អន្តរជាតិ
កូរ៉េខាងជើង ទទួលស្គាល់ឯករាជ្យតំបន់ផ្ដាច់ខ្លួនពីរនៅអ៊ុយក្រែន
14, Jul 2022 , 12:06 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ឆេ ស៊ុនហ៊ី។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ឆេ ស៊ុនហ៊ី។ រូបថត AFP
កូរ៉េខាងជើង បានទទួលស្គាល់ឯករាជ្យរបស់តំបន់ផ្ដាច់ខ្លួនពីរនៅភាគខាងកើតអ៊ុយក្រែន ហើយត្រៀមខ្លួនបង្កើតទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃទី១៤ ខែកក្កដា។ ក្រុងកៀវ ក៏ប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយក្រុងព្យុងយ៉ាងវិញដែរ។

 
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ឆេ ស៊ុនហ៊ី បានផ្ញើលិខិតមួយទៅកាន់សមភាគីសាធារណរដ្ឋប្រជាមានិតលូហាន និងសាធារណរដ្ឋប្រជាមានិតដូណេត្សនៅថ្ងៃទី១៣ ខែកក្កដា ដើម្បីបញ្ជាក់ពីការទទួលស្គាល់ឯករាជ្យរបស់តំបន់ផ្ដាច់ខ្លួនទាំងពីរនេះ។ 
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) ក្នុងលិខិតនោះ លោកស្រី ឆេ បញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងជើង សម្រេចទទួលស្គាល់តំបន់ទាំងពីរ ហើយបង្ហាញឆន្ទៈអភិវឌ្ឍទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋជាមួយប្រទេសទាំងនោះដោយយោងតាមគោលការណ៍ឯករាជ្យ សន្តិភាព និងមិត្តភាព។ 
 
កូរ៉េខាងជើង ជាប្រទេសទីបីដែលទទួលស្គាល់រដ្ឋាភិបាលតំបន់ផ្ដាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែនបន្ទាប់ពីរុស្ស៊ី និងស៊ីរី។ កាលពីរុស្ស៊ីលេបយកគ្រីមេនៅឆ្នាំ២០១៤ កូរ៉េខាងជើង ក៏បង្ហាញការគាំទ្រដែរ។
 
ជាវិធានការតបវិញ រដ្ឋាភិបាលអ៊ុយក្រែន ក៏ផ្ដាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើងដូចគ្នា៕

Tag:
 កូរ៉េខាងជើង
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com