ជាតិ
លោក ថោង ខុន ស្នើរដ្ឋាភិបាលពិនិត្យលទ្ធភាពបើកច្រកទ្វារអន្តរជាតិថ្មីៗបន្ថែមទៀត
14, Jul 2022 , 7:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍។ រូបភាព៖ ក្រសួងទេសចរណ៍ ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍។ រូបភាព៖ ក្រសួងទេសចរណ៍ ។
ដោយ:
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្នើរដ្ឋាភិបាល សិក្សាលទ្ធភាពនៃការបើកច្រកទ្វារអន្តរជាតិថ្មីៗបន្ថែម ដើម្បីទាក់ទាញទេសចរអន្តរជាតិឱ្យចូលមកកម្ពុជា។ 
ការបើកទទួលទេសចរអន្តរជាតិ នឹងចូលរួមស្ដារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ។ ក្រោយសា្ថនភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាថមថយ រដ្ឋាភិបាលកម្ពុជាបានបើកច្រកទ្វារអន្តរជាតិផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសជាបន្តបន្ទាប់។ យ៉ាងណាមិញនាពេលបច្ចុប្បន្ន ក្នុងមួយថ្ងៃទេសចរអន្តរជាតិចូលមកម្ពុជា ចន្លោះពី ៥ ០០០ ទៅ ៥ ៦០០នាក់។


 
ទេសចរអន្តរជាតិភាគច្រើនចូលមកកម្ពុជា តាមច្រកទា្វរអន្តរជាតិផ្លូវអាកាសភ្នំពេញ សៀមរាប និងច្រកទ្វាអន្តរជាតិកងកេង និងច្រកទ្វារអន្តរជាតិផ្លូវគោក ។ ចំណែកច្រកទ្វារអន្តរជាតិផ្លូវទឹក មានទេសចរអន្តរជាតិចូលមកតិចតួចនៅឡើយ។ ដើម្បីកំណើនទេសចរអន្តរជាតិ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើរដ្ឋាភិបាលសិក្សាលទ្ធភាពបើកច្រកទ្វារអន្តរជាតិបន្ថែមទៀត។ 
 
«សំណូមពរឱ្យមានការសិក្សា ពិនិត្យលទ្ធភាពក្នុងការបើកច្រកទ្វារអន្តរជាតិថ្មីៗបន្ថែមទៀត ដើម្បីជំរុញលំហូរទេសចរ ពិសេសបណ្ដាប្រទេសជិតខាងក្នុងតំបន់ ជាឧទាហរណ៍ ច្រកផ្លូវសមុទ្រនៅកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត និងច្រកទ្វារអន្តរជាតិផ្សេងៗទៀតនៅតំបន់ឆ្នេរ»។ លោក ថោង ខុន លើកឡើងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ នាព្រឹកថ្ងៃទី១៤កក្កដា។

គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន។
 
ឆ្លើយតបនឹងសំណើរបស់លោក ថោង ខុន នេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមឱ្យមន្ត្រីជំនាញសិក្សាលទ្ធភាព និងពិភាក្សាជាមួយភាគីថៃ ឡាវ និងវៀតណាម ដើម្បីបើកច្រកព្រំដែនបន្ថែម ក្នុងការទាញកំណើនទេសចរឡើងវិញ។ 
 
បច្ចុប្បន្ននៅខេត្តកំពត និងកែបមានកំពង់ផែទេសចរណ៍អន្តរជាតិធំៗចំនួនពីរ។ ខេត្តកែបមាន កំពង់ផែកោះទន្សាយ សម្រាប់ទទួលទេសចរអន្តររជាតិតាមផ្លូវទឹកពីប្រទេសថៃ និងវៀតណាម។ ចំណែកកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលបានសាងសង់លើផ្ទៃដីប្រមាណ ៤ហិកាតា ក៏ផ្ដោតលើទីផ្សារទេសចរអន្តរជាតិពីថៃ និងវៀតណាមដែរ។ 
 
សូមជម្រាបថាកម្ពុជាមានច្រកទ្វារចំនួន ៨២ជាប់ប្រទេសចំនួនបី គឺថៃ វៀតណាម និងប្រទេសឡាវ ក្នុងនោះច្រកទ្វារអន្តរជាតិមាន ៧ ដែលមានច្រកទ្វារផ្លូវអាកាស៣ និងច្រកទ្វារផ្លូវទឹក ៤។ ច្រកទ្វារព្រំដែនអន្តរជាតិ មានចំនួន១៨ និងច្រកទ្វារភាគីមានចំនួន ១៧ ច្រកទ្វារតំបន់ចំនួន ៣២ ច្រកទ្វារកំពង់ផែចំនួន ៩ និងច្រកទ្វារត្រៀមដំឡើងចំនួន ៩។ នេះបើតាមរបាយការណ៍ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ គិតត្រឹមឆ្នាំ២០២០៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com