ជាតិ
ពីនេះ ពីនោះ
ទឹកស្ទឹងសង្កែ និងស្ទឹងពោធិ៍សាត់ ហក់ឡើង តែមិនទាន់ដល់កម្រិតប្រកាសអាសន្នឡើយ
14, Jul 2022 , 5:59 pm        
រូបភាព
ទឹកស្ទឹងសង្កែហក់ឡើង បណ្ដាលឱ្យផ្ទះពលរដ្ឋជិតមាត់ស្ទឹងជន់លិច។ រូបភាពពីទំព័រហ្វេប៊ុក រដ្ឋបាលក្រុងបាត់ដំបង។
ទឹកស្ទឹងសង្កែហក់ឡើង បណ្ដាលឱ្យផ្ទះពលរដ្ឋជិតមាត់ស្ទឹងជន់លិច។ រូបភាពពីទំព័រហ្វេប៊ុក រដ្ឋបាលក្រុងបាត់ដំបង។
កម្ពស់ទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង និង ស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចាប់ផ្ដើមហក់ឡើង នៅថ្ងៃទី១៤ ខែកក្កដានេះ ដោយជំនន់ទឹកភ្លៀង។ បច្ចុប្បន្នផ្ទះពលរដ្ឋខ្លះ ដែលតាំងទីនៅជិតមាត់ស្ទឹងសង្កែ បានជន់លិចខ្លះទៅហើយ។ ប៉ុន្តែស្ថានភាពទឹកស្ទឹងទាំងពីរនេះ នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។

 
ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃចុងក្រោយ បង្កជាជំនន់ទឹកភ្លៀង តាមបណ្ដាខេត្តមួយចំនួន បណ្ដាលឱ្យលិចផ្ទះប្រជាពលរដ្ឋ។ ប៉ុន្តែស្ថានភាពនេះ មិនធ្ងន់ធ្ងរនោះឡើយ ដោយសារទឹកលិច ឆាប់ស្រកទៅវិញ។ នៅថ្ងៃទី១៤ ខែកក្កដា កម្ពស់ទឹកនៅស្ទឹងសង្កែ និង ស្ទឹងពោធិ៍សាត់ បានចាប់ផ្ដើមហក់ឡើង។
 
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានប្រាប់ ThmeyThmey25 តាមទូរស័ព្ទនៅរសៀលថ្ងៃនេះថា ទឹកស្ទឹងសង្កែមានកម្ពស់ ១២,៩០ ម៉ែត្រ។ កម្ពស់នេះមិនទាន់បង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ពលរដ្ឋនោះឡើយ។ នេះជាការបញ្ជាក់បន្ថែមពី លោក ផេង សិទ្ធី។ 


ស្ថានភាពទឹកស្ទឹង នៅខេត្តពោធិ៍សាត់។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម។
 
ជុំវិញស្ថានភាពទឹកស្ទឹងសង្កែនាពេលនេះ អភិបាលក្រុងរូបនេះពន្យល់ដូច្នេះ៖ «ទឹកទើបនឹងឡើង ទឹកមិនទាន់រុញតាមបណ្ដាតំបន់នៅឡើយទេ។ ប៉ុន្តែផ្ទះបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់ស្លាកែត សង្កាត់ក្ដុល(ដូនទាវ) ដែលគាត់ធ្វើនៅមាត់ស្ទឹង គឺមានការលិចដល់ផ្ទះរបស់ពួកគាត់»។ 
 
ដ្បិតស្ថានភាពបច្ចុប្បន្ននេះ មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយក៏ដោយ ប៉ុន្តែអភិបាលក្រុងរូបនេះអះអាងថា កម្លាំងអាជ្ញាធរមូលដ្ឋាន ត្រៀមខ្លួន ដើម្បីរង់ចាំជួយអន្តរាគមន៍ ដល់ពលរដ្ឋ។
 
ដោយឡែក នៅខេត្តពោធិ៍សាត់វិញ កម្ពស់ទឹកស្ទឹងពោធិ៍សាត់វិញ ក៏ហក់ឡើងដែរ នៅថ្ងៃទី១៤នេះ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម គិតត្រឹមរសៀលម៉ោង២នេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ ៤,៩៨ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន ៥ម៉ែត្រ។ ឯកម្ពស់ទឹកស្ទឹងក្រវាញវិញ មានកម្ពស់ ៤,៣៣ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន ៦ម៉ែត្រ។ ចំពោះស្ទឹងវាលវែងវិញ កម្ពស់ទឹក ១,៨ម៉ែត្រ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្ន ៩ម៉ែត្រ។
 
គួរជម្រាបផងដែរថា តាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍នេះ កម្ពុជានឹងរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង នៅថ្ងៃទី១៣-១៤ ខែកក្កដា។   
 
តាមការព្យាករដដែល ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតខ្សោយទៅមធ្យម។ ស្ថានភាពទាំងពីរខាងលើនេះ បណ្ដាលឱ្យតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
 

ទឹកស្ទឹងសង្កែលិចចូលផ្ទះពលរដ្ឋ ដែលតាំងទីជិតស្ទឹង។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលក្រុងបាត់ដំបង។

 

Tag:
 ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com