អន្តរជាតិ
ទស្សនកិច្ចលោក បៃឌិន នៅអារ៉ាប៊ីសាអូឌីត គ្របដណ្ដប់ដោយបញ្ហាសិទ្ធិមនុស្ស និងតម្រូវការថាមពល
16, Jul 2022 , 7:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី១៥ ខែកក្កដា ទៅដល់ទីក្រុង Jeddah ក្នុងដំណើរទស្សនកិច្ចជុំចុងក្រោយនៅមជ្ឈិមបូព៌ា។​ កំណត់ត្រាសិទ្ធិមនុស្សរបស់អារ៉ាប៊ីសាអូឌីត និងតម្រូវការថាមពលរបស់អាម៉េរិក ជាបញ្ហាសំខាន់ក្នុងដំណើរទស្សនកិច្ចរបស់លោក បៃឌិន ។ ទន្ទឹមនឹងការថ្នាក់ថ្នមសម្ព័ន្ធមិត្តដ៏សំខាន់ មេដឹកនាំអាម៉េរិក ក៏មិនបន្ធូរដៃដែរលើបញ្ហាការធ្វើទុក្ខបុកម្នេញអ្នកប្រឆាំងពីសំណាក់រជ្ជទាយាទអារ៉ាប៊ីសាអូឌីតនោះ។

 
ទៅដល់ទីក្រុងមាត់សមុទ្រក្រហម Jeddah ភ្លាម លោកប្រធានាធិបតី ចូ បៃឌិន ជួបជជែកជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ។ ដំណើរទស្សនកិច្ចនេះ ត្រូវមើលឃើញថា ជាការប៉ុនប៉ងស្ដារទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរជាថ្មី បន្ទាប់ពីអាប់អួរដោយសារការធ្វើឃាតអ្នកកាសែត Jamal Khashoggi កាលពីឆ្នាំ២០១៨ ។ លោក បៃឌិន ក៏រងការរិះគន់មិនតិចចំពោះទស្សនកិច្ចពេលនេះ ព្រោះបញ្ហាសិទ្ធិមនុស្សរបស់អារ៉ាប៊ីសាអូឌីត មិនត្រូវបានដោះស្រាយ។
 
យ៉ាងណាមិញ ក្រោយជំនួបនោះ លោក បៃឌិន និយាយជាសាធារណៈថា លោក លើកឡើងពីករណីឃាតកម្មអ្នកកាសែត Khashoggi ក្នុងជំនួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត និងជំហររបស់លោកចំពោះករណីមួយនេះ។ ប្រធានាធិបតីអាម៉េរិក ប្រាប់អ្នកកាសែតថា លោកឱ្យរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ទទួលខុសត្រូវចំពោះការសម្លាប់លោក Khashoggi តែលោកក៏អះអាងថា រជ្ជទាយាទ បានបដិសេធការពាក់ព័ន្ធណាមួយរបស់ទ្រង់។
 
«ខ្ញុំប្រកាន់ជំហរត្រង់ៗក្នុងការជជែកពីបញ្ហានេះ។ ខ្ញុំបញ្ជាក់ច្បាស់ៗពីជំហររបស់ខ្ញុំ។ សម្រាប់ប្រធានាធិបតីអាម៉េរិក ការនៅស្ងៀមលើបញ្ហាសិទ្ធិមនុស្ស មិនសមស្របនឹងជំហរអាម៉េរិក និងខ្ញុំឡើយ។» លោក បៃឌិន បញ្ជាក់បែបនេះ។
 
ទោះទីក្រុងរីយ៉ាដច្រានចោលការពាក់ព័ន្ធរបស់រជ្ជទាយាទ Bin Salman ក្ដី ក្នុងរបាយការណ៍កន្លងមក ចារកិច្ចអាម៉េរិករកឃើញថា ទ្រង់ពិតជាជាប់ទាក់ទងការធ្វើឃាតលោក Khashoggi នៅទឹកដីតួកគីមែន។​ គូដណ្ដឹងលោក Khashoggi វិញ ក៏បានបង្ហោះសារមិនពេញចិត្តចំពោះលោក បៃឌិន ដែរ។​ លោកស្រី Hatice Cengiz ​បានបង្ហោះរូបថតលោក បៃឌិន ក្ដាប់ដៃជល់គ្នាជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ដោយមានសំណេរថា៖ «តើនេះជាគណនេយ្យភាពដែលលោកបានសន្យា? ឈាមជនរងគ្រោះក្រោមស្នាដៃរជ្ជទាយាទ Bin Salman ជាប់ដៃអ្នកហើយ។»។
 
លោក បៃឌិន សោកស្ដាយចំពោះសំណេររបស់គូដណ្ដឹងលោក Khashoggi នេះដែរ។
 
ទោះចេញមុខរិះគន់មេដឹកនាំអារ៉ាប៊ីសាអូឌីតក្ដី លោក បៃឌិន ក៏ព្យាយាមរក្សាទំនាក់ទំនងល្អជាមួយក្រុងរីយ៉ាដដែលជាសម្ព័ន្ធមិត្តដ៏សំខាន់នៅក្នងតំបន់ ជាអ្នកផ្គត់ផ្គង់ប្រេង និងម៉ូយទិញអាវុធផង។ ទីក្រុងវ៉ាស៊ីនតោន ចង់ឱ្យក្រុងរីយ៉ាដ បញ្ចេញប្រេងរបស់ខ្លួនឱ្យបានច្រើន ដើម្បីដោះស្រាយវិបត្តិថាមពលដែលបង្កដោយវិបត្តិអ៊ុយក្រែន ខណៈដែលបញ្ហានេះអាចធ្វើឱ្យបក្សប្រជាធិបតេយ្យបាត់សន្លឹកឆ្នោតក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិខែវិច្ឆិកាខាងមុខ៕
 
 
 
 
 
 

Tag:
 អាម៉េរិក
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com