ជាតិ
ក្រសួងប្រៃសណីយ៍ នឹងសង់ស្ថានីយអង់តែន១០០ទៀត ដើម្បីពង្រីកសេវាទូរសព្ទនៅតំបន់ទេសចរណ៍ រូបតំណាង ពីហ្វេសប៊ុកឈ្មោះ Khat Viroith Garage
× ក្រសួងប្រៃសណីយ៍និងគមនាគមន៍ នឹងសង់ស្ថានីយអង់តែនចំនួន១០០ទៀត ដើម្បីបង្កើនគុណភាពសេវាទូរគមនាគមន៍នៅគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។ ការសម្រេចសាងសង់នេះ ធ្វើឡើងបន្ទាប់ពីសម្ដេច ហ៊ុន សែន ប្រាប់ឱ្យក្រុមហ៊ុនទូរសព្ទនៅកម្ពុជា ពង្រីកសេវាខ្លួន ដល់តំបន់ទេសចរណ៍ដាច់ស្រយាល ។
ក្រសួងប្រៃសណីណ៍ នឹងសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធនានា រួមទាំងប្រតិបត្តិករទូរសព្ទចល័ត ដើម្បីកសាងស្ថានីយអង់តែនចំនួន១០០ទៀត នៅតំបន់ទេសចរណ៍អាទិភាព និងដាច់ស្រយាល។ បើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងប្រៃសណីយ៍នាល្ងាចថ្ងៃទី១៤កក្កដា ការសង់ស្ថានីយអង់តែនបន្ថែមនេះ គឺដើម្បីពង្រីកវិសាលភាពនៃសេវាទូរសព្ទ សម្រាប់ភ្ញៀវទេសចរ។
ដំណើរការនៃការសង់ស្ថានីយអង់តែនទាំងនេះ ក្រសួងនឹងប្រើប្រាស់ថវិការបស់មូលនិធិកាតព្វកិច្ចសេវាសកល។ «ការសង់បន្ថែមនូវស្ថានីយអង់តែនទាំងនេះ គឺស្របនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានក្រុមការងារពង្រឹងគុណភាពសេវានៅតាមតំបន់ចំនួន៥នៅទូទាំងប្រទេស និងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរី នៅរាជធានីភ្នំពេញ»។ នេះជាការលើកឡើងរបស់ក្រសួងសណីយ៍ ដោយបញ្ជាក់ថា ការសាងសង់ស្ថានីយអង់តែនបន្ថែមនេះ សំដៅធ្វើឱ្យសេវាទូរគមនាគមន៍មានគុណភាព និងគ្រប់ដណ្តប់ឱ្យកាន់តែប្រសើរឡើង ខណៈសម្តេច ហ៊ុន សែនប្រាប់ឱ្យក្រុមហ៊ុនទូរសព្ទនៅកម្ពុជា ពង្រីកសេវាខ្លួន ដល់តំបន់ទេសចរណ៍ដាច់ស្រយាល ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបន្ថែមទៀត។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទីមួយឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៤ ខែកក្កដា សម្ដេច មានប្រសាសន៍ដូច្នេះ៖ «គ្រប់បណ្ដាក្រុមហ៊ុនទូរសព្ទទាំងអស់ ត្រូវពង្រឹងខ្លួន នៅទីក្រុងក៏ត្រូវពង្រឹង(សេវា) ហើយពង្រីកវាទៅតាមតំបន់ទេសចរណ៍នានា។ ព្រោះដើម្បីទាក់ទាញអ្នកទេសចរឱ្យទៅលេងតំបន់ដាច់ស្រយាលឆ្ងាយៗ ចាំបាច់ណាស់ត្រូវមានប្រព័ន្ធគាំទ្រផ្នែកអ៊ីនធឺណិត ព្រោះគេត្រូវទាក់ទងជាមួយការងារ។ ជួនកាលគេទៅដេកនៅ(កន្លែងកម្សាន្ត)ហ្នឹង ប៉ុន្តែគេធ្វើការ ព្រោះសម័យឥឡូវគេមិនចាំបាច់ជួបមុខគ្នាផ្ទាល់ទេ គេអាចជួបមុខគ្នាតាមវីដេអូខលក៏បាន»។
សម្ដេច ហ៊ុន សែន បញ្ជាក់ថា ការធ្វើបែបនេះ ក៏ជាយុទ្ធសាស្រ្តទាក់ទាញទេសចរផ្ទៃក្នុងបន្ថែមទៀត៕ © រក្សាសិទ្ធិដោយ thmeythmey.com