អន្តរជាតិ
មន្រ្តីការទូតអាម៉េរិក សាទរតួនាទីប្រមុខការទូតកម្ពុជាជាប្រេសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ា
13, Jul 2022 , 10:29 pm        
រូបភាព
លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ រូបភាពថតដោយ Yim Gechhour
លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ រូបភាពថតដោយ Yim Gechhour
លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃទី១៣ ខែកក្កដា បានបង្ហាញក្តីពេញចិត្តចំពោះតួនាទីរបស់ប្រមុខការទូកកម្ពុជា ក្នុងនាមជាប្រេសិតពិសេសអាស៊ាន ដើម្បីសម្របសម្រួលបញ្ហានៅមីយ៉ាន់ម៉ា។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ អាម៉េរិក នឹងបន្តដាក់សម្ពាធលើរបបសឹកមីយ៉ាន់ម៉ា ដើម្បីឱ្យដោះលែងអ្នកនយោបាយ និងឈានទៅរកការអនុវត្តប្រជាធិបតេយ្យឡើងវិញ។

 
ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink បានលើកយកបញ្ហាជាច្រើនមកពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា ក្នុងនោះរួមទាំងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាផង។ ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១៣ ខែកក្កដា លោក Kritenbrink បានថ្លែងថា លោក គាំទ្រប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ក្នុងតួនាទីជាប្រេសិតពិសេសអាស៊ាន ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ 
 
«ខ្ញុំបានប្រាប់ពីការពេញចិត្តចំពោះលោកឧបនាយករដ្ឋមន្រ្តី (លោក ប្រាក់ សុខុន) សម្រាប់តួនាទីរបស់លោក ក្នុងនាមជាប្រេសិតពិសេសអាស៊ាន»។  ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន ដែលបានសួរជុំវិញវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ 
 
ទន្ទឹមនេះ មន្រ្តីជាន់ខ្ពស់អាម៉េរិក បានបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ដែលធ្វើដំណើរទស្សនកិច្ចនៅថៃ ដោយបានអះអាងពីការដាក់សម្ពាធបន្ថែមទៀតរបស់អាម៉េរិក លើរបបសឹក ដើម្បីជំរុញឱ្យដោះលែងអ្នកនយោបាយកំពុងជាប់ឃុំ និងឈានទៅរកការអនុវត្តប្រជាធិបតេយ្យឡើងវិញ។ លោក Kritenbrink បានជំរុញឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អនុវត្តការឯកភាព ៥ចំណុច ដែលមេដឹកនាំអាស៊ាន ដាក់ចេញនៅក្នុងខែមេសា ឆ្នាំ២០២១ កន្លងទៅ។ 
 
ជាមួយគ្នានេះ អ្នកសារព័ត៌មាន បានសួរមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាម៉េរិក ជុំវិញវត្តមានរបស់លោក ប្លីងខិន ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ាផងដែរ។ លោក Kritenbrink បានអះអាងថា លោកមិនទាន់អាចជូនដំណឹងជុំវិញការចូលរួមរបស់រដ្ឋមន្រ្តីការបរទេស ក្នុងកិច្ចប្រជុំនៅខែសីហាខាងមុខបានឡើយ។ 
 
ដោយចាត់ទុកកម្ពុជាជាមិត្តមានចំណងទំនាក់ទំនងរយៈពេលវែង ឧបការីរដ្ឋមន្រ្តីការបរទេស បានបន្តថា អាម៉េរិកបន្តប្តេជ្ញា និងកែលម្អទំនាក់ទំនងប្រទេសទាំងពីរ។ មិនតែប៉ុណ្ណោះ មន្រ្តីរូបនេះ ក៏បានលើកឡើងពីជំនួយរបស់អាម៉េរិក ដែលបានជួយកម្ពុជានាពេលកន្លងមកផងដែរ៕
 

Tag:
 អាម៉េរិក
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com