អន្តរជាតិ
លោកវីដូដូ៖ ប្រជាជនជាច្រើនលាននាក់ស្ថិតក្នុងហានិភ័យ បើ G20 មិនអាចរកច្រកចេញក្នុងជម្លោះអ៊ុយក្រែនបាន
14, Jul 2022 , 10:29 pm        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ រូបភាព៖ AFP
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ រូបភាព៖ AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី១៣ ខែកក្កដា បានជំរុញឱ្យក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ទុកជម្លោះនៅដោយឡែក និងធ្វើការជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាពសម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ បើតាមលោកប្រធានាធិបតី ប្រជាជនពិភពលោកជាច្រើនលាននាក់ កំពុងស្ថិតក្នុងហានិភ័យ ប្រសិនបើគ្រាប់ធញ្ញជាតិជាច្រើនតោន មិនអាចនាំចេញពីអ៊ុយក្រែន។

 
ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេស គ្រាប់ធញ្ញជាតិជាច្រើនតោន បានជាប់គាំងនៅកំពុងផែអ៊ុយក្រែន។ កន្លងមក អ៊ុយក្រែន បានចោទថា នាវារុស្ស៊ីបានបិទច្រកចេញចូល និងពង្រាយមីនលើទឹកនៅសមុទ្រខ្មៅ។ បញ្ហានេះ បានធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិហក់ឡើងយ៉ាងខ្លាំង ដែលវាធ្វើឱ្យប៉ះពាល់ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ជាពិសេសប្រទេសនៅទ្វីបអាហ្វ្រិក។ 
 
ទាក់ទិននឹងបញ្ហានេះ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានជំរុញឱ្យក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ទុកភាពខុសគ្នានៅដោយឡែក និងស្វែងរកដំណោះស្រាយប្រកបដោយសន្តិសុខ ដើម្បីជួយសង្រ្គោះជីវិតប្រជាជនជាច្រើនលាននាក់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដែលកំពុងត្រូវការស្បៀងអាហារ។ 
 
«ជីវិតប្រជាជនជាច្រើនលាននាក់ បើមិនមែនជាច្រើនពាន់នាក់ ជាពិសេសនៅអាហ្រ្វិក និងអាស៊ី អាចស្ថិតក្នុងភាពគ្រោះថ្នាក់ បើគ្រាប់ធញ្ញជាតិមិនត្រូវបាននាំចេញ»។ លោក វីដូដូ ដែលជាប្រធានផ្លាស់វេនកិច្ចប្រជុំក្រុមប្រទេស G20 ផងនោះ បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន នានិវេសនដ្ឋានប្រធានាធិបតីឥណ្ឌូណេស៊ី នៅក្នុងថ្ងៃទី១៣ ខែកក្កដា ដោយបន្ថែមថា ជីវិតប្រជាជនជាច្រើនលាននាក់ អាចជួយសង្រ្គោះបាន បើគ្រាប់ធញ្ញជាតិ ត្រូវបាននាំចេញទៅទីផ្សារសកលនោះ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post លោកប្រធានាធិបតីឥណ្ឌូណេស៊ី សំដៅដល់គ្រាប់ធញ្ញជាតិប្រមាណ៥០មេទ្រីកតោន ដែលជាប់គាំងនៅកំពង់ផែរបស់អ៊ុយក្រែនតែម្ដង។ 
 
មិនតែប៉ុណ្ណោះ មេដឹកនាំឥណ្ឌូណេស៊ីរូបនេះ បានព្រមានថា សូម្បីតែឥណ្ឌូណេស៊ី ក៏អាចប្រឈមនឹងបញ្ហា នាពេលខាងមុខផង។ ត្រង់ចំណុចនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី បានពន្យល់ថា ដោយសារកង្វះហ្គាស ឥណ្ឌូណេស៊ី មិនអាចផលិតជីសម្រាប់កសិករ ដើម្បីដាំស្រូវបានឡើយ ហើយបញ្ហានេះ នឹងជះឥទ្ធិពលលើដំណាំស្រូវ។ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង តម្លៃហ្គាស បានហក់ឡើងខ្ពស់ ដោយសារអឺរ៉ុបបានព្យាយាមកាត់បន្ថយការនាំចូលហ្គាសពីរុស្ស៊ី រួមទាំងដាក់ទណ្ឌកម្មជាច្រើនលើក្រុងមូស្គូផង។ 
 
គួររំឭកថា ក្នុងដំណើរទៅក្រុងមូស្គូនាចុងខែមិថុនាកន្លងមក លោកវីដូដូ បានអះអាងថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការជួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនជួបចរចាគ្នា ដើម្បីបញ្ចប់ជម្លោះ។ ទន្ទឹមនេះ មេដឹកនាំឥណ្ឌូណេស៊ី ក៏ទទួលស្គាល់ផងដែរថា ស្ថានភាពក្នុងពេលបច្ចុប្បន្នមានភាពលំបាក ប៉ុន្តែការដោះស្រាយជម្លោះប្រកបដោយសន្តិភាពនៅតែសំខាន់៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  G20
© រក្សាសិទ្ធិដោយ thmeythmey.com