កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់មេដាយមាសអូឡាំពិក Mo Farah ជាជនរងគ្រោះនៃការជួញដូរកុមារនៅអង់គ្លេស
12, Jul 2022 , 11:59 pm        
រូបភាព
អតីតម្ចាស់មេដាយមាសអូឡាំពិក Sir Mo Farah នៅថ្ងៃទី១១ ខែកក្កដា សារភាពថា ខ្លួនត្រូវបានគេនាំ​ទៅ​ចក្រភព​អង់គ្លេស ​ដោយ​ខុស​ច្បាប់​កាល​ពីវ័យ​កុមារ និង​ត្រូវ​​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ។

 
Farah បានប្រាប់កាសែត BBC ថា មានស្ត្រីម្នាក់នាំរូបគេទៅអង់គ្លេសដោយខុសច្បាប់ ក្រោមឈ្មោះថ្មីថា Mohamed Farah ក្នុងនាមជាកូនចញ្ចឹម។ កាលនោះ Farah បានចាកចេញពីប្រទេសអាហ្វ្រិកខាងកើត ជីប៊ូទី នៅត្រឹមអាយុ ៩ ឆ្នាំ។
 
ម្ចាស់មេដាយមាសអូឡាំពិកចំនួន៤ លើប្រភេទកីឡារត់ចម្ងាយ (តំណាងឱ្យអង់គ្លេស) ដែលមានឈ្មោះពិត Hussein Abdi Kahin មានឪពុកម្តាយជាជនជាតិជីប៊ូទី ប៉ុន្តែឪពុកត្រូវបានសម្លាប់នៅក្នុងប្រទេសសូម៉ាលី។ Farah អះអាងថា ការផ្លាស់ប្តូរឈ្មោះថ្មីនេះ ដើម្បីឱ្យរូបគេចូលទៅមើលថែកូនរបស់គ្រួសារផ្សេងទៀតនៅក្នុងប្រទេសអង់គ្លេស។ នេះមានន័យថា Farah ត្រូវបានស្ត្រីដែលនាំរូបគេចាកចេញពីប្រទេសកំណើត ជួញដូរ ដោយត្រូវលក់រូបគេបន្តទៅម្ចាស់ថ្មីទៀត។
 
«មនុស្សភាគច្រើនស្គាល់ខ្ញុំថា Mo Farah ប៉ុន្តែវាមិនមែនជាឈ្មោះរបស់ខ្ញុំទេ។ នេះជាការបញ្ជាក់របស់ Farah ដែលសព្វថ្ងៃមានវ័យ៣៩ឆ្នាំ ដោយបន្ថែមថា៖ «ជាការពិត ខ្ញុំកើតនៅសូម៉ាលីឡេនភាគខាងជើងប្រទេសសូម៉ាលី និងមានឈ្មោះ Hussein Abdi Kahin។ ឪពុកម្តាយខ្ញុំមិនដែលរស់នៅអង់គ្លេសទេ។ ខ្ញុំអាយុ៤ឆ្នាំ ឪពុកខ្ញុំត្រូគេសម្លាប់ក្នុងសង្គ្រាមស៊ីវិល»។
 
Farah ដែលបានក្លាយជាអត្តពលិកផ្លូវការរបស់អង់គ្លេសនៅឆ្នាំ២០០៥ សារភាពថា កូនរបស់ខ្លួនជាអ្នកជំរុញឱ្យនិយាយការពិតអំពីប្រវត្តិដ៏ជូចត់នេះ។
 
«ខ្ញុំបានរក្សាទុករឿងរ៉ាវនេះយូរណាស់មកហើយ វាពិបាកណាស់ព្រោះអ្នកមិនចង់ប្រឈមមុខនឹងវា ហើយជារឿយៗកូនរបស់ខ្ញុំតែងតែសួរសំណួរថា ប៉ា ម៉េចបានមកដល់ទីនេះ? ខ្ញុំ​តែង​តែ​ផ្តល់ចម្លើយមិនពិត តែចុងក្រោយខ្ញុំនៅតែប្រាប់កូនដដែល»។
 
Farah មានឈ្មោះល្បីល្បាញនៅទូទាំងចក្រភពអង់គ្លេស រហូតទទួលបានគោរមងា Sir ក្រោយឈ្នះមេដាយមាសអូឡាំពិកវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ និង១០០០០ម៉ែត្រ នៅក្រុងឡុងដ៍ឆ្នាំ២០១២ និងក្រុងរីយ៉ូ ឆ្នាំ២០១៦៕
 

Tag:
 Sir Mo Farah
© រក្សាសិទ្ធិដោយ thmeythmey.com