ជាតិ
អត្ថបទពាណិជ្ជកម្ម
យុទ្ធនាការលើកកម្ពស់ការយល់ដឹងរបស់គម្រោង អាហ្វធើ រួមចំណែកដល់ការស្ដារឡើងវិញ MSME នៅកម្ពុជាក្នុងបរិការណ៍កូវីដ-១៩
× ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ៖ សហគ្រាសភាគច្រើន បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលបណ្ដាលឱ្យពួកគេបិទទ្វារ កាត់បន្ថយការងារ និងលទ្ធភាពផលិតកម្ម ជាហេតុដែលនាំឱ្យបាត់បង់ប្រាក់ចំណូល និងប៉ះពាល់ដល់ជីវភាពផងដែរ។ សហគ្រាសធុនមីក្រូ តូច និងមធ្យម( MSME) គឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចប្រទេសកម្ពុជា។
គម្រោងការស្ដារសហគ្រាស ក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ (ហៅកាត់ថាអាហ្វធើ) ជួយដល់ការស្ដារឡើងវិញនូវសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ក្នុងបរិការណ៍កូវីដ-១៩។ គម្រោងនេះ បាននិងកំពុងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស ដែលមានដូចជាវគ្គបណ្ដុះបណ្ដាល ពីការធ្វីទីផ្សារតាមបែបឌីជីថល និងការបណ្តុះបណ្តាលផែ្នកបដិសណ្ឋារកិច្ច ការបង្វឹកជំនាញ ការផ្តល់ជំនួយថវិកាសម្ភារ និងសេវាគាំទ្រផ្សេងទៀត ទៅកាន់សហគ្រាសចំនួន ៦០ នៅក្នុងទីក្រុងភ្នំពេញ និងខេត្តចំនួន ៣ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។
ជាក់ស្ដែង នៅដើមខែកក្កដានេះ គម្រោងអាហ្វធើ បានចាប់ផ្ដើមយុទ្ធនាការ លើកកម្ពស់ការយល់ដឹងមួយ ក្នុងគោលបំណងលើកកម្ពស់ ការអនុវត្តស្ដង់ដារសុវត្ថិភាព និងអនាម័យ ក្នុងចំណោមសហគ្រាស ដែលគម្រោងបានគាំទ្រ និងដើម្បីបង្កើនទំនុកចិត្តអតិថិជន លើផលិតផល និងសេវាកម្ម នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSME) នៅក្នុងស្រុកផងដែរ។
យុទ្ធនាការនេះ បានចាប់ផ្ដើមនៅថ្ងៃទី៤ ខែកក្កដា ដោយមានការធ្វើយុទ្ធ្ធនាការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដែលក្នុងនោះមានវីដេអូផ្សព្វផ្សាយ អំពីសហគ្រាសដែលទទួលបានការគាំទ្រចំនួន១២វីដេអូ រួមជាមួយនឹងវីដេអូព័ត៌មាន និងអប់រំស្ដីពីការអនុវត្តស្ដង់ដារសុវត្ថិភាព និងអនាម័យ ត្រូវបានបង្ហោះ និងផ្សព្វផ្សាយ ទៅកាន់ទស្សនិកជនក្នុងស្រុក នៅលើបណ្ដាញសង្គម។ លើសពីនេះទៅទៀត យុទ្ធនាកានេះ ក៏បានផលិត និងចែកចាយសម្ភារទំនាក់ទំនង ស្ដីពីការលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងអនាម័យ ក៏ដូចជាមានការចុះអនុវត្តសកម្មភាពជាក្រុមតូចៗជាមួយម្ចាស់សហគ្រាស ប្រតិបត្តិករ និងកម្មករ នៅក្នុងសហគ្រាសដែលបានជ្រើសរើស ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាព និងអនាម័យជាលក្ខណៈកម្សាន្ត បែបអប់រំផងដែរ។ ជាសរុបផ្ទាំងបដា ចំនួន១៥៥ ផុសស្ទឺ (Poster) ចំនួន៥៥០ ស្ទីកគ័រ(Sticker) ចំនួន២៧៥០ និងខិត្តប័ណ្ណចំនួន៦០០ ត្រូវបានចែកចាយ ហើយសហគ្រាសចំនួន៣២កន្លែងនៅក្នុងក្រុងភ្នំពេញ និងខេត្តគោលដៅចំនួន៣ទៀត បានចូលរួមអនុវត្តសកម្មភាពក្រុមតូច នៅក្នុងកំឡុងពេលធ្វើយុទ្ធនាការផងដែរ។
យុទ្ធនាការនេះ នឹងបន្តរហូតដល់ថ្ងៃទី១៩ កក្កដា ឆ្នាំ២០២២ ដោយមានការំពឹងទុកថា ប្រជាពលរដ្ឋកម្ពុជា រាប់ពាន់នាក់ នឹងទទួលបានសារស្ដីអំពីសុវត្ថិភាព និងអនាម័យ និងអំពាវនាវឱ្យមានការគាំទ្រ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងនេះ អាចរួមចំណែកដល់ការស្ដារឡើងវិញ នូវសហគ្រាសធុនមីក្រូ តូច និងមធ្យមជាច្រើន ដែលកំពុងតែទទួលបានការគាំទ្រ ពីគម្រោង ក៏ដូចជានាំមកនូវលទ្ធផលវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោង អាហ្វធើ ត្រូវបានឧបត្ថម្ភដោយប្រទេសស្វីស តាមរយៈទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (ហៅកាត់ថា SDC - អេសឌីស៊ី) និង ត្រូវបានអនុវត្តដោយអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (ហៅកាត់ថា UNIDO - យូនីដូ) ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលប្រទេសកម្ពុជា។
អំពីអង្គការយូនីដូ និង គម្រោង អាហ្វធើ អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (ហៅកាត់ថា - យូនីដូ) គឺជាទីភ្នាក់ងារឯកទេស របស់អង្គការសហប្រជាជាតិ ដែលជួយលើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្មដើម្បីសម្រេចបានការកាត់បន្ថយភាពក្រីក្រ សកលភាវូបនីយកម្ម ដែលប្រកបដោយបរិយាប័ន្ន និងនិរន្តភាពបរិស្ថាន។ សម្រាប់ព័ត៌មានបន្ថែម ស្ដីពីអង្គការយូនីដូ សូមចូលទៅកាន់គេហទំព័រ
https://www.unido.org/who-we-are-unido-worldwide-asia-and-pacific-offices/cambodia
គម្រោងការស្ដារសហគ្រាសក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ (ហៅកាត់ថា- អាហ្វធើ) ជាគំនិតផ្ដួចផ្ដើមរបស់អង្គការយូនីដូកម្ពុជា។ គម្រោង អាហ្វធើ មានគោលបំណង បង្កើនភាពធន់ និងការស្តារឱ្យប្រសើរឡើងនូវសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងវិស័យវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ក្នុងបរិការណ៍កូវីដ-១៩។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
កម្មវិធីការស្ដារសហគ្រាសក្នុងវិស័យកសិ-អាហារ និង វិស័យទេសចរណ៍
លោក Rafik FEKI
ប្រធានគម្រោង
អង្គការយូនីដូកម្ពុជា
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com