ជាតិ
វីដេអូ
អ្នកស្រី នឿង ភីរ៉ា៖ ការងារមិនរើសអើងភេទឡើយ
15, Jul 2022 , 8:59 am        
រូបភាព
សៀមរាប៖ អ្នកស្រី នឿង ភីរ៉ា ជាអ្នកទទួលបន្ទុកការជួសជុលថ្មម្នាក់ នៅព្រះលានជល់ដំរី។ អ្នកស្រី ភីរ៉ា បានបំពេញការងារឱ្យអាជ្ញាធរជាតិអប្សរា១០ឆ្នាំមកហើយ និងបានប្តូរមកមើលការខុសត្រូវ នៅការដ្ឋានផ្ទាល់ នាឆ្នាំ២០២០។ ថ្វីបើខ្លួនជាស្រ្តី ក្នុងចំណោមបុរសជាច្រើន អ្នកស្រី ភីរ៉ា មិនមានភាពអៀនខ្មាស ដែលខ្លួនធ្វើការក្នុងការដ្ឋានជួសជុលថ្មបុរាណឡើយ ដ្បិតអ្នកស្រីធ្វើការងារនេះដោយក្តីស្រឡាញ់។ សម្រាប់អ្នកស្រី នឿង ភីរ៉ា ការងារមិនរើសអើងភេទនោះឡើយ ហើយទាំងស្ត្រី និងបុរស អាចធ្វើការបានល្អដូចគ្នា ឱ្យតែស្រឡាញ់។

 
បច្ចុប្បន្ន សំណង់បុរាណជាច្រើនក្នុងទឹកដីអង្គរ ត្រូវបានជួសជុល ដើម្បីពង្រឹងឱ្យរឹងមាំឡើងវិញ។ ការងារជួសជុលទាំងអស់ មានការចូលរួមជាច្រើនពីក្រុមអុ្នកជំនាញ ក្នុងបេសកកម្មថែរក្សាប្រាសាទបុរាណដ៏មានតម្លៃទុកឱ្យកូនចៅជំនាន់ក្រោយ។ 
 
នៅក្នុងការដ្ឋានជួសជុលថ្ម នៅព្រះលានជល់ដំរី ក៏មានសកម្មភាពជួសជុលយ៉ាងមមាញឹកដែរ។ នៅការដ្ឋាននេះ មានកម្មករខ្លះកំពុងលាងថ្ម ខ្លះតភ្ជាប់ថ្មទៅតាមជំនាញរៀងៗខ្លួន។ ក៏មានដែរ អ្នកជំនាញចាំត្រួតពិនិត្យបច្ចេកទេសជួសជុលថ្ម នៅក្នុងការដ្ឋាន នៃព្រះលានជល់ដំរីនេះ។ សកម្មភាពមមាញឹកនេះ បានចាប់ផ្តើមតាំងពីម៉ោង ៧កន្លះព្រឹក រហូតដល់ម៉ោង១១ ដែលជាវេលាសម្រាកទទួលទានអាហារពេលថ្ងៃ។ កម្មករទាំងអស់ ចាប់ផ្តើម ការងារជួសជុលថ្ម ដែលពួកគេស្រឡាញ់ជាបន្តទៀត នៅម៉ោង ១ រសៀល ហើយសកម្មភាពជួសជុល និងតភ្ជាប់ថ្ម បន្តធ្វើឡើងឥតដាច់ តាមតួនាទីនៃកម្មករម្នាក់ៗ និងស្ថានភាពនៃការខូចខាតជាក់ស្តែង ដល់ល្ងាចម៉ោង ៣កន្លះ វេលារសៀល ទើបកម្មករបំបែកគ្នាត្រឡប់ទៅផ្ទះរៀងខ្លួន។ 
 
នៅក្នុងការដ្ឋានជួលជុលថ្ម នៅព្រះលានជល់ដំរីនេះ មានតែ អ្នកស្រី ភីរ៉ា ប៉ុណ្ណោះ ដែលជាស្ត្រី ខណៈដែលកម្មករក្មេងចាស់៨នាក់ ក្នុងការដ្ឋានជួសជុលថ្ម សុទ្ធតែបុរស។ ស្ត្រីរូបនេះ គឺជាអ្នកទទួលបន្ទុកមើលការខុសត្រូវការងារជួសជុលថ្ម នៅទីនេះ។ អ្នកស្រី នឿង ភីរ៉ា ត្រូវបានផ្លាស់មកបំពេញការងារនៅនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យាបង្ការ និងផ្លាស់មកបំពេញការងារនៅការដ្ឋានជួសជុលថ្ម នៅឆ្នាំ ២០២០ ក្រោយធ្វើការងារនៅនាយកដ្ឋានអភិវឌ្ឍវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា ប្រមាណ៨ឆ្នាំ។ 

អ្នកស្រី នឿង ភារ៉ា កំពុងត្រួតពិនិត្យលាងសម្អាត និងតថ្មរបស់កម្មករ ក្នុងការដ្ឋានជួសជុល។ រូបភេព៖ ហុង ស្រីណា​
 
អ្នកស្រី នឿង ភីរ៉ា បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា សព្វថ្ងៃ អ្នកស្រី រីករាយនឹងការងារនៅការដ្ឋាននេះណាស់ បើទោះជាត្រូវធ្វើការនៅក្រោមកម្តៅថ្ងៃខ្លះក៏ដោយ។ មិនត្អូញ នឹងការងារហាលថ្ងៃ ហាងភ្លៀង ក៏ព្រោះតែស្ត្រីរូបនេះ ស្រឡាញ់ជំនាញរបស់ខ្លួន និងចង់ចូលរួមថែរក្សា ប្រាសាទបុរាណ ដែលកំពុងទ្រុឌទ្រោម សម្រាប់អ្នកជំនាន់ក្រោយ។ មិនមែនតែអ្នកស្រី នឿង ភីរ៉ា នោះទេដែលគិតដូច្នេះ កម្មករប្រុសៗទាំងចាស់ ទាំងក្មេងក្នុងការដ្ឋាននេះ ក៏ចង់អភិរក្សសំណង់ស្ថាបត្យកម្មទាំងនេះដែរ។
 
អ្នកស្រី នឿង ភីរ៉ា ដែលកំពុងឈរត្រួតពិនិត្យមើល កម្មករសម្អាតថ្ម និងតថ្ម នៅក្នុងការដ្ឋាននេះ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះ៖«សម្រាប់បង បងស្រឡាញ់ការងារជួសជុលដូចគ្នា។ ប៉ុន្តែឥឡូវស្រឡាញ់ការងារខាងក្រៅជាង ព្រោះបងចូលចិត្តវា។ បរិយាកាសខាងក្រៅត្រជាក់ស្រួល ហើយបងអាចមើលទេសភាព និងមើលទេសចរជាច្រើនទៀត។ បងស្រឡាញ់ ព្រោះបងឃើញប្រាសាទយើងច្រើនណាស់ មានការខូចខាត អ៊ីចឹងបងចង់ជួសជុល ដើម្បីឱ្យវាគង់វង្សបានយូរអង្វែង ដល់កូនចៅជំនាន់ក្រោយ។ បងក៏មានកូនដូចគ្នា អ៊ីចឹងបងចង់ឱ្យកូនស្គាល់ប្រាសាទរបស់ខ្មែរយើង ដែលនៅសល់ជាច្រើន។ បើយើងអត់ថែរក្សា យូរៗទៅវាអាចដួលរលំ»។

អ្នកស្រី នឿង ភារ៉ា កំពុងត្រួតពិនិត្យលាងសម្អាត និងតថ្មរបស់កម្មករ ក្នុងការដ្ឋានជួសជុល។ រូបភេព៖ ហុង ស្រីណា​
 
តាមពិតទៅ អ្នកស្រី នឿង ភីរ៉ា គឺជាអ្នករស់នៅរាជធានីភ្នំពេញ។ ស្ត្រីរូបនេះ បានផ្លាស់មករស់នៅទឹកដីអង្គរ ក្នុងឆ្នាំ២០១២ ដោយឥតស្ទាក់ស្ទើរ ដើម្បីបន្តការសិក្សាផ្នែកជួសជុលលោហៈ ឈើ និងថ្ម។ អំឡុងពេលសិក្សាជំនាញជួសជុលបន្ថែម អ្នកស្រី ភីរ៉ា ក៏ជាបុគ្គលិកម្នាក់នៅនាយកដ្ឋានអភិវឌ្ឍវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា។ សម្រាប់ អ្នកស្រី  នឿង ភីរ៉ា  ក្រុងសៀមរាប ជាទឹកដីប្រាសាទដ៏ស័ក្តិសមចំពោះការធ្វើកំណាយ និងស្វែងយល់អំពីរចនាសម្ព័ន្ធនៃការកសាងប្រាសាទ។ «ពេលរៀនចប់ អត់មានបានគិតអ្វីផ្សេងទេ ព្រោះសាកលវិទ្យាល័យ បានជ្រើសរើសអ្នកស្ម័គ្រចិត្ត ឱ្យមករៀនបន្ត។ បងរៀនជំនាញបុរាណវិទ្យាផង ចង់ថែប្រាសាទផង។ ដូច្នេះទើបបងរៀនជួសជុលបន្ថែម»។ អ្នកស្រី នឿង ភីរ៉ា ដែលបាន និងកំពុងទទួលបន្ទុកការថ្ម នៅព្រះលានជល់ដំរី តាំងពីឆ្នាំ២០២០មក។
 
ផ្លាស់ពីការងារនៅក្នុងម៉ាស៊ីនត្រជាក់ មកធ្វើការក្នុងការដ្ឋានជួសជុលដោយផ្ទាល់ ជាមួយនឹងកម្មករដែលសុទ្ធតែជាបុរស អ្នកស្រី ភីរ៉ា មិនដែលដែលគិតអៀនខ្មាសឡើយ ចំពោះការងាររបស់ខ្លួន។ សម្រាប់អ្នកស្រី ភីរ៉ា ការងារមិនដែលរើងអើងភេទនោះឡើយ។ ស្ត្រី និងបុរស អាចធ្វើកិច្ចការងារដែលខ្លួនស្រឡាញ់បានដូចគ្នា។ «តាំងពីធ្វើការមក បងមិនដែលមានអារម្មណ៍ថាខ្មាសគេ នឹងការងារនេះទេ ព្រោះមានអារម្មណ៍ថាស្រឡាញ់។ បើស្រឡាញ់ ទោះគេថាយើងស្រី មកធ្វើការហាលថ្ងៃក្តៅម៉េច? យើងអត់មានគិតថាខ្មាស ឬមួយអីទេ ព្រោះយើងស្រឡាញ់»។ នេះជាការលើកឡើងរបស់អ្នកស្រី នឿង ភីរ៉ា ដែលបន្តបញ្ចប់ប្រយោគថា រយៈពេល១០ឆ្នាំមកនេះ អ្នកស្រីមិនដែលបានទទួលពាក្យរិះគន់ ឬចំអក់ចំអន់ មិនសមរម្យឡើយ។ ស្ត្រីរូបនេះ ក៏ចង់ឃើញមានអ្នកជំនាញការជាស្ត្រីកាន់តែច្រើនទៀត ចូលរួមក្នុងកិច្ចការជួសជុល និងអភិរក្សប្រាង្គប្រាសាទដែលដូនតាបានបន្សល់ទុក៕


អ្នកស្រី នឿង ភារ៉ា កំពុងត្រួតពិនិត្យលាងសម្អាត និងតថ្មរបស់កម្មករ ក្នុងការដ្ឋានជួសជុល។ រូបភេព៖ ហុង ស្រីណា​

 

Tag:
 នឿង ភីរ៉ា
  ព្រះលានជល់ដំរី
  ជួលជុលថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com