ជាតិ
សង្គមជាតិ
សម្តេច ស ខេង ជំរុញឲ្យរួមគ្នា «បំបាត់ឲ្យអស់មរណភាពមាតា ពេលពពោះ សម្រាល និងក្រោយសម្រាល»
12, Jul 2022 , 9:59 pm        
រូបភាព
រូបរង្វង់មូល គឺសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងក្នុងទិវាប្រជាជនពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច)។ រូបទាំងមូល គឺលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល (ពាក់ម៉ាស់-ពាក់វែនតា និងដើរជួរមុខ) ចុះពិនិត្យមើលនៅមន្ទីរពេទ្យគន្ធបុប្ផា៣ ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុក Dr Beat Richner)។

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សហការគ្នា ដើម្បី «លុបបំបាត់ឲ្យអស់នូវមរណភាពមាតា ដែលអាចការពារបាន»។ សាររបស់សម្តេច ធ្វើឡើងក្នុងទិវាប្រជាជនពិភពលោកលើកទី៣៣ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

ការលុបបំបាត់ឲ្យអស់នូវមរណភាពមាតា គឺជាគោលដៅសូន្យទី២ ក្នុងចំណោមគោលដៅសូន្យ៣។ បើតាមរដ្ឋមន្រ្តីមហាផ្ទៃ គោលដៅសូន្យ២ទៀត គឺ ទី១ លុបបំបាត់ឲ្យអស់នូវផែនការគ្រួសារដែលមិនបានឆ្លើយតប ទី៣ លុបបំបាត់ឲ្យអស់នូវអំពើហិង្សា និងការរើសអើងទាក់ទងនឹងយេនឌ័រ។ គោលដៅសូន្យ៣ សំដៅលើការធ្វើឲ្យបញ្ហាទាំង៣នេះ លែងមានឬធ្លាក់មកនៅកម្រិតសូន្យ ដែលកម្ពុជា តាំងចិត្តសម្រេចឲ្យបាន។ 
 
ធ្វើជាអធិបតីក្នុងទិវាប្រជាជនពិភពលោកលើកទី៣៣ រដ្ឋមន្រ្តីមហាផ្ទៃ មានប្រសាសន៍ដូច្នេះថា៖«អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ដែលជាប្រធានគណៈកម្មាធិការប្រជាជន ដើម្បីអភិវឌ្ឍរាជធានី-ខេត្ត ត្រូវសហការជិតស្និទ្ធជាមួយក្រសួងផែនការ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសត្រូវដឹកនាំ និងតម្រង់ទិសដល់មន្ទីរពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាសម្រេចឲ្យបាននូវគោលដៅសូន្យ៣»។ 
 
អត្ថបទ១របស់អង្គការសុខភាពពិភពលោក (WHO) ដែលត្រូវបានផ្សព្វផ្សាយកាលពីឆ្នាំ២០១៩ បានពន្យល់ថា ភាគច្រើនបំផុតនៃមាតា គឺអាចការពារបានពីមរណភាព តាមរយៈដំណោះស្រាយផ្នែកសុខាភិបាល។ អត្ថបទដដែលនេះ បញ្ជាក់ថា ស្រ្តីគ្រប់រូប ត្រូវទទួលបានសេវាថែទាំដែលមានគុណភាពខ្ពស់ទាំង៣ដំណាក់កាល គឺដំណាក់កាលពពោះ ដំណាក់កាលប្រសូត និងដំណាក់កាលក្រោយប្រសូត៕ 
 
Tag:
 ស ខេង
  គោលដៅសូន្យ៣
  លុបបំបាត់មរណភាពមាតា
© រក្សាសិទ្ធិដោយ thmeythmey.com