អន្តរជាតិ
បាតុករស្រីលង្កា ប្រកាសបញ្ចប់ការគ្រប់គ្រងការិយាល័យប្រធានាធិបតី និងនាយករដ្ឋមន្រ្តី
14, Jul 2022 , 5:29 pm        
រូបភាព
បាតុករស្រីលង្កា នៅលើការិយាល័យនាយករដ្ឋមន្រ្តី។ រូបភាព៖ AFP
បាតុករស្រីលង្កា នៅលើការិយាល័យនាយករដ្ឋមន្រ្តី។ រូបភាព៖ AFP
មេដឹកនាំបាតុករស្រីលង្កា លោក Jeewantha Peiris នៅថ្ងៃទី១៤ ខែកក្កដា បានអះអាងថា ក្រុមតវ៉ា នឹងបញ្ចប់ការគ្រប់គ្រងអគាររដ្ឋាភិបាល ដោយក្នុងនោះរួមទាំងការិយាល័យប្រធានាធិបតី និងនាយករដ្ឋមន្រ្តី។ យ៉ាងណាមិញ បាតុករស្រីលង្កា បានសន្យាថា នឹងបន្តការតវ៉ារបស់ខ្លួន ដើម្បីទាមទារឱ្យនាយករដ្ឋមន្រ្តីស្រីលង្កា និងជាប្រធានាធិបតីស្តីទី លោក Ranil Wickremesinghe ចុះចេញពីតំណែង។

ជាច្រើនខែហើយ ប្រជាជនស្រីលង្កាជាច្រើននាក់ បានចេញមកតវ៉ា ដើម្បីជំរុញឱ្យបក្ស Sri Lanka Podujana ដែលដឹកនាំដោយ លោកហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ប្រធានាធិបតីស្រីលង្កា បញ្ឈប់ការកាន់កាប់រដ្ឋាភិបាលនៅប្រទេសអាស៊ីខាងត្បូងមួយនេះ។ ក្នុងថ្ងៃទី១៣ ខែកក្កដា បាតុករស្រីលង្កា បានគ្រប់គ្រងការិយាល័យនាយករដ្ឋមន្រ្តី ក្នុងថ្ងៃលោក រ៉ាចាប៉ាក់សា បានភៀសខ្លួនទៅម៉ាល់ឌីវ។ 
 
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា លោក មេដឹកនាំបាតុករស្រីលង្កា លោក Jeewantha Peiris បានប្រកាសថា ក្រុមបាតុករនឹងដកចេញពីអគាររដ្ឋាភិបាល ដែលខ្លួនបានគ្រប់គ្រង។ 
 
«ក្រុមបាតុករ នឹងដកចេញការិយាល័យនាយករដ្ឋមន្រ្តី, ប្រធានាធិបតី និងលេខាធិការដ្ឋានប្រធានាធិបតី ដែលបានគ្រប់គ្រងតាំងពីថ្ងៃទី៩ ខែកក្កដា»។ លោក Peiris បានសង្កត់ធ្ងន់បែបនេះ។ យ៉ាងណាមិញ មេដឹកនាំបាតុករស្រីលង្កាមួយរូបទៀត លោក Shabeer Mohamed បានប្រាប់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ ខែកក្កដាថា ក្រុមបាតុករ នៅតែកំពុងពិចារណា ថាតើគួរប្រគល់អគារដែលខ្លួនគ្រប់គ្រងឱ្យស្ថាប័នមួយណា ពោលគឺរដ្ឋាភិបាល ឬអង្គការកាកបាទក្រហម ឬអង្គការ ដែលប្រកាន់អព្យាក្រឹតភាព។ 
 
ទន្ទឹមនេះ លោក Mohamed បានបញ្ជាក់ថា មេដឹកនាំក្រុមតវ៉ា បានឯកភាពប្រគល់អគាររដ្ឋាភិបាលមួយចំនួន ខណៈក្រុមបាតុករ មិនទាន់បានសម្រេច ថាប្រគល់អគារលេខាធិការដ្ឋានប្រធានាធិបតីឱ្យវិញឬយ៉ាងណា។  
 
ស្របពេលស្ថានភាពស្រីលង្កា កាន់តែដុនដាប អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅលើបណ្តាញសង្គម Twitter ក្នុងថ្ងៃទី១៤ ខែកក្កដា បានទទូចឱ្យភាគីបក្សនយោបាយទាំងអស់គោរពតាមស្មារតីនៃការសម្របសម្រួល ដើម្បីការផ្លាស់ប្តូរស្ថានភាពក្នុងប្រទេស ប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យ។
 
បន្ទាប់ពីក្រុមបាតុករបានគ្រប់គ្រងការិយាល័យនាយករដ្ឋមន្រ្តី នៅថ្ងៃទី១៣ ខែកក្កដា លោក Ranil ដែលជាប្រមុខរដ្ឋាភិបាល និងជាប្រធានាធិបតីស្តីទីរបស់ស្រីលង្កា  បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន និងអនុវត្តបម្រាមគោចរនៅខេត្តភាគខាងលិច រួមទាំងរដ្ឋធានីកូឡំបូ។ មិនតែប៉ុណ្ណោះ លោក Ranil បានស្នើឱ្យកម្លាំងសន្តិសុខស្រីលង្កា អាចចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីស្តារសណ្តាប់ធ្នាប់ក្នុងប្រទេសឡើងវិញ។ បម្រាមគោចរនៅខេត្តភាគខាងលិច ត្រូវបានលើកចោលហើយ នៅត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដា។ 
 
បន្ថែមពីនេះ ក្រុមព័ត៌មានរបស់ប្រធានាធិបតីស្តីទីរបស់ស្រីលង្កា បានអះអាងថា លោក Ranil បានស្នើទៅប្រធានសភា ដើម្បីឱ្យជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មីដែរ។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP លោក រ៉ាចាប៉ាក់សា បានចាកចេញពីម៉ាល់ឌីវហើយ ដោយឆ្ពោះទៅសិង្ហបុរី មុននឹងឆ្ពោះទៅក្រុង Jeddah អារ៉ាប៊ីសាអូឌីត៕ 
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com