ជាតិ
រថយន្ត
សេដ្ឋកិច្ច
គយទុកពេលឱ្យម្ចាស់រថយន្ត ទៅបង់ពន្ធ ដល់ដើមខែតុលា
13, Jul 2022 , 7:59 pm        
រូបភាព
ដោយ ៖ ធន់ សេងហុង

ម្ចាស់រថយន្តគ្មានពន្ធទាំងចង្កូតស្តាំ និងឆ្វេងដែលមានស្រាប់ក្នុងប្រទេស ត្រូវទៅបង់ពន្ធឱ្យអគ្កនាយកដ្ឋានគយ និងរដ្ឋាករ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នាថ្ងៃទី១១ ខែកក្កដា ។ ​


អគ្គនាយដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រាប់ឱ្យម្ចាស់រថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលបានកក់ប្រាក់ពន្ធ និងអាកររួច តែពុំទាន់កែចង្កូត អាចទៅយកបង្កាន់ដៃពន្ធយានយន្ត ដោយមានជម្រើសក្នុងការកែ ឬមិនកែចង្កូត ដើម្បីយកទៅចុះបញ្ជីធ្វើផ្លាកលេខ។ 
 
ចំពោះម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ ដែលពុំទាន់បានកក់ប្រាក់ពន្ធ ត្រូវទៅស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស នៅអង្គភាពគយ និងរដ្ឋាករ ដែលនៅជិតបំផុត រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ ក្នុងករណីរថយន្តខកខាន មិនបានចុះបញ្ជីហួសកាលកំណត់នេះ នឹងត្រូវចាត់ទុកជារថយន្តទើបរត់ពន្ធចូលមកថ្មី ហើយជាមុខសញ្ញានៃការបង្រ្កាប និងរឹបអូស តាមបទប្បញ្ញត្តិជាធរមាន។ នេះបើតាមអគ្គនាយកដ្ឋានគយ។
 
ដោយឡែក ចំពោះម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេស អាចមកបង់ពន្ធអាករ រហូតដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២ ដោយមិនរងការពិន័យ។ កាលបរិឆ្ឆេទកំហិតបង់ពន្ធនេះ ក៏អនុវត្តចំពោះម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ ដែលបានស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេសផងដែរ។
 
គួរបញ្ជាក់ថា ការអនុវត្តន៍គោលការណ៍អនុគ្រោះខាងលើនេះ មិនអនុវត្តចំពោះរថយន្តដែលមានឆ្នាំម៉ូដែល ចាប់ពីឆ្នាំ២០២១ឡើងទៅឡើយ ដែលជាកម្មវត្ថុនៃការបង់ពន្ធអាករ និងទទួលរងពិន័យ តាមបទប្បញត្តិជាធរមាន។ នេះបើតាមអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។
 
សូមជម្រាបដែរថា សម្ដេច ហ៊ុន សែន បានសម្រេចឱ្យម្ចាស់រថយន្តចង្កូតស្ដាំ ទៅបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូត សម្រាប់តែរថយន្តចង្កូតស្ដាំដែលកំពុងបម្រើការនៅក្នុងស្រុក កាលពីថ្ងៃទី០៦កក្កដា។ ចំណែករថយន្តចង្កូតស្ដាំដែលនាំចូលមកកម្ពុជា ក្រោយសម្ដេចប្រកាសនេះ នឹងត្រូវចាប់ ហើយអនុវត្តតាមផ្លូវច្បាប់៕
 

Tag:
 គយ រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com