អន្តរជាតិ
លោក​ វ៉ាង យី៖ អាស៊ីអាគ្នេយ៍ តែងជាអាទិភាពក្នុងគោលនយោបាយការទូតរបស់ចិន
15, Jul 2022 , 6:29 pm        
រូបភាព
ប្រមុខការទូតចិន លោក វ៉ាង យី។ រូបភាព៖ Xinhua
ប្រមុខការទូតចិន លោក វ៉ាង យី។ រូបភាព៖ Xinhua
ប្រមុខការទូតចិន វ៉ាង យី នៅថ្ងៃទី១៤ ខែកក្កដា អះអាងថា អាស៊ីអាគ្នេយ៍តែងជាអាទិភាពនៅក្នុងគោលនយោបាយការទូតប្រទេសជិតខាងរបស់ចិន។ បើតាមលោកវ៉ាង ដែលទើបត្រឡប់ពីទស្សនកិច្ចក្នុងតំបន់អាស៊ាន ខណៈពេលពិភពលោក កំពុងស្ថិតក្នុងភាពជ្រួលច្របល់ វាពិតជាចាំបាច់ណាស់សម្រាប់បណ្តាប្រទេសនៅក្នុងតំបន់មួយនេះរួមគ្នា និងរក្សាជំហរឱ្យរឹងមាំ ដើម្បីថែរក្សាស្ថិរភាព និងការអភិវឌ្ឍ។

 
ក្នុងសន្និសីទសារព័ត៌មាននៅតំបន់ស្វយ័តគ័ងស៊ី   បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅបណ្តាប្រទេសអាស៊ីអាគ្នេណ៍ដែលបានចាប់ផ្តើមឡើងនៅថ្ងៃទី៥ ខែកក្កដា រដ្ឋមន្រ្តីការទូតចិន វ៉ាង យី ចាត់ទុកអាស៊ីអាគ្នេយ៍ជាតំបន់ដ៏សំខាន់មួយសម្រាប់ចិន។ 
 
«អាស៊ីអាគ្នេយ៍ តែងជាអាទិភាពនៅក្នុងគោលនយោបាយការទូតប្រទេសជិតខាងរបស់ចិន»។ លោកវ៉ាង បានសង្កត់ធ្ងន់បែបនេះក្នុងសន្និសីទថ្ងៃទី១៤ ខែកក្កដា។ លោកបន្ថែមថា អំឡុងទស្សនកិច្ចរបស់លោកនៅក្នុងតំបន់នោះ ប្រទេសជាម្ចាស់ផ្ទះ បានប្រារព្ធពិធីប្រមាណ ៦០ ដែលនេះបានបញ្ជាក់ពីទំនាក់ទំនងទ្វេភាគីរវាងចិន និងប្រទេសទាំងនោះ កាន់តែរឹងមាំ និងជួយឱ្យសំឡេងរបស់ចិនកាន់តែត្រូវបានស្តាប់ជាងមុន។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ 
 
ទន្ទឹមនេះ ប្រមុខការទូតចិន បានបន្តថា ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចិនបានផ្តល់វ៉ាងសាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ២០០លានដូស ខណៈទំហំពាណិជ្ជកម្ម បានកើនដល់៣៩៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១។ សមាជិកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មានដូចជា ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែល រដ្ឋមន្រ្តីការបរទេសចិន បានយល់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាការបំពេញបន្ថែមរវាងចិន និងបណ្តាប្រទេសអាស៊ានទាំង៥ នៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងការធ្វើទំនើបកម្មកសិកម្ម។ មិនតែប៉ុណ្ណោះ មន្រ្តីជាន់ខ្ពស់ចិន បានបញ្ជាក់ថា យន្តការមួយនេះ នឹងជួយពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីបន្ថែមទៀតលើវិស័យ ធនធានទឹក សុខភាពសាធារណៈ និងនវានុវត្តន៍ឌីជីថល។ 
 
បន្ថែមពីនេះ លោក វ៉ាង បានអំពាវនាវឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្រ្ត, រក្សាសាមគ្គីភាព ប្រកាន់ជំហរឱ្យមុតមាំ ដើម្បីរួមគ្នាថែរក្សាស្ថិរភាព និងការអភិវឌ្ឍស្របពេលពិភពលោក កំពុងស្ថិតក្នុងភាពជ្រួលច្របល់ និងការផ្លាស់ប្តូរ។ 
 
សម្រាប់ដំណើរទស្សនកិច្ចពេលនេះ លោក វ៉ាង ទៅដល់មីយ៉ាន់ម៉ាដើម្បីចូលរួមកិច្ចប្រជុំមេគង្គ-ឡានឆាង រួចធ្វើទស្សនកិច្ចនៅថៃ មុនបន្តដំណើរទៅប្រជុំរដ្ឋមន្រ្តីការបរទេសប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅឥណ្ឌូណេស៊ី និងបញ្ចប់ដំណើរចុងក្រោយនៅម៉ាឡេស៊ី៕
 

Tag:
 ចិន
  អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com