ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់រំលែកទុក្ខចំពោះមរណភាពលោក អ៊ឹង គៀត ក្នុងអាយុ៩៨​ឆ្នាំ
15, Jul 2022 , 10:42 am        
រូបភាព
ដោយ: រួបរួម
លោក អ៊ឹង គៀត ឧត្តម​ក្រុម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន​ទទួល​មរណភាព​ក្នុង​អាយុ​៩៨​ឆ្នាំ កាលពីថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ក្នុងរាជធានីភ្នំពេញ។ ព្រះករុណាព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​រូបទៀត បាន​ផ្ញើរំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារអតីត​ឥស្សរជន​ជាន់ខ្ពស់​រូបនេះ ហើយ​លោកក៏ជាឪពុក​បង្កើត​របស់ លោកស្រី អ៊ឹង កន្ថាផាវី ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​ នាពេល​បច្ចុប្បន្ន​ផងដែរ។

 
លោក អ៊ឹង គៀត បាន​ប្រឡូក​ការងារ​ក្នុងជួររដ្ឋាភិបាល​តាំងពីមុន​សម័យ​សង្គម​រាស្ត្រ​ ដោយមាន​តួនាទីជា​អគ្គនាយកនៃផ្លូវថ្នល់ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ពីឆ្នាំ១៩៥៤ ដល់១៩៦០ ហើយ​ក្រោយមក លោកកាន់តំណែងជាប្រធាន និងនាយកប្រតិបត្តិ នៃការិយាល័យឧបករណ៏ធនធ្ងន់ របស់សហគ្រាសរដ្ឋ។
 
ពី​ឆ្នាំ​១៩៦២ដល់ឆ្នាំ១៩៦៣  លោកឡើងជា​រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច និងការងារ ហើយ​បន្ត​កាន់តំណែងជា​រដ្ឋមន្ត្រីក្រសួងសាធារណការ ដឹកជញ្ជូន និងទូរគមនាគមន៍ពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៦។ ពីឆ្នាំ​១៩៦៦ ដល់ឆ្នាំ១៩៧០ លោកជាទីប្រឹក្សាបច្ចេកទេសនៃអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ។
 
មុនចូលដល់សម័យ​ខ្មែរក្រហម លោក អ៊ឹង គៀត ធ្វើជា​ប្រធាន និងនាយកប្រតិបត្តិនៃរោងចក្ររដ្ឋផលិតសំបកកង់រថយន្ត នៃក្រសួងឧស្សាហកម្មពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧១។ ពី​ឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៣ ជាអគ្គាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

 
 
ក្រោយមក​ លោក​កាន់តំណែងជា ប្រធានហិរញ្ញវត្ថុនៃកំពង់ផែ Bethiowa EID jedid នៅប្រទេសអាល់ហ្សេរីពីឆ្នាំ១៩៧៤ ដល់​ឆ្នាំ​១៩៧៥  ហើយពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩១ លោកជា​វិស្វករផ្លូវថ្នល់នៃ Ministry of Equipment នៃ​ប្រទេសបារាំង។
 
លោក​អតីតមន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់គណបក្សហ៊្វុនស៊ិនប៉ិច ដោយ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ១៩៩៣ លោកកាន់តំណែង​ជារដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយពីឆ្នាំ​១៩៩៤ ដល់ឆ្នាំ១៩៩៨ មានតំណែង​ជាឧបនាយករដ្ឋមន្ត្រី និងជាក្រសួង​សាធារណការ។
 
លោក អ៊ឹង គៀត បានរៀបអាពាហ៍ពិពាហ៍ជាមួយ​លោកស្រី រស់ ព្រីប៊ូន និង​មានកូន​៨នាក់​ក្នុងនោះស្រី៥នាក់ ដោយ​​លោកស្រី អ៊ឹង កន្ថា​ផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារីនាពេលបច្ចុប្បន្ន​ ជាកូន​ទីបី។
 
ក្នុងព្រះរាជសាររំលែកទុក្ខ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូល​ថា មរណភាព​លោក អ៊ឹង គៀត គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើម និងជាឥស្សរជនជាន់ខ្ពស់ នៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជាដ៏ស្មោះត្រង់ដែលបានចូលរួមបំរើជាច្រើនជំនាន់យ៉ាងសកម្មបំផុត ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។
 
ដោយឡែក​ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីផ្ញើ​សាររំលែកទុក្ខ សម្តេចក៏បានដឹកនាំប្រតិភូទៅគោរពវិញ្ញាណក្ខន្ធសពលោក អ៊ឹង គៀត ដោយផ្ទាល់​ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ផងដែរ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា។ សម្តេច​ចាត់ទុកលោក អ៊ឹង គៀត ជា​ធនធានមនុស្សដ៏ឆ្នើមមួយរូប ពោរពេញដោយចំណេះដឹង វិជ្ជាជីវៈ និងជាឥស្សរជនមានស្នាដៃ គុណបំណាច់ដែលបានតស៊ូ លះបង់កម្លាំងកាយចិត្ត ធានធាន និងបញ្ញាស្មារតី បម្រើដល់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ៕ 
 
 

Tag:
 អ៊ឹង គៀត
© រក្សាសិទ្ធិដោយ thmeythmey.com