អន្តរជាតិ
លោកគីស៊ីដា៖ ជប៉ុននឹងប្រារព្ធពិធីបុណ្យថ្នាក់រដ្ឋសម្រាប់លោកអាបេ នារដូវស្លឹកឈើជ្រុះ
15, Jul 2022 , 9:29 am        
រូបភាព
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន។ រូបភាព៖ AFP
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន។ រូបភាព៖ AFP
ជប៉ុន នឹងប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់លោក អាបេ ស៊ិនហ្សូ នៅរដូវស្លឹកឈើជ្រុះខាងមុខ។ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅក្នុងថ្ងៃទី១៤ ខែកក្កដា។ រដូវស្លឹកឈើជ្រុះរបស់ជប៉ុនចាប់ផ្តើមពីពាក់កណ្តាលខែកញ្ញា ដល់ដើមខែធ្នូ។



អត្ថបទទាក់ទង
 
លោកអាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ក្នុងថ្ងៃទី៨ ខែកក្កដា ត្រូវបានសម្លាប់ដោយជនសង្ស័យវ័យ ៤១ឆ្នាំ ដែលធ្លាប់ជាកម្លាំងស្វ័យការពារជើងទឹករយៈពេល ៣ឆ្នាំ។ មរណភាពរបស់លោក បានធ្វើឱ្យប្រជាជនជប៉ុន និងមេដឹកនាំបណ្តាប្រទេសជាច្រើនសោកស្តាយយ៉ាងខ្លាំង។ នៅដើមសប្តាហ៍នេះ បុណ្យសពរបស់លោក អាបេ ត្រូវបានធ្វើឡើងក្នុងលក្ខណៈឯកជន។ 
 
យ៉ាងណាមិញ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានអះអាងប្រាប់អ្នកសារព័ត៌មានក្នុងថ្ងៃទី១៤ ខែកក្កដាថា ពិធីបុណ្យសពរបស់លោកអាបេ នឹងត្រូវធ្វើឡើងលក្ខណៈថ្នាក់រដ្ឋ នៅរដូវស្លឹកឈើជ្រុះខាងមុខ។ រដូវស្លឹកឈើជ្រុះរបស់ជប៉ុនចាប់ផ្តើមពីពាក់កណ្តាលខែកញ្ញា ដល់ដើមខែធ្នូ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
ជប៉ុន បានធ្វើពិធីបុណ្យសពថ្នាក់រដ្ឋចុងក្រោយនៅក្នុងឆ្នាំ ១៩៦៧ សម្រាប់លោក Shigeru Yoshida ដែលជានាយករដ្ឋមន្រ្តីជប៉ុននៅចន្លោះឆ្នាំ១៩៤៦ ដល់១៩៤៧ និងពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៥៤។ 
 
សូមបញ្ជាក់ថា លោកអាបេ ជាអ្នកនយោបាយដ៏សំខាន់មួយរូបរបស់ជប៉ុន និងបក្សប្រជាធិបតេយ្យសេរី (LDP)។ លោកអាបេ បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនលើកដំបូងនៅក្នុងឆ្នាំ២០០៦ មុននឹងចុះចេញពីតំណែងនៅក្នុងឆ្នាំ២០១៧ និងបានឡើងកាន់អំណាចជាប្រមុខរដ្ឋាភិបាលជាថ្មីនៅឆ្នាំ២០១២ ដល់ឆ្នាំ២០២០៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com