់ជរាងាយរងគ្រោះ​ និងជនជាតិដើមភាគតិច។
 
NOW-Us! Cambodia រដូវកាលទី២ដែលរៀបចំដោយ Impact Hub Phnom Penh បានប្រារព្ធ ធ្វើឡើងនៅថ្ងៃទី១២កក្កដា ឆ្នាំ២០២២ នៅ Factory Phnom Penh ដោយមានការចូលរូមពី
ឯកឧត្តម សំហេង​ បុរស រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីនិងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម និងអង្គការ ព្រមទាំងភ្ញៀវកត្ដិយសជាច្រើនទៀត។


 
ឯកឧត្តម សំហេង​ បុរស បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅថ្ងៃនេះ និងសូមអរគុណដល់អង្គការ Impact Hub Phnom Penh តែងតែរៀបចំកម្មវិធីល្អៗ ដល់យុវជន យុវតី​ ដែលរស់នៅកម្ពុជា។ ខ្ញុំសូមលើកទឹកចិត្ដដល់បងប្អូនជនពិការភាពទាំងអស់ កុំមានការបាក់ទឹកចិត្ដ​ និងត្រូវខិតខំប្រឹងប្រែងរៀនជំនាញអ្វីមួយ ដើម្បីទទួលបានឱកាសប្រកួតប្រជែងក្នុងស្រុក និងក្រៅស្រុក។ លោកបានបន្ថែមទៀតថា៖« ខ្ញុំសូមសំណូមពរដល់បងប្អូនខ្មែរទាំងអស់ កុំមានការរើសរើងលើជនពិការ និងត្រូវជំរុញលើកទឹកចិត្ដពួកគាត់ទាំងអស់គ្នា»។
 


លោក ថៃ​​ ពេជ្ញមុនី ប្រធានគ្រប់គ្រងគម្រោងនៃ Impact Hub PhnomPenh បានថ្លែងថា ៖«Now-US! មានបំណង​ទទួលស្គាល់គំនិតផ្ដួចផ្ដើមនិងលើកកម្ពស់ការរួមបញ្ចូលភាពចម្រុះនិងបរិយាបន្នសង្គមជំរុញឱ្យមានការពង្រឹងអំណាច ដល់ក្រុមងាយរងគ្រោះទាំង៥។
 
ក្រុមទាំង៥បានដូចជា៖ ជនដែលមានពិការភាពក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ​ ជនជាតិដើមភាគតិច ក្រុមដែលត្រូវគេរើសអើងអាយុ ដូចជាមនុស្សវ័យចំណាស់ ឬយុវជន និងស្រ្ដី ដែលទទួលរងនូវការកេងប្រវ័ញការរំលោភបំពាន ឬអំពើហិង្សា។ លោកបានបន្ដទៀតថា កាលពីរដូវកាលទី១ យើងមាន១០ក្រុម បានចូលរូមមានវគ្គបណ្ដុះបណ្ដាលដូចជា វគ្គគ្រប់គ្រងគម្រោង វគ្គគ្រប់គ្រង់ថវិកានិងវគ្គការតស៊ូមតិ នៅក្នុងសហគមន៍ជាដើម ក្រោយពីចប់វគ្គបណ្ដុះបណ្ដាលក៏មានការធ្វើបទបង្ហាញមួយ ដែលក្រុមជ័យលាភីទទួលបានថវិកាលើកទឹកចិត្ដផងដែរ»។
 


Now-US!Cambodia Podcast ផ្ដោតសំខាន់ទៅលើ បរិយាបន្ននិងភាពចម្រុះក្នុងសង្គម​ ដែលមានការចែករំលែក ពីអ្នកជំនាញផ្សេងៗផងដែរ៕
 














(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com