អន្តរជាតិ
ប្រធានាធិបតីបារាំង៖ រុស្ស៊ីប្រើប្រាស់ហ្គាស ជាអាវុធនៃសង្រ្គាម
15, Jul 2022 , 11:29 am        
រូបភាព
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង  នៅថ្ងៃទី១៤ ខែកក្កដា បានលើកឡើងថា រុស្ស៊ីនឹងប្រើប្រាស់ហ្គាសជាអាវុធនៃសង្រ្គាម ដើម្បីឆ្លើយតបនឹងទណ្ឌកម្មពីសំណាក់ប្រទេសអឺរ៉ុប។ ត្រង់ចំណុចនេះ លោក ម៉ាក្រុង បានប្តេជ្ញានាំចូលហ្គាលពីបណ្តាប្រទេសជាច្រើន និងរក្សាបរិមាណហ្គាសឱ្យបានច្រើន សម្រាប់រដូវរងាខាងមុខ។

 
រុស្ស៊ីនាពេលកន្លងមក បានប្រកាសបិទប្រព័ន្ធបង្ហូរហ្គាស The Nord Stream 1 រយៈពេល ១០ថ្ងៃ រហូតដល់ថ្ងៃទី២១ ខែកក្កដា ក្រោមហេតុផលថែទាំប្រចាំឆ្នាំ។ យ៉ាងណាមិញ អាល្លឺមង់ បានដាក់ការសង្ស័យថា រុស្ស៊ីនឹងមិនបើកហ្គាសមកប្រទេសខ្លួនឡើងវិញឡើយ។ ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង បានចោទរុស្ស៊ីថា បានយកហ្គាសធ្វើជាអាវុធនៃសង្រ្គាម ដើម្បីដាក់សម្ពាធលើអឺរ៉ុប ដែលបានរឹតកក្រុងមូស្គូ តាមរយៈទណ្ឌកម្មជាច្រើន។ 
 
«នោះជាសារយ៉ាងច្បាស់។ រុស្ស៊ីនឹងប្រើហ្គាសជាអាវុធនៃសង្រ្គាម»។ លោក ម៉ាក្រុង បានបញ្ជាក់បែបនេះ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍TF1 ក្នុងទិវាបុណ្យជាតិនៅថ្ងៃទី១៤ ខែកក្កដា ដោយបន្ថែមថា បារាំងបាននាំចូលហ្គាសពីបណ្តាប្រទេសជាច្រើន រួមទាំងខិតខំបង្កើនបរិមាណស្តុកហ្គាសទុកសម្រាប់រដូវត្រជាក់ខាងមុខ។ កន្លងមក រដ្ឋាភិបាលក្រុងបារីស បានបង្កើនការនាំចូលហ្គាសពីន័រវេស, កាតា, អាល់ហ្សេរី និងអាម៉េរិក។ មិនតែប៉ុណ្ណោះ លោកម៉ាក្រុង កំពុងបង្កើនការស្តុកហ្គាសឱ្យបានជិត១០០ភាគរយ នៅត្រឹមរដូវស្លឹកឈើជ្រុះ ដែលចាប់ផ្តើមនៅខែកញ្ញា ដល់ខែធ្នូខាងមុខ។ 
 
ទន្ទឹមនេះ លោកម៉ាក្រុង បានបន្តថា បារាំងមានបំណងគ្រប់គ្រងហ្គាសរបស់ខ្លួន ដោយមិនពឹងផ្អែកលើរុស្ស៊ី។ ដោយប្តេជ្ញាមិនពឹងផ្អែកហ្គាសពីរុស្ស៊ី មេដឹកនាំបារាំង បានព្រមានថា រដូវក្តៅ និងពេលចាប់ផ្តើមរដូវស្លឹកឈើជ្រុះខាងមុខ នឹងជាពេលវេលាដ៏លំបាកសម្រាប់បារាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ស្របពេលប្រទេសនៅតំបន់អឺរ៉ុបមួយនេះ កំពុងប្រឈមបញ្ហាប្រភពថាមពល លោក ម៉ាក្រុង បានអះអាងថា​ ការកាត់បន្ថយការប្រើប្រាស់ហ្គាសនៅក្នុងឆ្នាំនេះ មានបរិមាណតិចតួចប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុន។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកម៉ាក្រុង បានអំពាវនាវឱ្យ ប្រជាជន អាជ្ញាធរ និងវិស័យឧស្សាហកម្ម ជួយសន្សំប្រភពថាមពល និងកាត់បន្ថយការប្រើប្រាស់ខ្ជះខ្ជាយ។ 
 
ក្នុងកិច្ចសម្ភាសដដែល ប្រធានាធិបតីបារាំង បាននិយាយជាថ្មី ជុំវិញកិច្ចខិតខំជួយអ៊ុយក្រែន ដើម្បីទប់នឹងការឈ្លានពានរបស់រុស្ស៊ីផង។ បើតាមលោកម៉ាក្រុង រដ្ឋាភិបាលក្រុងប៉ារីស ចង់បញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ដោយមិនចូលរួមដោយផ្ទាល់៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com