ជាតិ
បុគ្គលសំខាន់ៗចំនួន៣០០នាក់ត្រៀមចូលរួមសម្ពោធសៀវភៅលោក ឃីម សុខហេង នៅល្ងាចនេះ
13, Jul 2022 , 1:36 pm        
រូបភាព
ភ្នំពេញ៖ សៀវភៅ«ប្តូររបៀបគិត ជីវិតរុងរឿង»របស់លោក ឃីម សុខហេង ត្រូវសម្ពោធនៅថ្ងៃល្ងាចថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២២នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Le Royal) ដោយមានអ្នកចូលរួមចំនួនប្រមាណជា៣០០នាក់។ អនុស្សាវរីយ៍ ការសប្បាយ ការឈឺចាប់ រឿងរ៉ាវតស៊ូក្នុងភាពក្រីក្រ រឿងរ៉ាវស្នេហា ជីវិតជំនួញ ភាពជោគជ័យ ការចែករំលែក សកម្មភាពមនុស្សធម៌…។ ទាំងអស់នេះ គឺជាសាច់រឿងដែលត្រូវបានរំលេចនៅក្នុងសៀវភៅកម្រាស់ជាង២០០ទំព័រ ជាភាសាខ្មែរ បារាំង អង់គ្លេស និងភាសាចិន។


 
កើតក្រោយជំនាន់ប៉ុលពត ពោលនៅដើមទសវត្សរ៍៨០ លោក ឃីម សុខហេង បានចំណាយពេលដ៏ច្រើនធ្វើការនៅតាមវាលស្រែក្រោមកម្តៅថ្ងៃ និងដំណក់ទឹកភ្លៀង មុននឹងក្លាយទៅជាបុគ្គលអន្តរជាតិម្នាក់។ «ជីវិតពីគ្មានស្បែកជើងពាក់ត្រឹមត្រូវក្នុងវាលស្រែ ប្រែមកជាវាគ្មិននៅលើវេទិកាអន្តរជាតិ»។ 
 
 អ្នកនិពន្ធជនជាតិបារាំងលោក Pierre Gillette អតីតនិពន្ធនាយកសារព័ត៌មានបារាំង Cambodge Soir និងលោក គី សុខលីម សហស្ថាបនិកសារព័ត៌ថ្មីៗ(Thmeythmey.com) បានពន្យល់ថា បើនិយាយពីបរិបទនៅក្នុងប្រទេសកម្ពុជា និងស្ថានភាពប្រទេសកម្ពុជា ក្រោយរបបប៉ុលពត តួអង្គដែលមានដំណើរជីវិតលំបាកលំបិនស្រដៀងលោក ឃីម សុខហេង អាចមានចំនួនច្រើននាក់។ ប៉ុន្តែ លោកមានលក្ខណៈពិសេសដែលអនុញ្ញាតឲ្យអ្នកនិពន្ធសម្រេចចិត្តលើកយកតួអង្គរបស់គាត់មកធ្វើជាតំណាងឲ្យយុវជនដទៃទៀតដែលកើតក្រោយជំនាន់ប៉ុលពត ហើយបានតស៊ូឆ្លងកាត់ឧបសគ្គជាច្រើនទម្រាំរូបលោកបានឈានមកដល់ដំណាក់កាលមួយប្រសើរជាងមុន។ 


 
 
សៀវភៅជាង២០០ទំព័រនេះ និយាយពីជីវិតកុមារភាពរបស់លោក ឃីម សុខហេង ដែលមានឪពុកម្តាយជាអ្នកមិនសូវមានចំណេះ និងក្រីក្រនៅក្នុងខេត្តព្រៃវែង។ តស៊ូសិក្សារៀនសូត្រជាមួយក្តីសង្ឃឹមជានិច្ច ហើយនៅទីបញ្ចប់ តាមរយៈចំណេះវិជ្ជា លោក ឃីម សុខហេង បានប្រែក្លាយជីវភាពក្រីក្ររបស់លោកឲ្យទៅជាគ្រួសារធូរធាក្នុងសង្គមបច្ចុប្បន្ន។
 
 
ជាបុគ្គលដែលផ្តល់តម្លៃខ្លាំងលើចំណេះវិជ្ជា និងប្រើប្រាស់ចំណេះវិជ្ជាដើម្បីចាកចេញពីភាពក្រីក្រ លោក ឃីម សុខហេង ចង់ចែករំលែកបទពិសោធន៍ជីវិត និងការតស៊ូក្នុងនាមជាកូនកសិករទៅកាន់យុវជនដទៃទៀតតាមរយៈសៀវភៅរបស់លោក។ លោក ឃីម សុខហេង ដែលធ្លាប់ជានិស្សិតនៃសកលវិទ្យាល័យបញ្ញាសាស្រ្តផងដែរនោះ បានផ្សងព្រេង«ស្មុំ»ចំណេះក្នុងគ្រាលំបាក រួចហើយប្រើប្រាស់ចំណេះរបស់ខ្លួនដើម្បីចែករំលែក និងដើម្បីបង្កើតប្រាក់សម្រាប់គ្រួសារ និងសហគមន៍។ ក្រៅពីដំណើរជីវិតតស៊ូក្នុងការសិក្សា សៀវភៅដដែលនេះ ក៏និយាយផងដែរពីចំណុចចាប់ផ្តើមនៃសេចក្តីសេ្នហារបស់លោកក្នុងវ័យសិក្សាជាមួយភរិយាលោកសព្វថ្ងៃ។ 
 
  
លោក នួន សុថេរ៉ូ និងលោក កៃ គីមសុង សហស្ថាបនិកនៃក្រុមហ៊ុនបោះពុម្ពផ្សាយ សៀវភៅលោក ឃីម សុខហេង (Amazadia Education) បានបញ្ជាក់ថា សៀវភៅស្តីពីដំណើរជីវិតតស៊ូរបស់លោក ឃីម សុខហេង ពិតជាបទពិសោធន៍ជីវិត និងបទពិសោធន៍ជំនួញដ៏មានសារៈសំខាន់សម្រាប់អ្នកអានគ្រប់វ័យ ជាពិសេស យុវជន៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com