អន្តរជាតិ
ក្រុងកៀវ៖ ជំនួយជាង១ពាន់លានដុល្លារពីអឺរ៉ុប នឹងជួយអ៊ុយក្រែនរក្សាស្ថិរភាពហិរញ្ញវត្ថុក្នុងពេលសង្រ្គាម នាយករដ្ឋមន្រ្តីអ៊ុយក្រែន Denys Shmyhal ។ រូបថត AFP
× ប្រមុខរដ្ឋាភិបាលអ៊ុយក្រែន លោក Denys Shmyhal នៅថ្ងៃទី១២ ខែកក្កដា បានសាទរសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបដែលបានអនុម័តផ្តល់កញ្ចប់ជំនួយ ក្នុងទំហំជាង១ពាន់លានដុល្លារ ដល់អ៊ុយក្រែន។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ កញ្ចប់ជំនួយមួយនោះ នឹងជួយអ៊ុយក្រែនរក្សាស្ថិរភាពហិរញ្ញវត្ថុនៅក្នុងប្រទេស ស្របពេលខ្លួនមានសង្រ្គាមជាមួយរុស្ស៊ី។
រដ្ឋមន្រ្តីហិរញ្ញវត្ថុសហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែកក្កដា បានអនុម័តកញ្ចប់ជំនួយហិរញ្ញវត្ថុក្នុងទំហំជាង១ពាន់លានដុល្លារទៅអ៊ុយក្រែន។ នេះជាកញ្ចប់ជំនួយលើកដំបូង ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន៩ពាន់លានដុល្លារ ដែលមេដឹកនាំអឺរ៉ុបសន្យាផ្តល់ឱ្យក្រុងកៀវនៅក្នុងខែឧសភាកន្លងទៅ។
បន្ទាប់ពីការសម្រេចនេះ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បានអបអរយ៉ាងខ្លាំង ដោយចាត់ទុកវាមានចាំបាច់ ក្នុងការជួយអ៊ុយក្រែន។
«ជំនួយ ដែលត្រូវបានរដ្ឋមន្រ្តីហិរញ្ញវត្ថុសហភាពអឺរ៉ុប អនុម័តមុននេះ នឹងជួយអ៊ុយក្រែនរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របពេលមានជម្លោះជាមួយរុស្ស៊ី»។ ប្រមុខរដ្ឋាភិបាលអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ តាមរយៈប្រព័ន្ធ Telegram ទៅកាន់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១២ ខែកក្កដា។ ទន្ទឹមនេះ លោក Shmyhal បានបន្ថែមថា រដ្ឋាភិបាលក្រុងកៀវ កំពុងស្វះស្វែងរកជំនួយហិរញ្ញវត្ថុជាង ២០០លានដុល្លារទៀត ពីអ៊ីតាលី ក្នុងលក្ខខណ្ឌអនុគ្រោះ។
ក្នុងថ្ងៃដដែលនោះ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានបញ្ជាក់ថា ក្រុងកៀវ បានទទួលជំនួយហិរញ្ញវត្ថុចំនួន១,៧ពាន់លានដុល្លារពីអាម៉េរិក ដើម្បីគ្រប់គ្រងលើការចំណាយរបស់រដ្ឋសម្រាប់សេវាវេជ្ជសាស្រ្ត ក្រោមកម្មវិធីការធានាវេជ្ជសាស្រ្ត។
នៅក្នុងខែមិថុនាកន្លងមក រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko បានថ្លែងក្នុងវេទិកាសាធារណៈមួយថា ក្រុងកៀវ បានគ្រោងកៀរគរជំនួយអន្តរជាតិ ក្នុងទំហំ ២០ពាន់លានដុល្លារ ពីដៃគូប្រទេសលោកខាងលិច នៅដំណាច់ឆ្នាំ ២០២២។
សូមបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ប្រទេសខាងលិច បានផ្តល់ជំនួយយោធា និងមនុស្សធម៌ជាច្រើនលានដុល្លារ ដើម្បីទប់នឹងរុស្ស៊ី ដែលកំពុងផ្តោតប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ភាគខាងកើតអ៊ុយក្រែន៕
Tag:
អ៊ុយក្រែន
អឺរ៉ុប
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com